(បរទេស)៖ «ឆាយណាថោន (Chinatown)» ជាទូទៅសំដៅលើតំបន់ប្រមូលផ្តុំនៃជនជាតិចិន ដែលស្ថិតនៅក្រៅប្រទេសចិន ក្រៅទីក្រុងហុងកុង ម៉ាកាវ ឬកោះតៃវ៉ាន់ ហើយភាគច្រើននៅតាមទីប្រជុំជន។ តំបន់ដែលគេនិយមហៅថា «Chinatown» នេះ មានវត្តមាននៅពាសពេញពិភពលោក ទាំងនៅអឺរ៉ុប អាមេរិក អាស៉ី អាហ្រ្វិក និងអូស្រ្តាលី ព្រមទាំងមជ្ឈិមបូព៌ា ជាដើម។
ការកកើតឡើងនៃ Chinatown ភាគច្រើន គឺចេញមកពីការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់ជនជាតិចិន ទៅកាន់តំបន់ដែលគ្មានឬមានតិចតួចនូវជនជាតិចិនរស់នៅ។ តំបន់ Chinatown នៅសង្កាត់ប៊ីណូនដូ (Binodo) ក្នុងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ត្រូវគេទទួលស្គាល់ថាជា Chinatown ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក គឺតាំងពីឆ្នាំ១៥៩៤។ ចំណែក Chinatown ដំបូងៗដែលគួរឲ្យកត់សម្គាល់ជាងគេនៅក្រៅពីតំបន់អាស៉ី គឺ Chinatown នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូរបស់សហរដ្ឋអាមេរិក និងនៅទីក្រុងមែលប៊នរបស់អូស្រ្តាលី ជាដើម ដែលត្រូវបានបង្កើតឡើង នៅពាក់កណ្តាលសតវត្សរទី១៩ កំឡុងសម័យរុករកឃើញរ៉ែមាសនៅរដ្ឋកាលីហ្វរញ៉ា និងរដ្ឋវិចតូរៀ។
* ប្រវត្តិនៃការកកើត Chinatown
បើតាមកំណត់ហេតុរបស់អ្នកប្រវត្តិសាស្រ្តចិននិងអឺរ៉ុប ជនជាតិចិនបានមកនាំគ្នាតាំងទីលំនៅជាច្រើន នៅតាមតំបន់ឆ្នេរនៃអាស៉ីគ្នេយ៍តាំងពីសតវត្សរ៍ទី១៦។ តំបន់ Chinatown នៅម្តុំអាស៉ីយើងភាគច្រើន មានប្រវត្តិយូរអង្វែងជាងតំបន់ដទៃៗទៀត គឺរាប់សតវត្សរ៍ឯណោះ។ តួយ៉ាង Chinatown នៅទីក្រុងណាហ្គាសាគី, កូបេ, និងយូកូហាម៉ា របស់ជប៉ុន ព្រមទាំងនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន និងនៅទីក្រុងហយអាន និងបាវវិញ របស់វៀតណាម គឺសុទ្ធតែមានវត្តមានរួចស្រេចនៅខ្ទង់ឆ្នាំ១៦០០។ រីឯ Chinatown នៅទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៉ី បានកកើតឡើងតាំងពីឆ្នាំ១៧៤០ ខណៈនៅក្នុងប្រទេសឥណ្ឌា Chinatown បានលេចឡើងដំបូងនៅទីក្រុងកូលកាតា ម៉ុមបៃ និងចិនណៃ អំឡុងទសវត្សរ៍ឆ្នាំ១៧៨០។ ចំណែក Chinatown នៅក្រុងបាងកករបស់ថៃ គឺបានប្រវត្តិតាំងពីឆ្នាំ១៧៨២ ស្មើនឹងអាយុទីក្រុងនេះតែម្តង។
