(ពិភពលោក)៖ លោក សូក្រាត (Socrates) កើតនៅឆ្នាំ៤៧០ មុនគ.ស និងស្លាប់ទៅវិញនៅឆ្នាំ៣៩៩ មុនគ.ស គឺជាពេលដែលលោកត្រូវបានរដ្ឋាភិបាលគ្រប់គ្រងក្រុងអាថែន ប្រទេសក្រិច យកទៅប្រហារជីវិតដោយឲ្យផឹកថ្នាំពិស។ សម័យកាលនោះសម្តីរបស់ស្តេចគ្រប់គ្រងក្រុងអាថែន ត្រូវបានគេចាត់ទុកថាជាសម្តីរបស់ព្រះអាទិទេព ប៉ុន្តែដោយសារសូក្រាតចង់ឲ្យប្រទេសជាតិមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ក៏ត្រូវរដ្ឋាភិបាលក្រុងអាថែនចោទប្រកាន់ថា លោកមិនបានគោរពដល់ព្រះ និងផ្សព្វផ្សាយដំណឹងអកុសល ធ្វើឲ្យខូចអនាគតយុវជនជំនាន់ក្រោយផងដែរ។
ថ្ងៃនេះ Fresh News Plus សូមដកស្រង់ពាក្យសម្តីមានតម្លៃដូចមាសចំនួន ៣ម៉ាត់ របស់លោក សូក្រាត ដែលជាអ្នកប្រាជ្ញជនជាតិក្រិចដ៏ល្បីល្បាញម្នាក់ ក្នុងប្រវត្តិសាស្ត្រពិភពលោក មុនរដ្ឋាភិបាលយកទៅសម្លាប់ ចែកជូនប្រិយមិត្តអ្នកអានទុកជាចំណេះដឹងទូទៅ។ តើពាក្យសម្តីទាំង៣ម៉ាត់ របស់អ្នកប្រាជ្ញរូបនេះ មានអ្វីខ្លះ?
មុនពេលសូក្រាត ត្រូវបានរដ្ឋាភិបាលក្រុងអាថែន កាត់ទោសប្រហារជីវិត ដោយមូលហេតុចោទប្រកាន់ថា លោកជាមនុស្សទមិឡ មិនទទួលស្គាល់អាទិទេព និងបំបះបំបោរយុវជន, មានសិស្ស និងមនុស្សគាំទ្រលោកជាច្រើន បានរៀបចំឲ្យគាត់រត់ចេញពីគុក ប៉ុន្តែគាត់ប្រកែកដាច់ខាត និងពោលពាក្យចំនួន៣ម៉ាត់ រួមមាន៖
១៖ កិច្ចការទំនាក់ទំនងរវាងរដ្ឋ និងពលរដ្ឋ មិនដូចគ្នានឹងទំនាក់ទំនងរវាងឪពុកម្តាយ និងកូនៗទេ គឺរដ្ឋជាអ្នកជំពាក់គុណពលរដ្ឋ ព្រោះពលរដ្ឋជាឪពុកម្តាយរបស់រដ្ឋ។ ទោះយ៉ាងណា សូក្រាត យល់ថាពលរដ្ឋទាំងអស់ ទោះក្នុងករណីណាក៏ដោយ ត្រូវតែស្តាប់បង្គាប់រដ្ឋ ហើយមិនអាចក្បត់ឧត្តមគតិខ្លួនឯងបានឡើយ។
២៖ ក្នុងនាមលោកជាអ្នកគោរពច្បាប់ដ៏ហ្មត់ចត់ម្នាក់ ហើយលោកជាពលរដ្ឋអាថែន លោកបានទទួលនូវការទំនុកបម្រុងនានា ដើម្បីទ្រង់ទ្រង់ជីវិត។ ដូច្នេះលោកបានចុះហត្ថលេខាជាមួយអាថែន ហេតុនេះលោកត្រូវតែគោរពច្បាប់អាថែន។
៣៖ បើលោកជាអ្នកចេះច្បាប់មិនគោរពច្បាប់ តើបាននរណាគោរពច្បាប់។ និយាយដោយឡែក សូក្រាត ចង់មានន័យថា បើអ្នកគ្រប់គ្រងមិនគោរពច្បាប់ គឺថានឹងមានលទ្ធផលប្រកបដោយ គ្រោះថ្នាក់បំផុតក្នុងការវិនិច្ឆ័យរឿងក្តី។
