(បរទេស)៖ មនុស្សយើងបានចាប់ផ្តើមការកត់ត្រាអំពីហេតុការណ៍គ្រោះរញ្ជួយដី អស់រយៈពេលជិត៤,០០០ឆ្នាំមកហើយ។ ក្នុងចំណោមព្រឹត្តិការណ៍ ដែលគេបានដឹង រញ្ជួយផែនដីដែលបានឆក់យកជីវិតមនុស្សអស់ច្រើនបំផុត គឺបានកើតឡើងក្នុងប្រទេសចិននៅឆ្នាំ១៥៥៦។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំនោះ គ្រោះរញ្ជួយផែនដីដ៏ខ្លាំងក្លាមួយ បានអង្រួនខេត្ត Shaanxi ព្រមទាំងខេត្ត Shanxi ដែលនៅជាប់គ្នា។ ជាលទ្ធផលមនុស្ស រហូតដល់ ៨៣០,០០០នាក់ ត្រូវគេប៉ាន់ប្រមាណថា បានបាត់បង់ជីវិត។
ព្រឹត្តិការណ៌ខាងលើ ត្រូវបានគេឲ្យឈ្មោះនៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្តថា ជាមហាគ្រោះរញ្ជួយផែនដីជាជីង (Jiajing) ដ៏មហិមា ពីព្រោះ វាបានកើតឡើងកំឡុងសម័យព្រះចៅអធិរាជចិន «ជាជីង» នៃរាជវង្សម៉េង (Ming Dynasty)។ តួលេខអ្នកបាត់បង់ជីវិតយ៉ាងច្រើនសម្បើមបែបនេះ គឺបានមកពីកំណត់ត្រានាសម័យកាលនោះ ដែលបានកត់ត្រានូវគ្រោះរញ្ជួយដីចំនួន២៦ផ្សេងទៀត នៅក្នុងតំបន់ផងដែរ ។
យោងទៅតាមការពិពណ៌នានៅក្នុងកំណត់ត្រាទាំងនោះ គ្រោះរញ្ជួយដី Jiajing ហាក់មានភាពខុសប្លែកស្រឡះពីគ្រោះរញ្ជួយដីដទៃទៀត។ ក្នុងកំណត់ត្រាបានអះអាងអំពីភ្នំដែលបាក់ស្រុត ទឹកជំនន់ និងភ្លើងដែលឆាបឆេះរាប់ថ្ងៃ ខណៈទេសភាពវិញគឺត្រូវបានប្រែប្រួលជាខ្លាំង។ កំណត់ត្រាដដែលបានប៉ាន់ស្មានថា តំបន់មួយចំនួនទំនងជាបានបាត់បង់ប្រជាជនរបស់ខ្លួន រហូតដល់ប្រមាណ ៦០ភាគរយឯណោះ។
បើទោះបីជាយើងមិនអាចប្រាកដមួយរយភាគរយ ថាតួលេខប៉ាន់ស្មាននោះត្រឹមត្រូវកម្រិតណាក៏ដោយក្តី គ្រោះរញ្ជួយដី Jiajing នៅតែអាចចាត់ទុកជា ហេតុការណ៍រញ្ជួយផែនដី ដែលសម្លាប់ជីវិតមនុស្សច្រើនជាងពេលណាៗទាំងអស់ គិតរហូតមកទល់សព្វថ្ងៃនេះ ដោយសារតែ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវា គឺខ្ពស់ដាច់ឆ្ងាយជាងហេតុការណ៍គ្រោះមហន្តរាយដទៃៗទៀត មិនថាតែរញ្ជួយផែនដីទេ។
គ្រោះមហន្តរាយដែលបានផ្តាច់ជីវិតមនុស្សក្នុងចំនួន ដែលអាចប្រៀបធៀបជាមួយគ្រោះរញ្ជួយដី Jiajing បាន គឺហេតុការណ៍រញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ នៅឯមហាសមុទ្រឥណ្ឌា។ វាបានសម្លាប់មនុស្សខ្ទង់ ២៣០,០០០នាក់ នៅឥណ្ឌូណេស៉ី ថៃ ស្រីលង្កា ឥណ្ឌា និងប្រទេសមួយចំនួនទៀត ដែល បានទទួលរងឥទ្ធិពលរបស់វា។
បន្ទាប់ពីខ្នាតរ៉ិចទ័រ (Richter) ត្រូវបានបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ១៩៣០ ក្រុមអ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា គ្រោះរញ្ជួយដី Jiajing ប្រហែលជាមានកម្លាំង៨.០-៨.៣រ៉ិចទ័រ។ ខណៈវាមិនមែនជាកម្រិតខ្លាំងជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តក៏ដោយ ប៉ុន្តែច្បាស់ណាស់ថាវាជាកម្រិត ដ៏ខ្លាំងសម្បើមមួយ។
គ្រោះរញ្ជួយផែនដី ដែលមានឥទ្ធិពលខ្លាំងខ្លាបំផុតវិញនោះគឺ រញ្ជួយដី Valdivia នៅប្រទេសឈីលី ឆ្នាំ១៩៦០ ដែលមានកម្រិត៩.៥រ៉ិចទ័រ។ ហេតុការណ៍នោះ បានបង្កើតឲ្យមានរលកយក្សស៊ូណាមិផងដែរ ហើយគ្រោះមហន្តរាយទាំងពីរ បានផ្តាច់ជីវិតមនុស្សអស់ប្រមាណ ៥,៧០០នាក់ ។ ចំណែកគ្រោះរញ្ជួយដី ដែលបង្កឲ្យមានរលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា កាលពីឆ្នាំ២០០៤ មានកម្រិត៩.៣រ៉ិចទ័រ។
ដូច្នេះហើយ ប្រសិនបើគ្រោះរញ្ជួយដី Jiajing មិនមែនជារញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តទេនោះ តើហេតុអ្វីដែលជាវាបណ្តាលឲ្យមនុស្ស ស្លាប់ច្រើនបែបនេះទៅវិញ។ មូលហេតុគឺទំនងជាដោយសារកត្តារួមផ្សំគ្នា រវាងសហគមន៍ដែលមានមនុស្សរស់នៅប្រមូលផ្តុំគ្នាកកកុញ និង សំណង់អគារថ្ម ដែលសាងសង់ឡើងដោយខ្វះបច្ចេកទេស ហើយពុំសូវមានភាពរឹងមាំ។ យោងតាមកំណត់ត្រា ក្រោយរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏សែនអាក្រក់នោះ ប្រជាជនចិននៅខេត្ត Shannxi និង Shanxi នាំគ្នាព្យាយាមប្រើឬស្សីនិងឈើ ដើម្បីយកទៅសាងសង់វិញ ព្រោះនៅពេលមានរញ្ជួយដី វានឹងមិនសូវបង្កគ្រោះថ្នាក់ខ្លាំងដូចជាសំណង់ធ្វើពីថ្ម៕