(ពិភពលោក)៖ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មិនទាន់មានអ្នកនយោបាយណាម្នាក់ បានកាន់តំណែងជាប្រធានាធិបតី លើសពី ២អាណត្តិទេ ប៉ុន្តែមានបុរសខ្លាំងម្នាក់ ត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតឲ្យកាន់តំណែង រហូតដល់ទៅ ៤អាណត្តិជាប់ៗគ្នាឯណោះ ដែលបុរសរូបនោះមានឈ្មោះថា ហ្រ្វង់គ្លីន រ៉ូស្វែល (Franklin Roosevelt)។ រ៉ូស្វែល ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ១៩៣២, ១៩៣៦, ១៩៤០, និង ១៩៤៤។
រឿងអស្ចារ្យមួយចំនួនរបស់លោក រ៉ូស្វែល ដែលត្រូវបានប្រវត្តិវិទូកត់ត្រាទុកជាប្រវត្តិសាស្ត្រ នោះគឺ លោកបានដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយរបស់អាមេរិកដោយជោគជ័យ, ជាអ្នកចុះហត្ថលេខាគាំទ្រគម្រោងផលិតគ្រាប់បែកបរិមាណូដំបូងបង្អស់, និងជាអ្នកផ្តួចផ្តើមឲ្យមានការបង្កើតអង្គការសហប្រជាជាតិផងដែរ។ ប៉ុន្តែរឿងដ៏គួរឲ្យសោកស្តាយបំផុតចំពោះ រ៉ូស្វែល គឺគាត់មានជំងឺស្វិតសាច់ដុំ រហូតធ្លាក់ខ្លួនពិការ និងបានលាចាកលោកទៅវិញ ៣ខែមុនការឡើងកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៤ ក្នុងការដឹកនាំសហរដ្ឋអាមេរិក។
ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ របស់អ្នកល្បីល្បាញក្នុងប្រវត្តិសាស្ត្រពិភពលោកខាងលើនេះ ដូចខាងក្រោម៖
មានឈ្មោះដើមថា ហ្វ្រង់គ្លីន ដេឡាណូ រ៉ូស្វែល (Franklin Delano Roosevelt) អ្នកនយោបាយរូបនេះ ត្រូវបានសង្គមអន្តរជាតិស្គាល់ជាទូទៅក្នុងអក្សរកាត់ថា FDR។ រ៉ូស្វែល គឺជាអ្នកនយោបាយអាមេរិកដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត្រ និងជាប្រធានាធិបតីអាមេរិកទី៣២ ចាប់ពីឆ្នាំ១៩៣៣ រហូតដល់ពេលគាត់ស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នៅឆ្នាំ១៩៤៥។ គាត់ជាសមាជិកម្នាក់របស់គណបក្សប្រជាធិបតេយ្យ (Democratic Party)។
លោក រ៉ូស្វែល បានកើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៨២ នៅតំបន់ Hyde Park ក្នុងរដ្ឋញ៉ូវយ៉ក ហើយលោកគឺជាសាច់ញាតិរបស់ប្រធានាធិបតីអាមេរិកទី២៦ ឈ្មោះថា Theodore Roosevelt ផងដែរ។ លោកបានបញ្ចប់ការសិក្សាពីសាលា Groton និងសាលវិទ្យាល័យ Harvard ហើយចូលរៀនផ្នែកច្បាប់នៅសាលាច្បាប់ Columbia ទៀតផង ប៉ុន្តែលោកមិនបន្តការសិក្សាឡើយ បន្ទាប់ពីប្រឡងជាប់វិជ្ជាជីវៈ ដើម្បីហាត់ការផ្នែកច្បាប់នៅរដ្ឋញ៉ូវយ៉ក។
