(ពិភពលោក)៖ លោក ដូណាល់ ត្រាំ (Donald Trump) បានក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ កាលពីដើមឆ្នាំ២០១៧ ហើយគាត់គឺជាមនុស្សតែម្នាក់គត់ ដែលបានក្លាយជាប្រធានាធិបតី ក្នុងពេលខ្លួនគឺជាមហាសេដ្ឋី។ តើប្រធានាធិបតីរូបនេះ មានទម្លាប់ប្រចាំថ្ងៃបែបណា?
ថ្ងៃនេះ Fresh News Plus សូមចែករំលែកពីទម្លាប់ប្រចាំថ្ងៃ របស់ប្រធានាធិបតីមហាសេដ្ឋីរូបនេះដូចតទៅ៖
ត្រាំ ក្រោកពីដំណេកនៅម៉ោង ៥៖៣០នាទីព្រឹក ហើយពេលខ្លះនិយាយទូរស័ព្ទអំឡុងម៉ោង ៦៖០០ព្រឹក។ បើតាមសារព័ត៌មាន CNN បានឲ្យដឹងថា ត្រាំ មិនហូបកាហ្វេ ដើម្បីឲ្យស្វាងពីភាពងងុយដេកទេ។ ត្រាំ ទទួលទានដំណេកតែ ៣ ទៅ៤ម៉ោងតែប៉ុណ្ណោះក្នុងមួយយប់ ហើយនេះជាវិធីសាស្ត្រមួយ ដែលគាត់ធ្លាប់និយាយថា ធ្វើឲ្យគាត់ក្លាយជាមនុស្សជោគជ័យ។
គាត់ធ្លាប់ដាក់សំណួរថា «តើឲ្យយកមនុស្សដែលគេងចាប់ពី ១២ទៅ១៤ម៉ោង ក្នុងមួយថ្ងៃ មកប្រៀបធៀបជាមួយនឹងមនុស្សដែលគេងតែ ៣ទៅ៤ម៉ោង (ដូចខ្ញុំ) យ៉ាងម៉េច»?
បណ្តាញសារព័ត៌មានល្បីៗនានា បានផ្សាយពីសម្តីអ្នកវិទ្យាសាស្ត្រ ដែលនិយាយយ៉ាងដូច្នេះ «គេមិនច្បាស់ថា តើត្រាំគឺជាផ្នែកមួយក្នុងចំណោម ១ភាគរយ នៃមនុស្សដែលត្រូវការទទួលទានដំណេកតិច ឬអត់ទេ។ ប៉ុន្តែបើតាមអ្នកឯកទេសផ្នែកសុខភាព ជាទូទៅពួកគេណែនាំឲ្យមនុស្សទទួលទានដំណេកយ៉ាងហោចណាស់ ៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ»។
ត្រាំ មិនសូវទទួលទានអាហារពេលព្រឹកទេ ព្រោះនេះមិនមែនជាទម្លាប់គាត់ឡើយ ប៉ុន្តែនៅពេលណាគាត់នឹកឃើញចង់ហូប គាត់ក៏ហូបពេលណាមិនចង់ហូបក៏អត់បាន ដោយគ្មានបញ្ហាអ្វីឡើយ។ បើសិនជាគាត់ហូបវិញនោះ អាហារពេលព្រឹកនោះភាគច្រើនមានសាច់ជ្រូក ៣ជាន់ និងស៊ុតចៀន។
ត្រាំ ធ្លាប់ប្រាប់អ្នករាយការណ៍ព័ត៌មាន គឺលោក Jesse Watters កាលពីឆ្នាំ២០១៦ថា «ខ្ញុំនឹងហូបអាហារពេលថ្ងៃ ប៉ុន្តែអាហារដែលខ្ញុំហូបច្រើននោះគឺពេលល្ងាច»។
