(បរទេស)៖ ព្យុះសុទ្ធតែត្រូវគេដាក់ឈ្មោះឲ្យ ដើម្បីងាយស្រួលកំណត់ចំណាំ ព្រោះពេលខ្លះពួកវាពីរឬបីអាចកើតឡើងព្រមពេលជាមួយគ្នា។ ការដាក់ឈ្មោះឲ្យព្យុះមានលក្ខណៈខុសៗគ្នា ដោយក្រុមព្យុះស៉ីក្លូនមានដំណើរការផ្សេង ហើយក្រុមព្យុះហឺរីខិនមានដំណើរការផ្សេង។

សម្រាប់ព្យុះទីហ្វុង ដែលមានវត្តមាននៅតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៉ីហ្វិក គឺទីភ្នាក់ងារឧតុនិយមជប៉ុន JMA ជាអ្នកទទួលបន្ទុក ដាក់ឈ្មោះឲ្យពួកវាជាផ្លូវការ។ ការដាក់ឈ្មោះឲ្យព្យុះទីហ្វុង ធ្វើឡើងតាមលំដាប់ដោយមិនខ្វល់ពីឆ្នាំឡើយ។ ឈ្មោះទាំងនោះ ត្រូវយកចេញពី បញ្ជីឈ្មោះសរុបចំនួន៥ ដែលរៀបចំដោយគណៈកម្មាធិការព្យុះទីហ្វុង (ESCAP/WMO Typhoon Committee) បន្ទាប់ពីសមាជិកនីមួយៗ បានបញ្ជូនឈ្មោះចំនួន១០រៀងៗខ្លួន សម្រាប់ដាក់ឲ្យព្យុះទីហ្វុង តាំងតែពីឆ្នាំ១៩៩៨មក។

សមាជិកទាំង១៤របស់ ESCAP/WMO Typhoon Committee រួមមានកម្ពុជា (Cambodia), ចិន (China), កូរ៉េខាងជើង (Democratic People's Republic of Korea), ហុងកុង (Hong Kong), ជប៉ុន (Japan), ឡាវ (Laos), ម៉ាកាវ (Macau), ម៉ាឡេស៉ី (Malaysia), មីក្រូនេស៉ី (Micronesia), កូរ៉េខាងត្បូង (Republic of Korea), ថៃ (Thailand), សហរដ្ឋអាមេរិក (United States) និង វៀតណាម (Vietnam)។

លំដាប់លំដោយនៃឈ្មោះដែលត្រូវយកទៅប្រើ គឺកំណត់ដោយលេខរៀងនៃឈ្មោះជាភាសាអង់គ្លេស របស់ប្រទេសជាសមាជិក។ ដូច្នេះ ប្រទេសកម្ពុជាយើងស្ថិតនៅលេខរៀងទីមួយ ខណៈវៀតណាមត្រូវនៅចុងប៉ូចគេ។ ខាងក្រោមគឺជាតារាងនៃឈ្មោះទាំងអស់ ដែលប្រើក្នុងការ ដាក់ឈ្មោះឲ្យព្យុះទីហ្វុង៖

ឈ្មោះខាងលើត្រូវគេប្រើដោយដេញពីឆ្វេងទៅស្តាំ គឺពីឈ្មោះរបស់កម្ពុជារហូតដល់វៀតណាម ហើយពីលើចុះក្រោម។ នៅពេលប្រើដល់ ឈ្មោះចុងក្រោយ វានឹងត្រឡប់មកដល់ឈ្មោះដំបូងវិញ។ សមាជិករបស់ ESCAP/WMO Typhoon Committee ក៏ត្រូវបានអនុញ្ញាតឲ្យដាក់ សំណើសុំចូលនិវត្តន៍ ឬផ្លាស់ប្តូរឈ្មោះណាមួយរបស់ពួកគេផងដែរ ប្រសិនបើវាត្រូវបានដាក់ឲ្យព្យុះទីហ្វុង ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ឬមនុស្សស្លាប់ច្រើន។

