(ពិភពលោក)៖ លោក ហ្វីឌែល កាស្ត្រូ (Fidel Castro) គឺជាបិតាបដិវត្តន៍គុយបា ដែលបានដឹកនាំប្រទេសនេះអស់រយៈពេល៤៩ឆ្នាំ គិតចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០០៨ ក្រោយកម្ចាត់លោក ហ្វុលហ្សង់ស្យូ បាធីស្តា (Fulgenio Batista) ដែលជាប្រធានាធិបតីផ្តាច់ការ។ ក្រោមមនោគមន៍វិជ្ជាម៉ាក្សលេនីន និងជាអ្នកជាតិនិយមគុយបាមួយរូប កាស្ត្រូ ក៏បានក្លាយជាអគ្គលេខាធិការទី១ (ធំបំផុត) របស់គណបក្សកុម្មុយនីស្តគុយបា ដែលជាគណបក្សកាន់អំណាចក្នុងប្រទេសនេះផងដែរ។
កាស្ត្រូ គឺជាវីរបុរសម្នាក់ដែលបានផ្តល់ក្តីសង្ឈឹមជាថ្មីដល់ប្រជាពលរដ្ឋគុយបា ដោយបានកម្ចាត់ប្រធានាធិបតីផ្តាច់ការ បាធីស្តា នៅឆ្នាំ១៩៥៩។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំប្រទេស កាស្ត្រូ ថែមទាំងបានជួយអភិវឌ្ឍន៍ប្រទេសបានល្អជាងលោក បាធីស្តា ដោយធ្វើនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ មានផែនការដឹកនាំប្រទេសត្រឹមត្រូវ តាមរយៈការធ្វើបដិវត្តន៍ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមទៀតផង។
ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅពីលោក ហ្វីឌែល កាស្ត្រូ ជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖
ហ្វីឌែល កាស្ត្រូ កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩២៦ នៅភូមិតូចមួយ ក្នុងខេត្តអូរៀន ប្រទេសគុយបា ក្នុងគ្រួសារអន្តោប្រវេសន៍ជាតិអេស្ប៉ាញ ដែលជាគ្រួសារកសិករ មានជីភាពធូរធារមួយ។ លោកជាមនុស្សឆ្វេងនិយម ដែលប្រឆាំងនឹងរដ្ឋាភិបាល និងបានដើរតាមមនោគមន៍វិជ្ជាម៉ាក្សលេនីន ខណៈពេលដែលលោកសិក្សាផ្នែកច្បាប់ នៅឯសាកលវិទ្យាល័យហាវ៉ាណា (Havana) ដែលជាសាកលវិទ្យាល័យដ៏ល្បី ស្ថិតក្នុងរដ្ឋធានី នៃប្រទេសគុយបា។
នៅក្នុងឆ្នាំ១៩៥៣ បន្ទាប់ពីបានដើរចូលក្រុមឧទ្ទាម ដែលប្រឆាំងនឹងពួកស្តាំនិយមរបស់រដ្ឋាភិបាល នៅក្នុងសាធារណរដ្ឋដូមីនីកែន (Dominican) និងកូឡុមប៊ី (Colombia), កាស្ត្រូ មានគម្រោងផ្តួលរំលំរដ្ឋបាល របស់លោកប្រធានាធិបតីផ្តាច់ការ បាធីស្តា ដោយធ្វើការប៉ះបោរមួយ នៅតំបន់ម៉ុងកាដា បារ៉ាក់ (Moncada Barracks ប៉ុន្តែទទួលបរាជ័យវិញ។
ការបរាជ័យនេះ ធ្វើឲ្យលោកត្រូវបានចាប់ខ្លួន និងត្រូវបានអាជ្ញាធររបស់លោក បាធីស្តា ផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ។ ទោះយ៉ាងណាបន្ទាប់ពីជាប់គុកបាន១ឆ្នាំ លោកត្រូវបានទទួលការលើកលែងទោសវិញ។