រ៉ូស្វែល ជាប់ការបោះឆ្នោតក្លាយជាសភាជាន់ខ្ពស់នៃអង្គនីតិបញ្ញត្តិ របស់រដ្ឋញ៉ូវយ៉ក នៅឆ្នាំ១៩១០ ហើយក្លាយជាជំនួយការលេខាធិការកងទ័ពជើងទឹក ASN ផងដែរ។ ក្នុងឆ្នាំ១៩២១ លោកបានកើតជំងឺខ្វិន Paralytic illness ដែលធ្វើសាច់ដុំរួមតូច ហើយក្រោយមកជើងរបស់គាត់បានពិការជារៀងរហូតទៅ។
ទោះបីជាមិនអាចដើរបានដូចមុនក៏ដោយ ក៏លោក រ៉ូស្វែល បានត្រឡប់ទៅធ្វើការវិញ ហើយឈ្នះឆ្នោតក្លាយជាអភិបាលរដ្ឋញ៉ូវយ៉ក នៅឆ្នាំ១៩២៨។
ក្នុងការបោះឆ្នោតជាប្រធានាធបតីអាមេរិក នៅឆ្នាំ១៩៣២ រ៉ូស្វែល បានយកឈ្នះគណបក្សសាធារណរដ្ឋរបស់លោក Herbert Hoover ដែលជាប្រធានាធិបតីទី៣១ យ៉ាងប្លូកទឹកប្លូកដីបំផុត ដែលនេះគឺជាការឡើងកាន់តំណែង សម្រាប់អាណត្តិទី១ របស់លោក។ គាត់បានចាប់ផ្តើមការងារជាប្រធានាធិបតី នៅអំឡុងពេលពាក់កណ្តាលវិបត្តិមួយឈ្មោះថា the Great Depression ដែលជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
អំឡុងពេល១០០ថ្ងៃ នៃសម័យប្រជុំសភាអាមេរិកលើកទី៧២ រ៉ូស្វែល បានដឹកនាំកែប្រែច្បាប់សហព័ន្ធ ហើយបានដាក់ចេញបទបញ្ជាជាច្រើន ដែលមិនធ្លាប់មានពីមុន ដើម្បីជួយគាំទ្រលើការអនុវត្តគម្រោង News Deal របស់គាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ រ៉ូស្វែល ក៏បង្កើតកម្មវិធីនានាជាច្រើន ដើម្បីជួយអ្នកគ្មានការងារធ្វើ និងកសិករ ខណៈដែលលោកក៏ស្វែងរកវិធីធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ។ គាត់ថែមទាំងបានធ្វើកំណែទម្រង់ បទដ្ឋានគតិយុត្តចម្បងៗជាច្រើន ដែលទាក់ទងទៅនឹងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងមុខរបរផងដែរ។
បន្ថែមលើនេះ លោកបានប្រើវិទ្យុក្នុងការនិយាយដោយផ្ទាល់ ទៅកាន់ប្រជាពលរដ្ឋអាមេរិកទាំងអស់ ក៏ដូចជាផ្តល់ឱកាសឲ្យពលរដ្ឋអាចជជែកជាមួយគាត់ពេលល្ងាចឡើងតាមកម្មវិធីវិទ្យុ Fireside Chat អំឡុងពេលគាត់ធ្វើជាប្រធានាធិបតី។ ទំនាក់ទំនងបែបនេះ មានតែលោក រ៉ូស្វែល ទេ ដែលបង្កើតឡើងដំបូងគេបង្អស់ក្នុងចំណោមប្រវត្តិសាស្ត្រប្រធានាធិបតីអាមេរិក។
ជាមួយនឹងការធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញយ៉ាងឆាប់រហ័ស លោកប្រធានាធិបតី រ៉ូស្វែល បានបន្តឈ្នះឆ្នោតម្តងទៀតយ៉ាងត្រចេះត្រចង់ នៅឆ្នាំ១៩៣៦។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកទៀត សេដ្ឋកិច្ចនៅអាមេរិក បានធ្លាក់មកវិញយ៉ាងគំហុក ប៉ុន្តែប្រធានាធបតីរូបនេះ នៅតែអាចដោះស្រាយបានយ៉ាងល្អបំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋ ដឹងកាន់តែច្បាស់ពីសមត្ថភាពដឹកនាំរបស់គាត់។ ប្រជាពលរដ្ឋអាមេរិក បានបោះឆ្នោតជ្រើសរើសលោក រ៉ូស្វែល ឲ្យបន្តធ្វើជាប្រធានាធបិតី នៅឆ្នាំ១៩៤០ ដែលនេះក្លាយជាការកាន់តំណែងរបស់លោក ក្នុងរយៈពេល ៣អាណត្តិជាប់ៗគ្នា ហើយប្រការនេះក៏ធ្វើឲ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ដែលជាប់ឆ្នោតលើសពី២ដងផងដែរ។
