(បរទេស)៖ មានបុព្វហេតុជាច្រើនដែលជំរុញឱ្យក្រុមហ៊ុន Apple របស់លោក Steve Jobs បង្កើតទូរស័ព្ទ iPhone ឡើងសម្រាប់ឱ្យប្រជាជននៅលើសកលលោក បានប្រើប្រាស់រហូតមកដល់សព្វថ្ងៃ ប៉ុន្តែទ្រឹស្តីរបស់ព្រះពុទ្ធសាសនាក៏ត្រូវបានគេកត់សម្គាល់ឃើញថាក៏ជាបុព្វហេតុប្រយោលមួយ ដែលនាំឱ្យមានផលិតផល iPhone និង iPad ដ៏ទំនើបនេះផងដែរ។
ដំណើររឿងនៃជីវិតជោគជ័យរបស់លោក Steve Jobs ជាមួយក្រុមហ៊ុន Apple គឺមិនងាយនឹងរៀបរាប់ឱ្យលម្អិតនោះឡើយ ប៉ុន្តែនៅពេលនេះ Fresh News Plus សូមលើកបង្ហាញពីដើមចមមួយចំនួនតូចដែលនាំឲ្យលោក Steve Jobs ស្វែងយល់ពីសាសនាព្រះពុទ្ធ នៅប្រទេសឥណ្ឌា។
អ្នកណាក៏ដឹងហើយថា ក្រុមហ៊ុន Apple គឺបង្កើតឡើងដោយ Steve Jobs ប៉ុន្តែទោះជាយ៉ាងនេះក្ដីក៏ស្ថាបនិករូបនេះ នៅតែត្រូវគេបណ្ដេញចេញពីក្រុមហ៊ុន Apple របស់ខ្លួន ក្រោមមូលហេតុមួយចំនួនក្នុងចំណោមនោះ ក៏ដោយសារលោកមានអត្តចរិតរឹងរួស មានះណាស់ អាត្មានិយម ចង្អៀតចង្អល់ណាស់ ពោលគឺមិនស្តាប់យោបល់អ្នកណាទាំងអស់ យល់ថាខ្លួនខ្លាំង និងគិតគូរអ្វីៗសុទ្ធតែត្រូវរហូត។
យោងតាមសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs បានឲ្យដឹងថា នៅចុងទសវត្សឆ្នាំ ១៩៦០ លោក Steve Jobs ដែលជាមនុស្សចង់ដឹងចង់ឮ បានសាកល្បងប្រើប្រាស់ថ្នាំ មមើមមាយម្យ៉ាងឈ្មោះ (LSD) ហើយក្រោយមកគាត់បានយល់ឃើញថា ញ្ញាណនៃការច្នៃប្រឌិត និងការផ្ដោតអារម្មណ៍លើការងារ គឺបានមកពីការប្រើប្រាស់ថ្នាំ LSD នេះឯង។
នៅឆ្នាំ១៩៧២ លោក Steve Jobs បានចូលរៀននៅសាលាសិល្បៈទូទៅ ហើយក៏ជាពេលដែលគាត់ចាប់ផ្ដើមធ្វើសមាធិ តែនៅបន្តប្រើថ្នាំ LSD ដដែល។ គាត់បានយល់ឃើញថា ការសមាធិបានធ្វើឲ្យអារម្មណ៍គាត់ជួបនូវរូបភាពប្លែកៗ (វាលអរូបិយបង្កើតការពិត) ដែលមិនធ្លាប់ឃើញពីមុន ជាពិសេសគាត់បានយល់ថា «ការបង្កើតអ្វីដែលអស្ចារ្យ» គឺសំខាន់ជាងអ្វីៗទាំងអស់។
ដើម្បីស្វែងយល់ពីបញ្ហាចំណងទាក់ទងនៃការស្រមើស្រមៃ ឬមមើមមាយឲ្យកាន់តែច្បាស់ នៅពេលគាត់ទៅដល់ប្រទេសឥណ្ឌា ឆ្នាំ១៩៧៤ លោក Steve Jobs បានចាប់ផ្ដើមស្វែងរកយល់ពីលទ្ធិហ្សិន (Zen) របស់ព្រះពុទ្ធសាសនា (Zen ជាសាលានៃព្រះពុទ្ធសាសនាមហាយាន មានប្រភពដើមនៅក្នុងប្រទេសចិនក្នុងរាជវង្សថាង)។ ព្រះធម៌របស់សាសនាព្រះពុទ្ធ និងការតាំងសមាធិ ត្រូវបានលោក Steven Job សិក្សាស្វែងយល់នៅក្នុងប្រទេសឥណ្ឌា ខណៈដែលលោកក៏មានមិត្តភក្តិម្នាក់នៅប្រទេសនោះដែរ។
អស់រយៈពេលប្រមាណ៧ខែ ដែលគាត់ស្នាក់នៅក្នុងប្រទេសឥណ្ឌា គាត់បានយល់ដឹងច្រើនពីការតាំងសមាធិ យល់ដឹងច្រើនអំពីព្រះធម៌សាសនាព្រះពុទ្ធ ជាពិសេសសាសនាព្រះពុទ្ធនេះហើយ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃបុគ្គលិកលក្ខណៈរបស់ Steve Jobs ព្រោះវាបាននាំគាត់ឲ្យស្គាល់ និងដឹងអំពីអំណាចនៃញាណផ្លូវចិត្ត។
អ្វីដែលអស្ចារ្យជាងនេះគឺ Steve Jobs បានកែប្រែអត្តចរិតពីមនុស្សអាត្មានិយម រឹងរួស មានះ មកជាមនុស្សដែលប្រកបដោយតម្លាភាព មិនរឹងរួសចង្អៀតចង្អល់ដូចពីមុននោះឡើយ រហូតពេលត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ ក៏បើកក្រុមហ៊ុនថ្មីឈ្មោះ NeXT និង Pixar Animation Studios ទទួលបានជោគជ័យ ហើយទីបំផុតក៏ត្រូវបានក្រុមហ៊ុន Apple អញ្ជើញលោកឲ្យទៅដឹកនាំក្រុមហ៊ុនវិញ ក្រោយពីបណ្ដេញចេញអស់ជាច្រើនឆ្នាំ។
ប្រការនេះបានទាញហេតុផលឱ្យយើងដឹងមួយផ្នែកទៀតថា វិស័យព្រះពុទ្ធសាសនាក៏ជាបុព្វហេតុប្រយោលមួយ ដែលនាំឱ្យលោក Steve Jobs មានឱកាសចូលទៅដឹកនាំក្រុមហ៊ុន Apple និងឈានទៅរកការបង្កើត iPhone និង iPad សម្រាប់ឱ្យមនុស្សលោកប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ននេះ៕