សូមបញ្ជាក់ថា បើតាមឯកសារមួយចំនួនទៀត និងការផ្សាយរបស់ BBC បានអះអាងថា មូលហេតុសំខាន់មួយទៀត ដែលធ្វើឲ្យសូក្រាតត្រូវរដ្ឋបាលក្រុងអាថែនកាត់ទោសប្រហារជីវិត ដោយសារលោកមានទស្សនៈផ្ទុយគ្នាជាមួយបណ្ឌិតក្រុងអាថែន បញ្ហារូបរាងរបស់ផែនដី។ សូក្រាត និយាយថា ផែនដីមានរាងមូលដូចផ្លែក្រូច រីឯក្រុងអាថែននិយាយថា ផែនដីរាងដូចស្ករផែន ហើយមនុស្សរស់នៅលើនោះ។
ទស្សនៈផ្ទុយគ្នានេះ មិនត្រូវបានបកស្រាយអស់រយៈពេលរាប់ពាន់ឆ្នាំ ពោលរហូតដល់ឆ្នាំ១៤៩២ គឺជំនាន់គ្រីស្តុហ្វ កូឡុមប៍ (Christopher Columbus) ទើបរកឃើញថា ផែនដីមានរាងមូលមែន។ ការអះអាងកាន់តែច្បាស់ និងធ្វើឲ្យឈប់ប្រកែកគ្នាថាផែនដីមានរាងមូល ត្រូវបានបញ្ចប់នៅឆ្នាំ១៩៦៩ គឺពេលដែលលោក ណែល អាមស្ត្រង (Neil Armstrong) ជិះអាប៉ូឡូទី១១ ទៅដល់ភពព្រះចន្ទមុនគេ និងថតរូបផែនដីបញ្ជាក់តែម្តង។
* អំពីជីវប្រវត្តិរបស់សូក្រាត៖
សូក្រាត កើតឆ្នាំ៤៧០ មុនគ.ស ជិតក្រុងអាថែន នៃប្រទេសក្រិច។ ឪពុកឈ្មោះ សូប្រូនីស៍ ជាជាងចម្លាក់នៅអាថែន ឯម្តាយឈ្មោះ ហ្វេណារ៉ែត ជាឆ្មបសង្គ្រោះជីវិតមនុស្សមិនរើសមុខ។ ដូច្នេះហើយបានជាមានពាក្យលេងសើចមួយឃ្លាត ដែលលោកសូក្រាត តែងតែនិយាយថា «ម្តាយខ្ញុំជាឆ្មបសម្រាលកូន ឯខ្ញុំជាឆ្មបសម្រាលគំនិត»។
តាមឯកសារប្រវត្តិសាស្ត្របញ្ជាក់ថា សូក្រាតមានភរិយាឈ្មោះ សង់ទីប និងមានកូនបង្កើត ៣នាក់។ ផ្ទុយពីលោក សូក្រាត កូនៗរបស់គាត់គឺជាជនសាមញ្ញខាងផ្លូវបញ្ញា និងគំនិត ដែលគ្មានទេពកោសល្យដូចឪពុកឡើយ។ សូក្រាត គឺជាមនុស្សដ៏ល្បីល្បាញម្នាក់នាសម័យកាលជាង ២៥០០ឆ្នាំមុន ហើយជនជាតិក្រិចទាំងអស់ បានប្រសិទ្ធិនាមឲ្យគាត់ថា ជាបិតាទស្សនៈវិជ្ជា និងបិតាវិទ្យាសាស្ត្រនយោបាយ។ ប្រជាជនអាថែនពេលនោះ បានទទួលស្គាល់គាត់ថា ជាមនុស្សពូកែនិយាយ ពូកែសួរ និងពូកែឆ្លើយ ជាពិសេសនោះ ទីណាមានសូក្រាត ទីនោះមានមនុស្សរោមជុំជិតគាត់។
កិច្ចការរបស់សូក្រាត គឺស្វែងរកការពិត មានសុភវិនិច្ឆ័យ សមហេតុសមផល មានតម្លៃ សុជីវធម៌ និងសីលធម៌ ដែលធាតុទាំងនេះគឺជាលក្ខណៈធម្មជាតិរបស់រដ្ឋ និងច្បាប់។ បើមានការពិភាក្សា ស្តីពីសីលធម៌ និងនយោបាយ គាត់ពន្យល់ច្បាស់លាស់ និងមានលក្ខណៈជានិយមន័យ។