ក្រោយមានសេរីភាពវិញ កាស្ត្រូ បានធ្វើដំណើរទៅកាន់ប្រទេសម៉ិចស៉ីកូ (Mexico) ហើយប្រកាសបង្កើតក្រុមបដិវត្តន៍មួយឈ្មោះថា ការរើបម្រះថ្ងៃទី២៦ ខែកក្កដា (the 26th of July Movement) ជាមួយប្អូនប្រុសលោកឈ្មោះ រ៉ាអ៊ូល កាស្ត្រូ (Raúl Castro) និងលោក អ៊ែរណេសស្តូ ហ្សេ ហ្គុយអឺវ៉ារ៉ា (Ernesto "Che" Guevara) ដែលជាអ្នកដើរតាមមនោគមន៍វិជ្ជាម៉ាក្សលេនីនដូចគ្នា។ បុរសទាំង៣រូបនេះ បានចំណាយពេលរួមគ្នាអស់រយៈពេល ៣ឆ្នាំ ដើម្បីបង្កើតទ័ពព្រៃ ក្នុងការទៅវាយផ្តួលរំលំលោក បាធីស្តា។
នៅឆ្នាំ១៩៥៩ កាស្ត្រូ បានចូលមកក្នុងប្រទេសគុយបាវិញ ដោយមានគ្នាត្រឹមតែ ៧នាក់ និងអាវុធ ៧ដើមតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោកបានអូសទាញប្រជាពលរដ្ឋ ឲ្យចូលរួមគម្រោងផ្តួលរំលំរដ្ឋបាលផ្តាច់ការរបស់ បាធីស្តា រហូតទាល់តែជោគជ័យនៅឆ្នាំដដែលនោះ។
បន្ទាប់ពីដើរតួនាទីយ៉ាងធំ ក្នុងការផ្តួលរំលំរដ្ឋបាលលោក បាធីស្តា, លោកកាស្ត្រូ បានក្តោបក្តាប់ទាំងអស់រួមមានទាំងអំណាចយោធា និងនយោបាយរបស់គុយបាទាំងមូល ក្នុងនាមជានាយករដ្ឋមន្ត្រីតែម្តង។ ក្នុងនាមជាប្រទេសស្ថិតមួយ ដែលនៅក្នុងប្លុកកុម្មុយនីស្ត របស់សហភាពសូវៀត, លោក កាស្ត្រូ តែងតែត្រូវបានសហរដ្ឋអាមេរិករំខានការដឹកនាំ និងចង់ផ្តួលរំលំរបបដឹកនាំរបស់លោក មិនលោះពេលសោះឡើយ ហើយអាមេរិកព្រមទាំងបានកាត់ផ្តាច់ការទូត ជាមួយគុយបាថែមទៀត។
យោងតាមសារព័ត៌មាន Theguardian និង Wikipedia បានសរសេរថា អាមេរិកបានប៉ុនប៉ងធ្វើឃាតលោក កាស្ត្រូ រហូតដល់ទៅ៦៣៨ដង ប៉ុន្តែមិនបានសម្រេចនោះដែរ។ ក្នុងនោះដើម្បីផ្តួលរំលំលោក កាស្ត្រូ គេឃើញអាមេរិក រៀបចំគម្រោងសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីភ្នាក់ងារធ្វើឃាត (Assassination), ការរាំងខ្ទប់ផ្នែកសេដ្ឋកិច្ច (Economic Blockade), និងការវាយប្រហារនៅឈូងសមុទ្រជ្រូក (Bay of Pigs Invasion) នៅឆ្នាំ១៩៦១។
ឆ្លើយតបនឹងការប៉ុនប៉ងរបស់អាមេរិក, លោក កាស្ត្រូ បានងាកទៅចាប់ដៃជាមួយសហភាពសូវៀត កាន់តែខ្លាំងទៅៗ និងថែមទាំងអនុញ្ញាតឲ្យសហភាពសូវៀត ដាក់អាវុធនុយក្លេអ៊ែរ នៅដែនកោះរបស់ខ្លួន ដែលមានប្រវែងជាង ១០០គីឡូម៉ែត្រតែប៉ុណ្ណោះពីទឹកដីអាមេរិក។ ការដាក់អាវុធនុយក្លេអ៊ែរ ក្នុងឆ្នាំ១៩៦២ លើដែនកោះគុយបានេះ មិនត្រឹមតែអាចការពាររដ្ឋបាល កាស្ត្រូ បានប៉ុណ្ណោះទេ ហើយថែមទាំងអាចធ្វើឲ្យសូវៀត ងាយទប់ទល់នឹងសង្គ្រាមត្រជាក់ជាមួយអាមេរិកផងដែរ។ ដោយសារជំនាន់ កាស្ត្រូ មិនសេពគប់អាមេរិក, អាមេរិក នៅតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា រហូតដល់សព្វថ្ងៃនេះ។
កាស្ត្រូ បានធ្វើកំណែទម្រង់គុយបា ឲ្យទៅជារដ្ឋសង្គមនិយម ក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មនុយនីស្តតែមួយ និងប្រកាន់ការដឹកនាំតាមទ្រឹស្តីម៉ាក្សលេនីន។ គួរជម្រាបថា តាមរយៈកំណែទម្រង់ប្រទេសបែបនេះ មានតែគុយបាប៉ុណ្ណោះ ដែលបានធ្វើមុនគេបើរាប់តែប្រទេសស្ថិតនៅអឌ្ឍគោល (ពាក់កណ្តាលភូគោល) ប៉ែកខាងលិច។
ការរៀបចំគោលនយោបាយសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត។ ចំពោះកិច្ចការបរទេស, កាស្ត្រូ គាំទ្រក្រុមបដិវត្តន៍ ដែលប្រឆាំងនឹងរបបចក្រពត្តិនិយម ហើយលោកក៏គាំទ្រដែរ នូវគ្រប់ការបង្កើតរបបដឹកនាំតាមបែបម៉ាក្សលេនីន នៅប្រទេសឈីលី (Chile) តាមរយៈការបញ្ជូនទ័ពទៅជួយសម្ព័ន្ធមិត្ត ក៏ដូចជាការបញ្ជូនក្រុមវេជ្ជសាស្ត្រក្រៅប្រទេសផងដែរ។
សកម្មភាពទាំងនេះ គួបផ្សំនឹងការដឹកនាំរបស់ខ្លួន, លោក កាស្ត្រូ ដែលប្រកាន់យកចលនាមិនចូលបក្សសម្ព័ន្ធ ពីឆ្នាំ១៩៧៩ ដល់១៩៨៣ ធ្វើប្រទេសគុយបា លេចធ្លោកាន់តែខ្លាំងៗ នៅលើឆាកអន្តរជាតិ។ នៅឆ្នាំ១៩៩១ ក្រោយពីសហភាពសូវៀតដួលរលំទៅ គុយបានបាត់បង់បង្អែកសេដ្ឋកិច្ច ប៉ុន្តែលោក កាស្ត្រូ នៅតែអាចទប់សេដ្ឋកិច្ចខ្លួនជាប់ ដោយបានដឹកនាំគុយបា ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធំមួយឈ្មោះថា Special Period ទៀតផង។
នៅឆ្នាំ២០០០ កាស្ត្រូ បានពង្រីកសម្ព័ន្ធភាពទៅអាមេរិកឡាទីន រួមមានជាមួយអតីតប្រធានាធិបតី វ៉េណេហ្សុយអេឡា (Venezuela) គឺលោក អ៊ុយហ្គោ ហ្សាវេ (Hugo Chávez) និងចូលរួមចុះហត្ថលេខា ធ្វើជាសមាជិករបស់អង្គការអន្តររដ្ឋាភិបាល ALBA ផងដែរ។
នៅឆ្នាំ២០០៦ កាស្ត្រូ បានផ្ទេរតំណែងទៅឲ្យប្អូនប្រុសរបស់លោក ដែលជាអនុប្រធានាធិបតី ក្នុងការកាន់កាប់រដ្ឋាភិបាលជំនួសវិញ។ គួរកត់សម្គាល់ថា លោក រ៉ាអ៊ូល កាស្ត្រូ ប្អូនប្រុសរបស់ ហ្វីឌែល កាស្ត្រូ ត្រូវបានសភាជាតិបោះឆ្នោត ឲ្យក្លាយជាប្រធានាធិបតី នៅឆ្នាំ២០០៨ គឺ២ឆ្នាំ បន្ទាប់ពីបងផ្ទេរតំណែងឲ្យដឹកនាំប្រទេស។
ក្នុងនាមជាប្រមុខរដ្ឋ ដែលកាន់តំណែងយូរជាងគេបំផុតនៅសតវត្សរ៍ទី២០ និង២១ ពោលចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០០៨, លោក កាស្ត្រូ ត្រូវបានគេបញ្ចេញមតិផ្ទុយគ្នា ពីប្រជាជនជុំវិញពិភពលោក។ ប៉ុន្តែប្រជាជនលោកមួយភាគធំ និងអ្នកគាំទ្រលោក បានចាត់ទុកថា គាត់គឺជាជើងឯកនៃសង្គមនិយម និងប្រឆាំងនឹងរបបចក្រពត្តិនិយម ខណៈលោកជាមនុស្សម្នាក់ បានជួយឲ្យមានកំណើនសេដ្ឋកិច្ច និងបង្កើតយុត្តិធម៌សង្គមបានល្អ និងជាពិសេសធានាឯករាជ្យភាពរបស់គុយបា ពីអនុត្តរភាពរបស់សហរដ្ឋអាមេរិក។
ចំណែកក្រុមអ្នករិះគន់វិញ បានចាត់ទុកលោកថា គឺជាជនផ្តាច់ការមួយរូប ដែលរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យសេដ្ឋកិច្ចមិនដំណើរការល្អ។ ទោះជាយ៉ាងនេះក្តី ការតស៊ូក្នុងជីវិតរបស់ កាស្ត្រូ លោកត្រូវបានគេផ្តល់រង្វាន់អន្តរជាតិជាច្រើន និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបុគ្គល និងក្រុមផ្សេងៗគ្នា នៅទូទាំងពិភពលោកផងដែរ។
សូមបញ្ជាក់ថា លោក ហ្វីឌែល កាស្ត្រូ បានស្លាប់ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