(បរទេស)៖ បើនិយាយពី iPhone នរណាៗក៏ធ្លាប់បានលឺ និងស្គាល់ដែរ ប៉ុន្តែលោកអ្នកមានដឹងទេថា iPhone មានប្រវត្តិយ៉ាងណា មុនលេចចេញជារូបរាងឡើង។
យោងតាមការចេញផ្សាររបស់សារព័ត៌មាន Business Insider និង iMore ដែលបានដកស្រង់សម្ដីរបស់លោក Scott Forstall បុគ្គលិកជាន់ខ្ពស់ផ្នែករចនារបស់ Apple បានឱ្យដឹងថា «តាមពិតទៅលោក Steve Jobs ខឹងនឹងបុគ្គលិកម្នាក់របស់ Microsoft ទើបជំរុញឱ្យមានការបង្កើត iPhone ឡើង»។
លោក Scott Forstall បានរៀបរាប់ថា មានពេលមួយនោះ ស្ត្រីម្នាក់ដែលជាមិត្តភ័ក្តដ៏ល្អ និងជាអ្នកជិតខាងរបស់ភរិយាលោក Steve Jobs បានរៀបចំកម្មវិធីខួបកំណើត និងបានអញ្ជើញលោកស្រី និងលោក Steve Jobs ឱ្យចូលរួម។
នៅក្នុងកម្មវិធីនោះ បុរសម្នាក់ដែលជាម្ចាស់ផ្ទះ និងជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft បាននិយាយបែបឌឺដងដាក់ Steve Jobs ថា នៅពេលនេះក្រុមហ៊ុន Microsoft កំពុងបង្កើតឧបករណ៍ Touchscreen ដ៏អស្ចារ្យមួយ ហើយប្រហែលជាគ្មាននរណាអាចផលិតបានដូចឡើង។
សម្ដីនេះបានធ្វើឱ្យ Steve Jobs ដេកមិនលក់ពេញមួយយប់ លុះដល់ព្រឹកឡើង Steve Jobs បានប្រកាសប្រជុំបន្ទាន់មួយ ដោយប្រមូលមេវិស្វករជំនាញៗទាំងអស់ចូលរួមប្រជុំ។ នៅក្នុងកិច្ចប្រជុំនោះគឺមានលោក Scott Forstall ផងដែរ។ លោក Steve Jobs បានទុកពេលឱ្យក្រុមវិស្វករជំនាញ ៦ខែក្នុងការបង្កើតឧបករណ៍ថ្មីមួយ ដែលប្រើ Touchscreen និងមិនប្រើប៊ិច ពោលគឺគ្មានប៊ូតុងចុងអ្វីទាំងអស់។
ពេលកំណត់បានមកដល់គ្រប់គ្នាគឺពិតជាសប្បាយចិត្តមែនទែន ព្រោះថា ឧបករណ៍ដែល Steve Jobs ចង់បាននោះ គឺពិតជាអស្ចារ្យ និងសក្តិសមសម្រាប់អ្នកប្រើប្រាស់បំផុត ប៉ុន្តែវាមានទំហំធំបន្តិច (វាគឺជា iPad) ។
ដោយសារតែឃើញថា ឧបករណ៍ថ្មីនោះធំ លោក Steve Jobs ក៏បានសួរទៅកាន់ក្រុមវិស្វករជំនាញទាំងនោះថា តើអាចធ្វើឱ្យឧបករណ៍មួយនេះមានទំហំតូចអាចដាក់ក្នុងហោប៉ាវបានទេ? ពេលនោះក្រុមអ្នកជំនាញបានឆ្លើយព្រមគ្នាថា «បាន» ។
ក្រុមវិស្វករបានប្រែក្លាយ ឧបករណ៍នោះមកនៅតូចប៉ុន iPhone 2G។ លោក Steve Jobs បានសម្រេចចិត្ត ដាក់ឈ្មោះវាថា "iPhone" និងជាស្មាតហ្វូនដំបូងរបស់ Apple ចំណែកឧបករណ៍ដែលធំនោះដាក់ឈ្មោះថា "iPad" និងបានប្រកាសថា iPad ដែលជាឧបករណ៍ Touchscreen ដំបូងគេរបស់ Apple នោះ ទុកវាមួយឡែកសិន ដោយត្រូវយក iPhone វាយលុកទីផ្សារស្មាតហ្វូនមុនគេសិន។
ទីបំផុតដោយសារតែការខឹងរបស់ Steve Jobs ក៏ទទួលបានសមិទ្ធិផលដ៏អស្ចារ្យមួយឡើង ហើយសមិទ្ធិផលនេះហើយបានធ្វើឱ្យក្រុមហ៊ុនផលិតទូរស័ព្ទដៃមួយចំនួនស្ទើរតែបាត់មុខពីទីផ្សារ។
iPhone 2G ឬ iPhone ជំនាន់ទី១ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០០៧ និងក្រោយមកទៀតចេញលក់នៅតាមបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។
មនុស្សគ្រប់គ្នាបានកោតសរសើរលោក Steve Jobs ដែលមានគំនិតបង្កើត iPhone 2G ឡើង ព្រោះវាមិនត្រឹមតែជាសមិទ្ធិផលដ៏អស្ចារ្យប៉ុណ្ណោះទេ វាគឺជាគំនិតច្នៃប្រឌិតថ្មីមួយគ្មានគេប្រៀប ខណៈដែលពេលនោះការប្រើប្រាស់នៃឧបករណ៍ Touchscreen មិនទាន់ទូលំទូលាយ ហើយវាក៏សមស្របទៅនឹងសម្ដីរបស់ Steve Jobs ដែលបាននិយាយថា «គ្រប់យ៉ាងស្ថិតនៅលើចង្អុលដៃរបស់អ្នក»៕