* បុគ្គលិកលក្ខណៈរបស់សូក្រាត៖
សូក្រាត បានរិះគន់យ៉ាងខ្លាំងទៅលើអ្នកដឹកនាំសម័យនោះ ដែលលោកថាគ្មានសច្ចភាព និងបង្ហាញពីហេតុផលច្បាស់លាស់ឡើយ។ ចំណែឯទស្សនៈនយោបាយវិញ ការបកស្រាយរបស់លោក ពុំមានលក្ខណៈដូចនឹងការបកស្រាយរបស់អ្នកប្រាជ្ញដទៃដែរ។ លោកអះអាងថា រដ្ឋដែលមានការរីកចម្រើនបាន ដោយសារមានអ្នកដឹកនាំល្អ និងច្បាប់ល្អ។ គាត់បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើការដឹកនាំរបស់ពួកអភិជន (Aristocracy) ហើយបដិសេធរាល់ការដឹកនាំបែបប្រជាធិបតេយ្យជ្រុលនិយម ដែលជាកត្តាធ្វើឲ្យប្រទេសជាតិជួបវិបត្តិច្រើន រហូតដល់រលាយរដ្ឋាភិបាលនោះតែម្តង។
សូក្រាត មើលឃើញអសមត្ថភាពរបស់អ្នកដឹកនាំសម័យនោះ ដោយលោកយល់ថា អ្នកដឹកនាំត្រូវតែមានចំណេះដឹងច្រើន ហើយការទាមទារនេះគឺជាគំនិតចម្បងរបស់លោក ស្តីអំពីសុភវិនិច្ឆ័យរបស់រដ្ឋាភិបាល និងសិទ្ធិជាកត្តាចាំបាច់ដំបូង ដែលមានការពាក់ព័ន្ធចាំបាច់ទៅគ្រប់ទម្រង់គ្រប់គ្រងនយោបាយទាំងអស់។ សូក្រាត ចង់ឃើញថា ស្តេចទាំងឡាយ និងអ្នកដឹកនាំទាំងឡាយ ត្រូវមានលក្ខណៈចាំបាច់ជាច្រើនដូចខាងលើ មិនមែនសម្តៅតែទៅលើមនុស្សពាក់មង្គុត និងគ្រឿងអលង្ការពេញខ្លួន ឬមិនមែនសម្តៅតែទៅលើមនុស្ស ដែលគេជ្រើសរើសដោយសារមានទ្រព្យសម្បត្តិច្រើន មានឬកពាខ្ពស់សមរម្យ ឬមិនមែនសម្តៅទៅលើមនុស្ស ដែលបានអំណាចដោយសារកម្លាំងអាវុធ និងអំពើហិង្សា ពូកែភូតភរទេ ក៏ប៉ុន្តែចាំបាច់អ្នកមានសមត្ថភាពដឹកនាំ និងគ្រប់គ្រង។
ការទិតៀនគំនិតនយោបាយ ស្តីពីចំណេះដឹងក្នុងការដឹកនាំ ដែលត្រូវតែមានរបស់លោក សូក្រាត បានងាកចេញឆ្ងាយពីគោលការណ៍ដឹកនាំនានា របស់អ្នកដឹកនាំក្រុងអាថែន នៅសម័យនោះ។ នៅក្នុងគម្រោងនៃគំនិតនយោបាយរបស់ សូក្រាត បានបង្ហាញនូវភាពមានសមត្ថភាពក្នុងការដឹកនាំ ចេះវិធីសាស្ត្រ និងចំណេះដឹងដែលចាំបាច់សម្រាប់ដឹកនាំ ពោលគឺគោលការណ៍សំខាន់ៗទាំងអស់ នៃសមត្ថភាពក្នុងការគ្រប់គ្រង មិនតែប៉ុណ្ណោះនៅក្នុងគម្រោងគំនិតនយោបាយរបស់លោក បានព្យាយាមពន្យល់ពីទ្រឹស្តីខ្លះ និងបង្កើតនូវមូលដ្ឋានសុភវិនិច្ឆ័យ ព្រមទាំងខ្លឹមសាររបស់រដ្ឋ។
