(បរទេស)៖ ការពិតទឹកសមុទ្រមានពណ៌សធម្មតា ប៉ុន្តែមនុស្សភាគច្រើនសន្និដ្ឋានថា មហាសមុទ្រមើលទៅមានពណ៌ខៀវ គឺច្បាស់ជាដោយសារវាចាំងនូវពណ៌របស់ផ្ទៃមេឃ ដែលជាពណ៌ខៀវ ប៉ុន្តែតាមពិតទៅ វាមានមូលហេតុចម្បងមួយ ដែលទាក់ទងជាមួយម៉ូលេគុលរបស់ទឹក និងពន្លឺព្រះអាទិត្យ ។
យើងដឹងហើយថា ពន្លឺព្រះអាទិត្យដែលយើងមើលឃើញធម្មតាមានពណ៌ស តាមពិតផ្សំឡើងពីពណ៌ចំនួន៧ខុសៗគ្នា។ ពួកវារួមមានពណ៌ ក្រហម ទឹកក្រូច លឿង បៃតង ខៀវ ខៀវចាស់ និងស្វាយ។ នៅពេលពន្លឺព្រះអាទិត្យជះមកដល់លើមហាសមុទ្រ វាទម្លុះចូលផ្ទៃសមុទ្រទៅជ្រៅថែមទៀត។
ពេលនោះកាំពន្លឺពណ៌ក្រហម ទឹកក្រូច លឿង និងបៃតង របស់ពន្លឺព្រះអាទិត្យ ត្រូវបានស្រូបជាខ្លាំង ដោយម៉ូលេគុលទឹក ខណៈកាំពន្លឺពណ៌ ខៀវ ខៀវចាស់ និងស្វាយ គឺម៉ូលេគុលទឹកមិនស្រូបយកបាត់តែម្តងឡើយ ដោយផ្ទុយទៅវិញ ពួកវាត្រូវបានបាចសាចនៅពាសពេញផ្ទៃទឹក ជាហេតុដែលធ្វើឲ្យយើងមើលឃើញមហាសមុទ្រពណ៌ខៀវ។ ទោះជាបែបនេះក្តី ផ្ទៃសមុទ្រក៏អាចមើលទៅចេញពណ៌ផ្សេងទៀតផងដែរ ដូចពណ៌បៃតងជាដើម ដោយសារតែពន្លឺត្រូវចាំងផ្លាតពីភាគល្អិតផ្សេងៗ នៅក្នុងទឹក។
គួរជម្រាបថា តំបន់ជ្រៅៗខ្លាំងនៃមហាសមុទ្រគឺងងឹតសូន្យឈឹង ដោយសារលែងមានពន្លឺអាចទម្លុះចូលតទៀតបាន។ ជាទូទៅចាប់ពីជម្រៅ ខ្ទង់ ១គីឡូម៉ែត្រ ឬជិតមួយគីឡូម៉ែត្រទៅ គឺពន្លឺព្រះអាទិត្យលែងអាចជ្រៀតចូលបានទៀតហើយ មិនថាកាំពន្លឺមួយណារបស់វាឡើយ៕