ជាមួយនឹងការផ្ទុះឡើងវិញ នៃសង្គ្រាមលោកលើកទី២ ក្រោយឆ្នាំ១៩៣៨, រ៉ូស្វែល បានផ្តល់ហិរញ្ញវត្ថុ និងភ្ជាប់ទំនាក់ទងយ៉ាងរឹងមាំ ជាមួយចិន អង់គ្លេស និងសហភាពសូវៀត ខណៈពេលអាមេរិកនៅតែប្រកាន់គោលជំហរអព្យាក្រឹត្យជាផ្លូវការដដែល។ បន្ទាប់ពីការវាយប្រហាររបស់ជប៉ុន នៅឯកំពង់ផែ Pearl Harbor នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ព្រឹត្តិការណ៍មួយដែលមានឈ្មោះថា A date which will live in infamy, រ៉ូស្វែល ទទួលបានការឯកភាពពីសភាអាមេរិក ក្នុងការធ្វើសង្គ្រាមជាមួយជប៉ុន ក្រោយមកទៀតជាមួយអាល្លឺម៉ង់ និងអ៉ីតាលី។
ក្រោមការផ្តល់យោបល់ពីទីប្រឹក្សារបស់លោកឈ្មោះ Harry Hopkins និងជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីជាតិទាំងមូលនោះ, រ៉ូស្វែល ធ្វើការយ៉ាងជិតស្និតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill, មេដឹកនាំសហភាពសូវៀត Joseph Stalin, និងអគ្គមេបញ្ជាការរបស់ចិន កាលនោះគឺលោក ចាង ខៃចៀក (Chiang Kai Shek) ក្នុងការដឹកនាំសម្ព័ន្ធមិត្ត ដែលមានក្រុមមួយឈ្មោះថា Allied Powers ដើម្បីប្រឆាំងនឹងបច្ចាមិត្តដូចជាជប៉ុន អាល្លឺម៉ង់ និងអ៉ីតាលី ដែលមានក្រុមឈ្មោះថា Axis Powers។
រ៉ូស្វែល បានយកចិត្តទុកដាក់យ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ការធ្វើសង្គ្រាម, អនុវត្តន៍យុទ្ធសាស្ត្រ Europe First, និងយកឈ្នះអាល្លឺម៉ង់ និងជប៉ុន។ ក្នុងពេលសង្គ្រាមនោះដែរ លោកថែមទាំងផ្តួចផ្តើមក្នុងការអភិវឌ្ឍ នៃការបង្កើតគ្រាប់បរិមាណូដំបូងបង្អស់លើពិភពលោកទៀតផង ដែលអាវុធប្រល័យលោកមួយនេះ បានវាយប្រហារប្រទេសជប៉ុន ស្ទើរតែក្លាយជាផេះ និងធ្វើឲ្យប្រទេសនេះចុះចាញ់សង្គ្រាមដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ក្រោយឈ្នះសង្គ្រាមលោកលើកទី២ រ៉ូស្វែល បានធ្វើការជាមួយមេដឹកនាំ ដែលជាសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីបង្កើតស្ថាប័នមួយក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក ដែលមកដល់ពេលនេះ ស្ថាប័ននោះក្លាយជាអង្គការសហប្រជាជាតិ។ លោកបានបន្តជាប់ឆ្នោត សម្រាប់អាណត្តិទី៤ នៅឆ្នាំ១៩៤៤ ប៉ុន្តែដោយសារជំងឺប្រចាំកាយ គាត់បានស្លាប់នៅក្នុងខែមេសា ឆ្នាំ១៩៤៥ ដែលវាជារយៈពេលតិចជាង ៣ខែប៉ុណ្ណោះ មុនលោកឡើងកាន់តំណែងជាប្រធានាធិបតីពេញសិទ្ធិ សម្រាប់អាណត្តិទី៤៕