ការកាត់ទោសប្រហារជីវិត ពុំបានធ្វើឲ្យសូក្រាត តក់ស្លុតអ្វីឡើយ ផ្ទុយទៅវិញគាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់ មិនរំលោភអំណាច និងបដិសេធចំពោះការជួយឲ្យគាត់រត់ចេញពីគុកថែមទៀតផង។ ទ្រឹស្តី, ជីវិត និងមរណភាពរបស់គាត់ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង មកលើអ្នកប្រាជ្ញជំនាន់ក្រោយ ដែលទទួលស្គាល់ស្នាដៃ និងគំនិត និងជាពិសេសបានជះឥទ្ធិពលជាខ្លាំង ទៅលើទំព័រប្រវត្តិសាស្ត្រ ទស្សនៈវិជ្ជា និងគំនិតនយោបាយ។ ឥទ្ធិពលរបស់គាត់ ក៏បានសម្តែងនូវជ័យជម្នះដ៏ធំធេងរបស់គាត់ ក៏ដូចជារបស់ប្រជាជនក្រិចទាំងមូលផងដែរ។
* ក្បួនបង្រៀនរបស់សូក្រាត៖
ក្បួនបំផុសគំនិត និងប្រាជ្ញាដោយខ្លួនឯង ឬក្បួនម៊ែកណេទិក (Magnetic) របស់សូក្រាត មានលក្ខណៈសាកល ហើយត្រូវនឹងក្បួនដទៃៗទៀត ដែលធ្វើឲ្យពិភពលោកចាត់ទុកគាត់ ជាបិតាទស្សនវិជ្ជាពិតប្រាកដមែន។ លោកត្រូវបានគេហៅឈ្មោះក្រៅថា សត្វរបោម (The Gadfly) ក៏ព្រោះតែលោកចូលចិត្តទិចមនុស្សឲ្យរៀនគិតអំពីខ្លួនឯង ពោលគឺបង្រៀនអំពីសិល្បៈបង្កើតគំនិត។
ដើម្បីទទួលបានចំណេះដឹង, សូក្រាត ប្រើវិធី៤យ៉ាង គឺវិធីសើចចម្អក វិធីសម្រាល វិធីអនុមានរួម និងវិធីកំណត់និយមន័យ។ វិធីទាំង ៤នោះ រួមមាន៖
១៖ វិធីចម្អក៖ សូក្រាត ប្រើដើម្បីចោទបង្រៀន ជាសំណួរមិនចេះអស់មិនចេះហើយ ឲ្យគេទាល់គំនិត។ លោកយល់ថា អ្វីដែលមានសារៈសំខាន់បំផុត សម្រាប់មនុស្សគឺការចោទសួរ។ ដោយផ្តើមចេញពីការចោទសួរ ទៅដៃគូរសន្ទនានូវសំណួរបិទមុខ សម្តៅធ្វើយ៉ាងណាឲ្យដៃគូសន្ទនាទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួន និងទទួលយកសច្ចភាព។ ទង្វើនេះ ភាគច្រើនលោកប្រើជាមួយពួកសូហ្វីស (គឺពួកដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត) ដែលអួតអាង និងមានជំនឿថា ខ្លួនមានចំណេះដឹងសាកល។ ឃ្លាចម្បងរបស់សូក្រាត គឺ «ខ្ញុំដឹងតែមួយគត់ គឺគ្មានចេះអ្វីសោះ»។
២៖ វិធីអនុមានរួម៖ គឺលោកធ្វើអនុមានរួម សម្តៅស្វែងរកលក្ខណៈវិនិច្ឆ័យសាកល។
៣៖ វិធីសម្រាល៖ គឺធ្វើឲ្យមនុស្សចេះបែងចែកល្អ និងអាក្រក់ ត្រូវ និងខុស។
៤៖ វិធីកំណត់និយមន័យ៖ គឺកំណត់ឲ្យបញ្ញត្តិនៃពាក្យនីមួយៗ នៅក្នុងសីលវិជ្ជា។ សូក្រាត ប្រើវិធីទាំង៤នេះ ដោយតម្រូវឲ្យមានទំនាក់ទំនង និងជះឥទ្ធិពល ទៅលើគ្នាទៅវិញទៅមក៕