(បរទេស)៖ នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានការកំណត់នូវនីតិវិធីនៃការស្នងអំណាច និងកាតព្វកិច្ចរបស់ប្រធានាធិបតី ក្នុងករណីអាសន្ន ដែលប្រធានាធិបតីមិនអាចបំពេញភារកិច្ចបាន បាត់បង់ជីវិត លាលែងពីតំណែង ឬក៏ត្រូវគេបោះឆ្នោតទម្លាក់ពីអំណាច។ ការកំណត់បែបនេះ គឺជារឿងដ៏ចាំបាច់បំផុតមួយផងដែរ ដើម្បីធានាថាអាមេរិកនៅតែអាចមានមេដឹកនាំជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។

យោងតាមច្បាប់ស្តីពីការបន្តវេនប្រធានាធិបតីអាមេរិក បុគ្គលដែលនៅជួរដំបូងគេបង្អស់ប្រាកដណាស់គឺ «អនុប្រធានាធិបតី»។ ក៏ប៉ុន្តែក្នុងករណីដែល ពេលនោះតំណែងអនុប្រធានាធិបតីមិនមានអ្នកកាន់ ឬអនុប្រធានាធិបតីក៏ស្ថិតក្នុងសភាពដូចប្រធានាធិបតីដែរនោះ គឺមិនអាចបំពេញភារកិច្ចបាន បាត់បង់ជីវិត ឬលាលែងពីតំណែង តំណែងប្រធានាធិបតីអាមេរិក ត្រូវធ្លាក់ទៅដល់បុគ្គលបន្តបន្ទាប់ទៀត រួមមាន ប្រធានសភាតំណាងរាស្រ្ត, ប្រធានស្តីទីព្រឹទ្ធសភា (ខណៈប្រធានព្រឹទ្ធសភា គឺអនុប្រធានាធិបតី) និងបណ្តារដ្ឋមន្រ្តីនៅក្នុងជួរគណៈរដ្ឋមន្រ្តី ដោយរដ្ឋមន្រ្តីការបរទេសនៅលេខរៀងទី១។ យ៉ាងណាក្តី បុគ្គលនៅហួសពីអនុប្រធានាធិបតី មិនអាចក្លាយជាប្រធានាធិបតីតែម្តងឡើយ គឺពួកគេគ្រាន់តែអាចកាន់តំណែងនេះ ជាបណ្តោះអាសន្ន។

ជាទូទៅបុគ្គលដែលមានឈ្មោះក្នុងបញ្ជីបន្តវេននេះ ពុំត្រូវអនុញ្ញាតឲ្យប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ក្នុងពេលតែមួយឡើយ។ តួយ៉ាងកំឡុង ព្រឹត្តិការណ៍រដ្ឋាភិបាលធំៗ ដូចជាការថ្លែងសារ State of the Union Address និងការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី ជាដើមនោះ គឺត្រូវមានយ៉ាងហោចម្នាក់អវត្តមាន។ មួយវិញទៀត ក្នុងករណីដែលមានការវាយប្រហារធ្ងន់ធ្ងរផ្សេងៗ បុគ្គលទាំងនេះ សុទ្ធតែត្រូវជម្លៀស ទៅកាន់ទីសុវត្ថិភាពភ្លាមៗ ជាពិសេសគឺអនុប្រធានាធិបតី។

មកទល់ពេលនេះ អំណាចនិងកាតព្វកិច្ចប្រធានាធិបតីអាមេរិក ពុំធ្លាប់ធ្លាក់ហួសពីអនុប្រធានាធិបតីឡើយ។ អនុប្រធានាធិបតីអាមេរិកចំនួន៩នាក់ ធ្លាប់ឡើងបន្តវេនជាប្រធានាធិបតីតាមរបៀបនេះ ក្នុងនោះ៨នាក់រួមមានលោក John Tyler, Millard Fillmore, Andrew Johnson, Chester A. Arthur, Theodore Roosevelt, Calvin Coolidge, Harry S. Truman និង Lyndon B. Johnson ឡើងក្រោយប្រធានាធិបតីទទួលមរណភាព ឬត្រូវគេធ្វើឃាត ខណៈម្នាក់គឺលោក Gerald Ford ឡើងក្រោយប្រធានាធិបតីលាលែងពីតំណែង៕