ទោះបីជាមន្ត្រីអាមេរិកមិនចង់ឲ្យ ត្រាំ ទំនេរច្រើនពេកក៏ដោយ ក៏ជាទូទៅប្រធានាធិបតីរូបនេះ ចាយពេលវេលាអំឡុងពេលព្រឹកនោះដោយទម្លាក់សារជាច្រើន (Tweet) លើ Tweeter ខណៈពេលដែលលោកកំពុងមើល Fox News មុនពេលចាប់ផ្តើមការងារប្រចាំថ្ងៃ។
កាលពីមុន ត្រាំ ធ្លាប់មានបញ្ហាដោយសារទម្លាប់ ដែលមិនខ្វាយខ្វល់ នឹងការសរសេររបាយការណ៍ប្រចាំថ្ងៃរបស់ប្រធានាធិបតី ដែលស្គាល់ជាទូទៅថា President's Daily Brief។ តាមពិតទៅ ត្រាំ ចូលចិត្តការនិយាយផ្ទាល់មាត់ជាងការសរសេរ។
ការទទួលទានអាហារជាមួយមន្ត្រី ស្ទើរតែជាទម្លាប់របស់ ត្រាំ ទៅហើយ ប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេ។ ជាទូទៅ ត្រាំ ទទួលអាហារពេលល្ងាចនៅសេតវិមាន ជាមួយនឹងភ្ញៀវដែលគាត់ជ្រើសរើស ហើយពេលខ្លះសេតវិមាន បិទទ្វារនៅម៉ោង ៦៖៣០ល្ងាច ដោយសារគាត់ជាប់ទទួលទានអាហារ។
ត្រាំ ធ្លាប់ប្រាប់មិត្តភក្តិគាត់ បន្ទាប់ពីឡើងកាន់តំណែងថា «ខ្ញុំអាចអញ្ជើញភ្ញៀវមកទទួលទានអាហារពេលល្ងាចជាមួយគ្នា ហើយពួកគេតែងតែមក»។
អាហារពេលល្ងាច ដែល ត្រាំ ចូលចិត្តបំផុតនោះ រួមមានសាច់គោដែលចម្អិនឆ្អិនល្អ, នំប៉័ងមូលធំៗមានសាច់ (Meatloaf) និងទឹកក្រូចកូកាប្រភេទ Diet Coke។ ត្រាំ ចូលចិត្តហូបនំផៃ (Pie) ជាមួយនឹងការ៉េមចំនួន ២ស្លាព្រា ធ្វើជាបង្អែមលាងមាត់ ខណៈអ្នកផ្សេងវិញចូលចិត្តហូបនំផៃជាមួយនឹងការ៉េមតែ១ស្លាបព្រាប៉ុណ្ណោះ។
ខាងលើនេះ ជាទម្លាប់ប្រចាំថ្ងៃរបស់ ត្រាំ ប៉ុន្តែសូមជម្រាបថា នៅចុងសប្តាហ៍ គាត់ធ្វើដំណើរចេញពីរដ្ឋធានីចម្ងាយ ២៥ម៉ាយ ដើម្បីទៅវាយកូនហ្គោលនៅឯក្លឹបរបស់គាត់ នៅឯ Virginia ដែលស្ថិតនៅភាគខាងកើតអាមេរិក៕
ប្រភព៖ Business Insider
ត្រាំ នៅក្នុងសេតវិមាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧
ត្រាំ ហូបអាហារពេលល្ងាចជាមួយមន្ត្រី នៅឯសេតវិមាន
ត្រាំ កំពុងហូបសាច់គោ ថ្ងៃសម្ពោធហាងគាត់ឈ្មោះ Trump Steaks
ត្រាំ វាយកូនហ្គោលនៅថ្ងៃចុងសប្តាហ៍ ឯក្លឹបរបស់គាត់
សាច់ជ្រូក៣ជាន់ និងស៊ុតចៀន គឺជាអាហារពេលព្រឹកដែលត្រាំចូលចិត្ត
ត្រាំចូលចិត្តទម្លាក់សារលើ Tweeter ខណៈកំពុងមើល Fox News