(បរទេស)៖ រង្វាន់ណូបែល (The Nobel Prize) គឺជាសំណុំពានរង្វាន់អន្តរជាតិ ដែលត្រូវរៀបចំឡើងដោយស្ថាប័ននៅស៊ុយអែតនិងន័រវែស។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដោយសារបណ្តាំរបស់លោក Alfred Nobel ដែលជាគីមីវិទូ វិស្វករ ឧស្សាហករជនជាតិស៊ុយអែតម្នាក់។
លោក Alfred Bernhard Nobel កើតនៅទីក្រុង Stockholm ក្នុងឆ្នាំ១៨៣៣ ហើយ៤ឆ្នាំក្រោយមក ក្រុមគ្រួសារលោក បានផ្លាស់ទៅរស់នៅ ប្រទេសរុស្ស៊ី។ ឪពុកលោកបានបើករោងចក្រមួយនៅទីក្រុង St. Petersburg ដែលផលិតគ្រឿងផ្ទុះ និងបរិក្ខាយោធាដទៃទៀត ហើយទទួលបានជោគជ័យគួរសម។ លោក Nobel ទទួលបានការអប់រំនៅរុស្ស៊ី ព្រមទាំងនៅបារាំង និងសហរដ្ឋអាមេរិក ហើយលោកបានក្លាយជាជាអ្នកគីមីវិទ្យាដ៏ពូកែម្នាក់។
នៅពេលជំនួញរបស់ឪពុកលោកជួបវិបត្តិ បន្ទាប់ពីសង្រ្គាមតំបន់គ្រីមៀ (Crimean War) បានបញ្ចប់ទៅ លោក Nobel និងគ្រួសារ បានត្រឡប់ទៅ ស៊ុយអែតវិញ ហើយលោកក៏បានបង្កើតកន្លែងពិសោធន៍ ដើម្បីពិសោធន៍ជាមួយសារធាតុផ្ទុះ។ នៅក្នុងឆ្នាំ១៨៦៤ ការផ្ទុះរោងចក្រមួយកន្លែងរបស់លោក បានសម្លាប់បងប្អូនប្រុសលោកម្នាក់ និងមនុស្សមួយចំនួនទៀត។
នៅឆ្នាំ១៨៦៧ លោក Nobel ក៏បង្កើតបានគ្រឿងផ្ទុះមួយប្រភេទដែលលោកហៅថា «ឌីណាម៉ៃ (Dynamite)»។ ចាប់ពីពេលនោះមក លោក Nobel ក៏រកប្រាក់ចំណូលបានច្រើន ខណៈគ្រប់គ្នាបានយករបកគំហើញរបស់លោក ទៅប្រើប្រាស់ក្នុងវិស័យសំណង់ និងនៅក្នុងសមរភូមិ។ ក្រោយមកលោក Nobel ក៏បានបង្កើតគ្រឿងផ្ទុះជាច្រើនប្រភេទផ្សេងទៀត។
ខណៈមនុស្សមួយចំនួនហៅលោកថា «ឈ្មួញនៃសេចក្តីស្លាប់» ដោយសារតែការបង្កើតគ្រឿងផ្ទុះទាំងអស់នេះ តាមពិតទៅ លោក Nobel ជាបុគ្គលដែលមាននិន្នាការសន្តិភាពនិយម ហើយក្រោយមកលោកក៏បានចាប់ផ្តើមព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ នៃរបកគំហើញរបស់លោកទៅលើពិភពលោកផងដែរ។
បន្ទាប់ពីទទួលមរណភាពនៅទីក្រុង San Remo របស់អ៉ីតាលី នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨៩៦ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Nobel ត្រូវបានយកទៅបង្កើតជាកម្មវិធីពានរង្វាន់ ដែលត្រូវផ្តល់ជារៀងរាល់ឆ្នាំទៅលើផ្នែករូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ វេជ្ជសាស្រ្ត និងសន្តិភាព តាមពាក្យបណ្តាំរបស់លោក។ នៅក្នុងបណ្តាំ លោក Nobel បានបញ្ជាក់ថា ការធ្វើបែបនេះគឺលោកចង់លើកទឹកចិត្តដល់បុគ្គលឆ្នើមៗនៅក្នុងផ្នែកទាំងនេះ ដែលបង្កើតរបកគំហើញ អាចយកទៅបម្រើជាប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល និងដើម្បីលើកកម្ពស់សន្តិភាព។ រយៈពេល៥ឆ្នាំគត់ ក្រោយមរណភាពរបស់លោក Nobel ការប្រគល់ពានរង្វាន់ណូបែលដំបូង ក៏ត្រូវបានប្រារព្ធឡើង។
