(បរទេស)៖ មីស៉ីលគឺជាប្រភេទសព្វាវុធមួយ ដែលគេប្រើប្រាស់សម្រាប់ការវាយប្រហារពីចម្ងាយ ដោយវាអាចហោះបានដោយខ្លួនឯង។ សព្វថ្ងៃនេះ វាមានទម្រង់ជាច្រើនប្រភេទ រួមមានចាប់តាំងពីមីស៉ីលធម្មតាៗ រហូតដល់មីស៉ីលផ្លោងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះឆ្លងទ្វីប។

មីស៉ីលដំបូងៗបំផុត ដែលត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ គឺពពួកមីស៉ីលដែលអភិវឌ្ឍឡើងដោយយោធាអាល្លឺម៉ង់ កាលពីសង្រ្គាមលោកលើកទីពីរ។ ក្នុងចំណោមនោះ មីស៉ីលដែលគេស្គាល់ច្រើនគឺមីស៉ីល V-1 និង V-2។ យ៉ាងណាមិញ មីស៉ីលជំនាន់ដំបូងៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យនោះ គឺត្រូវបានផលិតឡើងក្នុងចំនួនតិចតួចតែប៉ុណ្ណោះ ហើយមិនសូវមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានទេ។

បច្ចុប្បន្ន មីស៉ីលមានសមាសធាតុផ្សំសំខាន់ៗដូចជា ប្រព័ន្ធនាំផ្លូវ ប្រព័ន្ធហោះហើរ ម៉ាស៉ីន និងក្បាលគ្រាប់។ ប្រព័ន្ធនាំផ្លូវគឺមានសារសំខាន់ ជាខ្លាំងសម្រាប់មីស៉ីល។ មីស៉ីលខ្លះអាចបំពាក់នូវឧបករណ៍ស្ទាបស្ទង់ប្រភេទអ៉ីនវ៉្រារេដ (Infrared) ដើម្បីដេញតាមចំហាយកម្តៅ ដែលភាយចេញ ពីម៉ាស៉ីនយន្តហោះ ចំណែកមីស៉ីលខ្លះទៀត ត្រូវបាននាំផ្លូវទៅកាន់គោលដៅវាយប្រហាររបស់វា តាមរយៈការចង្អុលឡាស៊ែរពីសំណាក់ កងទ័ពថ្មើរជើងនៅក្បែរគោលដៅផ្ទាល់ ជាដើម។

គួរជម្រាបថា មីស៉ីលជាទូទៅត្រូវគេចាត់ថ្នាក់ចេញជាប្រភេទមួយចំនួន សម្រាប់បម្រើគោលដៅខុសៗគ្នា ដូចជាប្រភេទពីផ្ទៃដីទៅកាន់ផ្ទៃដី (Surface-to-Surface), ពីផ្ទៃដីទៅកាន់ផ្ទៃអាកាស (Surface-to-Air), ពីផ្ទៃអាកាសទៅកាន់ផ្ទៃដី (Air-to-Surface) និងពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស (Air-to-Air)។

សម្រាប់មីស៉ីល Surface-to-Surface ភាគច្រើនគឺមីស៉ីលផ្លោង ឬហៅថាមីស៉ីលបាលីស្ទិក ដែលបាញ់ចេញពីផ្ទៃដី និងពីនាវាមុជទឹក ឲ្យឆ្លងផុតបរិយាកាសផែនដី ហើយធ្លាក់ទៅរកគោលដៅនៅលើផ្ទៃដី ដោយប្រើកម្លាំងទំនាញ។ ចំណែកមីស៉ីល Air-to-Surface រួមមានមីស៉ីលគ្រូស (Cruise Missile) ដែលហោះហើរក្នុង រយៈកម្ពស់ទាប មីស៉ីលប្រឆាំងនាវា និងប្រឆាំងរថក្រោះជាដើម។ សម្រាប់មីស៉ីល Surface-to-Air ជាពួកមីស៉ីលគេប្រើដើម្បីប្រឆាំងយន្តហោះ និងមីស៉ីលផ្លោង។ រីឯមីស៉ីល Air-to-Air ជាមីស៉ីលធម្មតាៗ ដែលយន្តហោះចម្បាំងប្រើប្រាស់។ បន្ថែមពីនេះ ក៏មានមីស៉ីលគេបាញ់ឲ្យរត់នៅ ក្រោមផ្ទៃទឹកផងដែរ ដែលគេហៅថាថរភីដូ (Torpedo)។

គួរជម្រាបថា ក្រៅពីប្រភេទទាំងអស់នេះ នៅមានប្រភេទមីស៉ីលសម្រាប់ប្រឆាំងផ្កាយរណប និងពពួកមីស៉ីលលឿនជាងសំឡេងខ្លាំង (Hypersonic Missile) ដែលមានតែប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្ស៉ី ចិន និងឥណ្ឌា ប៉ុណ្ណោះ មាននៅក្នុងដៃ៕