សម្រាប់ការតាំងទីលំនៅរបស់ជនជាតិចិន នៅតាមតំបន់ដទៃទៀតនៃពិភពលោក គឺចាប់ផ្តើមមានសន្ទុះខ្លាំងឡើងនៅសតវត្សរ៍ទី១៩។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៨៣០ គេសង្កេតឃើញមានជនជាតិចិនចាប់ផ្តើមរស់នៅ ក្នុងទីក្រុងលីវើភូលរបស់អង់គ្លេស នៅពេលដែលកប៉ាល់ជំនួញដំបូងរបស់ចិន បានចូលមកចតនៅកំពង់ផែទីក្រុងនេះ ដើម្បីជួញដូរទំនិញ។ មកដល់ចុងទសវត្សរ៍ឆ្នាំ១៨៥០ ជនអន្តោប្រវេសន៍ចិនកាន់តែច្រើនបាននាំគ្នាទៅកាន់ទីក្រុងលីវើភូល។
Chinatown នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូនៃសហរដ្ឋអាមេរិក គឺជា Chinatown ដែលមានទំហំធំបំផុតមួយ នៅតំបន់អាមេរិកខាងជើង ហើយមានអាយុកាលចំណាស់ជាងគេបំផុតប្រចាំនៅតំបន់នេះ។ វាបានបម្រើជាច្រកចូលមកកាន់សហរដ្ឋអាមេរិកសម្រាប់ជនអន្តោប្រវេសន៍ចិនដំបូងៗ ចាប់ពីទសវត្សរ៍ឆ្នាំ១៨៥០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩០០។ អំឡុងពេលប្រហែលគ្នានេះ ជនជាតិចិនក៏បានធ្វើអន្តោប្រវេសន៍យ៉ាងផុសផុលទៅកាន់ប្រទេសអូស្រ្តាលីផងដែរ គឺនៅទីក្រុងម៊ែលបននៃរដ្ឋវិចតូរៀ ខណៈនាសម័យនោះ មានការរុករកឃើញរ៉ែមាសដំបូងៗ នៅរដ្ឋកាលីហ្វរញ៉ារបស់អាមេរិក និងរដ្ឋវិចតូរៀរបស់អូស្រ្តាលី។ ចាប់ពីពេលនោះមក Chinatown ក៏បានរីកដុះដាល នៅពាសពេញប្រទេសទាំងពីរ។ រីឯតំបន់ Chinatown ដទៃទៀត នៅតាមរដ្ឋធានីនៃបណ្តាប្រទេសអឺរ៉ុប រួមមានប៉ារីសនិងឡុងដ៍ ត្រូវបានបង្កើតឡើងនៅដើមសតវត្សរ៍ទី២០ ជាបន្តបន្ទាប់។
* ដើមកំណើតនៃពាក្យ Chinatown
ទោះបីពាក្យ «Chinatown» ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងតំបន់អាស៉ីក៏ដោយ វាមិនមែនចេញមកពីភាសាចិនឡើយ។ វត្តមានដំបូងបំផុតរបស់ពាក្យនេះ ទំនងជាមានជាប់ទាក់ទងទៅនឹងកន្លែងប្រមូលផ្តុំរស់នៅរបស់ជនជាតិចិន នៅក្នុងប្រទេសសិង្ហបុរី ដែលនៅឆ្នាំ១៨៤៤ គឺត្រូវបានគេហៅថា «China Town» ឬ «Chinatown» ដោយរដ្ឋាភិបាលអាណានិគមអង់គ្លេសរួចស្រេចទៅហើយ។ ពោលគឺវាទំនងជាការបកប្រែដោយផ្ទាល់មកជាភាសាអង់គ្លេស ចេញពីឈ្មោះជាភាសាម៉ាឡេស៉ីសម្រាប់កន្លែងនោះ។
គួរជម្រាបថា សព្វថ្ងៃនេះ តំបន់ Chinatown មានវត្តមាននៅគ្រប់ទីកន្លែងជុំវិញពិភពលោក គឺរួមមានទាំងអាហ្រ្វិក, អាមេរិកមិនថាជើង ត្បូង ឬកណ្តាលឡើយ ព្រមទាំងអូស្រ្តាលី អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៉ី ហើយ Chinatown ភាគច្រើន បានក្លាយជាតំបន់រស់នៅ និងតំបន់អាជីវកម្មរបស់ជាតិសាសន៍អាស៉ីចម្រុះតែម្តង ដោយផ្ទុយពីកាលដើមឡើយដែល Chinatown ភាគច្រើនគឺមានតែជនជាតិចិនផ្ទាល់រស់នៅប៉ុណ្ណោះ៕