ការប្រគល់ពានរង្វាន់ណូបែលលើកដំបូងបំផុត ត្រូវបានរៀបចំឡើងនៅ ទីក្រុង Stockholm របស់ស៊ុយអែត ដែលជាកន្លែងកំណើតរបស់លោក Nobel សម្រាប់ផ្នែករូបវិទ្យា គីមីវិទ្យា វេជ្ជសាស្ត្រ អក្សរសាស្ត្រ និងសន្តិភាព។ ពិធីនេះត្រូវបានប្រារព្ធឡើងចំខួប៥ឆ្នាំ នៃមរណភាពរបស់លោក Alfred Nobel។
ម្ចាស់ជ័យលាភីណូបែល ដែលល្បីៗរួមមានដូចជា ប្រធានាធិបតីអាមេរិកទី២៦ លោក សៀឌ័រ រូស្វ៊ែល (Theodore Roosevelt), អ្នកប្រាជ្ញរូបវិទ្យា អាល់បឺត អាញស្តាញ (Albert Einstein), អ្នកនិពន្ធល្ខោន ចច បឺណាដ ស (George Bernard Shaw), អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស វិនស្តុន ឆឺឈាល (Winston Churchill), អ្នកកាសែត អឺនណេស ហេមីងវេ (Ernest Hemingway), សកម្មជនតស៊ូរកសិទ្ធិសេរីភាព ម៉ាទីន លូសឺឃីង ជូនៀ (Martin Luther King, Jr.), សម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា (Dalai Lama), អតីតនាយករដ្ឋមន្រ្តីសហភាពសូវៀត មីកាល់ ហ្គូបាឆេវ (Mikhail Gorbachev), អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង ណែលស៊ុល មែនឌេឡា (Nelson Mandela) និងប្រធានាធិបតីអាមេរិកទី៤៤ បារ៉ាក់ អូបាម៉ា (Barack Obama)។
ពេលខ្លះមេដឹកនាំ និងអង្គការជាច្រើន ទទួលបានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ខណៈក្រុមអ្នកស្រាវជ្រាវជាច្រើនជារឿយៗ ទទួលបានរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្ររួមគ្នា សម្រាប់របកគំហើញរួមរបស់ពួកគេ។ នៅឆ្នាំ១៩៦៨ រង្វាន់ណូបែលមួយផ្នែកផ្សេងទៀត ទាក់ទងនឹងផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងដោយធនាគារជាតិស៊ុយអែត ហើយវាត្រូវបានប្រគល់ជូនដល់ម្ចាស់ជ័យលាភីដំបូង នៅឆ្នាំ១៩៦៩។
គួរជម្រាបថា រាជបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសស៊ុយអែត ជាអ្នកសម្រេចទៅលើការប្រគល់រង្វាន់ណូបែល ផ្នែករូបវិទ្យា គីមីវិទ្យា និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ចំណែក វិទ្យាស្ថានវេជ្ជសាស្រ្តស៊ុយអែត Swedish Royal Caroline Medico-Surgical Institute ជាអ្នកកំណត់ លើការប្រគល់ពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ ឬសរីរវិទ្យា។
រីឯបណ្ឌិត្យសភាស៊ុយអែត ជ្រើសរើសម្ចាស់ជ័យលាភីផ្នែកអក្សរសាស្ត្រ ហើយគណៈកម្មាធិការមួយដែលត្រូវបានជ្រើសតាំងដោយសភាជាតិ ប្រទេសន័រវែស គឺជាអ្នកសម្រេចលើផ្តល់រង្វាន់ណូបែលសន្តិភាព។ ពិធីផ្តល់ពានរង្វាន់ណូបែល នៅតែត្រូវធ្វើឡើងជារៀងរាល់ឆ្នាំជាប់រហូត ដដែល គឺនៅថ្ងៃទី១០ ខែធ្នូ ដែលជាខួបមរណភាពរបស់លោក Nobel។ ពានរង្វាន់ណូបែលនីមួយៗ ភ្ជាប់ជាមួយនូវរង្វាន់ជាសាច់ប្រាក់ជិត១.៤លានដុល្លារ ហើយម្ចាស់ជ័យលាភីក៏ទទួលបានមេដាយមាស ដែលមានឆ្លាក់រូបលោក Nobel នៅលើនោះផងដែរ៕