គួរជម្រាបថា ឈ្មោះទាំង១០របស់ប្រទេសកម្ពុជា រួមមាន ដំរី (Damrey), អម្ពិល (Ampil), កង្រី (Kong-rey), ក្រសា (Krosa), ណាគ្រី (Nakri), ម៉ៃសាក់ (Maysak), ក្រវាញ (Krovanh), ចន្ធូ (Chanthu), ត្រសេះ (Trases) និង នេសាទ (Nesat)។ ឈ្មោះ «ដំរី» ធ្លាប់ប្រើប្រាស់៤លើក គឺកាលពីឆ្នាំ២០០០, ២០០៥, ២០១២ និង ២០១៧។ ឈ្មោះ «អម្ពិល» ធ្លាប់ប្រើប្រាស់ម្តងកាលពីឆ្នាំ២០១៨ ខណៈវាជាឈ្មោះជំនួសឲ្យឈ្មោះ បុប្ផា (Bopha) ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០១៣ ក្រោយប្រើប្រាស់៣លើក គឺនៅឆ្នាំ២០០០, ២០០៦ និង ២០១២។ ព្យុះបុប្ផា ឆ្នាំ២០១២ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅហ្វីលីពីន។

ចំណែកឈ្មោះ «កង្រី» ធ្លាប់ត្រូវបានប្រើ៤លើក គឺកាលពីឆ្នាំ២០០១, ២០០៧, ២០១៣ និង២០១៨។ ឈ្មោះ «ក្រសា» ធ្លាប់ត្រូវប្រើប្រាស់៤លើក គឺកាលពីឆ្នាំ២០០១, ២០០៧, ២០១៣, និង២០១៩។ ឈ្មោះ «ណាគ្រី» ធ្លាប់ត្រូវប្រើ៤លើក កាលពីឆ្នាំ២០០២, ២០០៨, ២០១៤ និង ២០១៩។ ឈ្មោះ «ម៉ៃសាក់» ធ្លាប់ត្រូវប្រើ៣ដង គឺកាលពីឆ្នាំ២០០២, ២០០៨ និង ២០១៥។ ឈ្មោះ «ក្រវាញ» ធ្លាប់ត្រូវប្រើ៣ដង គឺឆ្នាំ២០០៣, ២០០៩ និង ២០១៥។ ឈ្មោះ «ចន្ធូ» ធ្លាប់ត្រូវប្រើ៣លើក ឆ្នាំ២០០៤, ២០១០ និង២០១៦។ ឈ្មោះ «ត្រសេះ» ជាឈ្មោះថ្មី ដែលមិនទាន់ធ្លាប់ត្រូវគេប្រើនៅឡើយទេ ខណៈវាជាឈ្មោះជំនួសឲ្យឈ្មោះ «សារីកា (Sarika)» ដែលចូលនិវត្តន៍ឆ្នាំ២០១៦ និងធ្លាប់ត្រូវបានប្រើប្រាស់៣ដង គឺឆ្នាំ២០០៤, ២០១១ និង២០១៦ ។ ចុងក្រោយឈ្មោះ «នេសាទ» ធ្លាប់ត្រូវបានប្រើ៣លើក គឺឆ្នាំ២០០៥, ២០១១ និង២០១៧។

ពេលខ្លះយើងប្រហែលជាឃើញឈ្មោះព្យុះទីហ្វុង ដែលមិនមាននៅក្នុងបញ្ជីឈ្មោះ ដែលផ្តល់ឲ្យសមាជិកទាំង១៤ខាងលើឡើយ។ មូលហេតុ ដោយសារតែពួកវាជាឈ្មោះដែលហ្វីលីពីនដាក់ឲ្យ។ ហ្វីលីពីនមានប្រព័ន្ធផ្ទាល់ខ្លួន សម្រាប់ដាក់ឈ្មោះឲ្យព្យុះទីហ្វុង ដែលស្ថិតនៅក្បែរ ប្រទេសអាស៊ានមួយនេះ។ ដូច្នេះហើយទើបជួនកាល ព្យុះទីហ្វុងមួយត្រូវបានគេហៅដោយឈ្មោះពីរខុសគ្នា៕