(ឥណ្ឌា)៖ ព្រះពុទ្ធគោតម ព្រះបរមគ្រូនៃយើងមានព្រះនាមដើមថា «ព្រះសិទ្ធត្ថ» ព្រះអង្គត្រូវបានប្រសូត្រឡើងនាឆ្នាំ៨០ មុនពុទ្ធសករាជ និងឆ្នាំ៦២៤ មុនគ្រិស្តសករាជ ក្នុងឧទ្យានមួយនាភាគឦសានចក្រភពឥណ្ឌាបុរាណ (សព្វថ្ងៃស្ថិតនៅប្រទេសនេប៉ាល់) ដែលមានព្រះបិតាព្រះនាម ព្រះបាទសុទ្ធោទនៈ និងព្រះមាតាព្រះនាម ព្រះសិរិមហាមាយា។

ក្រោយពីព្រះរាជឱរសប្រសូត្របានប្រាំថ្ងៃ ព្រះបាទសុទ្ធោទនៈ បានជ្រើសរើសព្រាហ្មណ៍ដ៏ពូកែចំនួនប្រាំបីនាក់ ដើម្បីឱ្យថ្វាយព្រះនាម និងទស្សទាយអំពីជោគវាសនារបស់ព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះនាមរបស់ព្រះរាជឱរសក៏ត្រូវបានប្រទានដាក់ឲ្យថា «ព្រះសិទ្ធត្ថ» ដែលមានន័យថា «អ្នកសម្រេចប្រយោជន៍គ្រប់ប្រការ»។

បន្ទាប់ពីគន់គូរលើលក្ខណៈរបស់ព្រះរាជឱរសរួចហើយ ហោរាព្រាហ្មណ៍បានមើលឃើញថា ព្រះរាជកុមារពិតជាប្រកបដោយលក្ខណៈមហាជ័យឧត្តម ៣២ប្រការ។ ព្រាហ្មណ៍ប្រាំពីរនាក់ក៏លើកម្រាមដៃពីរវាចារថា ប្រសិនបើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងក្លាយជាស្តេចចក្រពត្តិ ប៉ុន្តែប្រសិនបើព្រះអង្គចេញសាងផ្នួសវិញនោះ ព្រះអង្គនឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ ប៉ុន្តែបែរជាមានព្រាហ្មណ៍ម្នាក់ទៀតដែលមានវ័យក្មេងជាងគេឈ្មោះ កោណ្ឌញ្ញ បានពិចារណាលើទីកន្លែងដែលព្រះរាជឱរសប្រសូត គឺនៅក្នុងឧទ្យាន ព្រាហ្មណ៍នោះក៏លើកម្រាមដៃតែមួយ ហើយវាចាអះអាងយ៉ាងជាក់ប្រាកដថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធជាក់ជាមិនខាន។

មនុស្សភាគច្រើនាសម័យនោះមិនដឹងឡើយថា «ព្រះពុទ្ធ» មានលក្ខណៈ ភិនភាគ កិរិយា និងចំណេះដឹងយ៉ាងណានោះទេ ហើយប្រហែលជាគ្មានអ្នកណាយល់ពីសម្ដីរបស់ហោរាព្រាហ្មណ៍ ដែលទស្សទាយថា «ព្រះសិទ្ធត្ថកុមារនឹងក្លាយជាព្រះពុទ្ធ» នោះឡើយ។

ប៉ុន្តែមានការអះអាងថា មនុស្សនាសម័យនោះក៏មានអ្នកយល់អំពីពាក្យព្រះពុទ្ធខ្លះដែរ ពិសេសគឺព្រះបាទសុទ្ធោទនៈ ព្រះបិតារបស់ព្រះសិទ្ធត្ថកុមារតែម្ដង ពីព្រោះព្រះអង្គបានប្រើគ្រប់វិធីដើម្បីឱ្យព្រះរាជបុត្រក្លាយជាព្រះមហាក្សត្រស្នងរាជ្យពីព្រះអង្គ បានន័យថា ព្រះអង្គចង់ឱ្យព្រះសិទ្ធត្ថរាជបុត្រាក្លាយជាស្ដេចចក្រពត្តិច្រើនជាង។

សូមជម្រាបថា បច្ចុប្បន្នពុទ្ធសករាជមានរយៈពេល ២៥៦៤ឆ្នាំហើយ ប្រសិនបើបូកនឹងព្រះជន្មរបស់ព្រះពុទ្ធ ៨០ព្រះវស្សាទៀតនោះ គឺមានរយៈពេលដល់ទៅ ២៦៤៤ឆ្នាំ បានន័យថា កាលពី២៦៤៤ឆ្នាំមុន ប្រហែលជាគ្មានអ្នកណាយល់អំពីសម្ដីទស្សទាយរបស់ហោរាព្រាហ្មណ៍ ដែលថាព្រះគោតម ឬព្រះសិទ្ធត្ថនឹងត្រាស់ដឹងក្លាយជាព្រះពុទ្ធនោះឡើយ៕

ព្រះពុទ្ធប្រសូត្រ

ព្រាហ្មណ៍ទស្សទាយ

ព្រះរាជាភិសេក

ព្រះសិទ្ធត្ថ កាលនៅជាព្រះយុវរាជ

ព្រះពុទ្ធ ក្រោយពេលត្រាស់ដឹង

ត្រាស់ដឹង