(បរទេស)៖ ត្រីបាឡែនខៀវគឺជាសត្វដែលមានទំហំធំជាងគេបំផុត ជាមួយទម្ងន់ប្រហែល១៨០តោន និងមានប្រវែងខ្លួនរហូតដល់៣០ម៉ែត្រឯណោះ។ ត្រឹមតែអណ្តាតរបស់ពពួកត្រីនេះ អាចមានទម្ងន់ស្មើទៅនឹងសត្វដំរីមួយក្បាលទៅហើយ ចំណែកឯបេះដូងរបស់វាវិញគឺធ្ងន់ស្មើរថយន្តមួយគ្រឿង។ ប៉ុន្តែសត្វត្រីបាឡែនខៀវរស់នៅដោយពឹងផ្អែកលើពពួកប្លង់តុងតូចៗ ដើម្បីធ្វើជាចំណីរបស់វាប៉ុណ្ណោះ។
សត្វត្រីដ៏ធំក្នុងសមុទ្រនេះស៉ីសត្វដ៏តូចៗ ជាពិសេសពពួកប្លង់តុងដែលមានរូបរាងដូចសត្វបង្គារហៅថា «ក្រៀល (Krill)»។ ត្រីបាឡែនខៀវមួយក្បាល អាចស៉ីសត្វក្រៀលបានចំនួន ៣៦,០០០គីឡូក្រាមក្នុងមួយថ្ងៃ។ បាឡែនខៀវអាចហែលក្នុងល្បឿនចន្លោះពី ៨-៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពួកវាភាគច្រើនតែងស្វែងរកចំណីរបស់ខ្លួន តាមរយៈការមុជចូលទៅដល់ជម្រៅប្រហែលជាង៥០០ម៉ែត្រ។
ត្រីបាឡែនខៀវមិនសូវមានសត្រូវច្រើននោះទេ ប៉ុន្តែគេដឹងថាពួកវាពេលខ្លះរងការវាយប្រហារដោយត្រីឆ្លាម និងត្រីបាឡែនពិឃាត (Killer Whale) ហើយជាច្រើនក្បាលបានរងរបួសឬក៏ងាប់ជារៀងរាល់ឆ្នាំ ដោយសារតែត្រូវកប៉ាល់ធំៗបុក។
* លក្ខណៈត្រីបាឡែនខៀវ
នៅក្នុងមាត់របស់ត្រីបាឡែនខៀវ មានសរសៃវែងៗដែលដើរតួនាទីជាឧបករណ៍សម្រាប់ចម្រោះយកប្រភពអាហារចម្បងរបស់វាគឺពពួកប្លង់តុងពីទឹក។ ពួកវាអាចផ្ទុកប្លង់តុងនិងទឹកបានទម្ងន់ ៥,០០០គីឡូក្រាមក្នុងមាត់មួយលើកៗ។ បើទោះបីត្រីបាឡែនខៀវជាសត្វប្រមាញ់ចំណីអាហារ នៅទឹកជ្រៅក៏ដោយ ពួកវាត្រូវតែងើបឡើងមកលើផ្ទៃសមុទ្រដើម្បីដកដង្ហើមជានិច្ច ដោយសារជាថនិកសត្វ។
នៅពេលលេចចេញមកលើផ្ទៃទឹក ត្រីបាឡែនខៀវបញ្ចេញខ្យល់ដង្ហើមរបស់វាតាមប្រហោងមួយ ដែលខ្យល់នោះត្រូវបានជះឡើងទៅលើ ដែលអាចមានកម្ពស់រហូតដល់៩ម៉ែត្រ។ ត្រីបាឡែនខៀវញីផ្តល់កំណើតកូនរៀងរាល់៣ឆ្នាំម្តង ហើយជាធម្មតាបាឡែនញីមួយបង្កើតកូនត្រឹមតែ មួយក្បាលប៉ុណ្ណោះ។
កូនត្រីបាឡែនខៀវ ពេលកើតមកអាចមានទម្ងន់រហូតដល់៣តោន និងមានប្រវែង៨ម៉ែត្រ។ បាឡែនខៀវដែលទើបនឹងកើត តែងត្រូវមេរបស់វា ជួយនាំឡើងទៅលើផ្ទៃទឹកដើម្បីដកដង្ហើមជាលើកដំបូង។ កូនត្រីបាឡែនខៀវផឹកទឹកដោះច្រើន ៦០០លីត្រក្នុងមួយថ្ងៃ ហើយកើនទម្ងន់ខ្ទង់ ៩០គីឡូក្រាមជារៀងរាល់ថ្ងៃ សម្រាប់មួយឆ្នាំដំបូងរបស់វា។
ត្រីបាឡែនខៀវជួនកាលហែលជាក្រុមតូចៗ ប៉ុន្តែភាគច្រើនពួកវាធ្វើដំណើរតែឯងៗឬជាគូៗ។ ពួកវាធ្វើការទាក់ទងគ្នាដោយប្រើប្រាស់រលក សំឡេងផ្សេងៗ ខណៈក្នុងស្ថានភាពល្អធម្មតា ត្រីបាឡែនខៀវអាចស្តាប់លឺគ្នានៅចម្ងាយរហូតដល់១,៦០០គីឡូម៉ែត្រ។
* ស្ថានភាពអភិរក្សសត្វត្រីបាឡែនខៀវ
សកម្មភាពនេសាទយ៉ាងសកម្មជាទីបំផុត នាកំឡុងទសវត្សរ៍ឆ្នាំ១៩០០ ពីសំណាក់ក្រុមអ្នកប្រមាញ់តី្របាឡែនដែលចង់បានប្រេងរបស់ពួកវា បានបណ្តាលឲ្យត្រីបាឡែនខៀវស្ទើរតែផុតពូជបាត់ពីផែនដី ខណៈសត្វត្រីបាឡែនដល់ទៅរាប់សែនក្បាលត្រូវបានសម្លាប់។ ទីបំផុតនៅឆ្នាំ១៩៦៦ គណៈកម្មការគ្រប់គ្រងការនេសាទត្រីបាឡែនអន្តរជាតិ ក៏បានផ្តល់ការការពារចំពោះពួកត្រីបាឡែនខៀវ។
ទោះជាបែបនេះក៏ដោយ ចំនួនរបស់ពួកវាបានត្រឹមងើបឡើងវិញតិចតួចប៉ុណ្ណោះ ចាប់តាំងពីពេលនោះមក។ បច្ចុប្បន្នត្រីបាឡែនខៀវ ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សពិភពលោក (IUCN)។ យោងតាមការប៉ាន់ស្មាន គិតត្រឹមសព្វថ្ងៃនេះ មានត្រីបាឡែនខៀវចំនួនត្រឹមតែចន្លោះពី ១០,០០០-២៥,០០០ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងមហាសមុទ្ររបស់ផែនដី៕