(ពិភពលោក)៖ កាលពីពេលថ្មីៗនេះ មានករណីប៉ូលីសអាមេរិកស្បែកសមួយក្រុម បានសង្កត់កបុរសស្បែកខ្មៅម្នាក់គឺលោក George Floyd រហូតទាល់តែដាច់ខ្យល់ស្លាប់នឹងនៅកន្លែង គួរឲ្យអាណោចអធមយ៉ាងក្រៃលែង។ ស្របពេលជាមួយគ្នានោះដែរ ដំណឹងនេះបានធ្វើឲ្យប្រជាជនទូទាំងពិភពលោក ជាពិសេសជនជាតិស្បែកខ្មៅ ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំស្ទើរតែគ្រប់ប្រទេស ដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះរូបនោះ។
ហេតុការណ៍រង្គើពិភពលោកខាងលើនេះ ធ្វើឲ្យគេនឹកឃើញដល់លោក ណែលសុន ម៉ានដេឡា (Nelson Mandela) ដែលជាបុគ្គលម្នាក់បានលះបង់ស្ទើរតែមួយជីវិតរបស់លោក ដើម្បីរើបម្រះពីការជិះជាន់របស់ពួកជនជាតិស្បែកស រហូតទទួលបានជោគជ័យ។ ដោយសារការលះបង់របស់គាត់ ប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគាត់ធ្វើជាប្រធានាធិបតីដំបូងបង្អស់ នៃអាហ្រ្វិចខាងត្បូង យ៉ាងប្លូកទឹកប្លូកដី ហើយលើសពីនេះលោកក៏ទទួលបានពានរង្វាន់ណូបែលសន្តិភាពផងដែរ។
ចង់ដឹងថាតើលោក ម៉ាន់ដេឡា មានប្រវត្តិក្រោកឡើង តស៊ូដើម្បីទាមទារសេរីភាព ដល់ពលរដ្ឋស្បែកខ្មៅយ៉ាងណាខ្លះ សូមប្រិយមិត្តអ្នកអាន ស្វែងយល់អត្ថបទចំណេះដឹងទូទៅ ដែលរៀបចំដោយ Fresh News Plus ដូចខាងក្រោមនេះ៖
* អំពីកុមារភាព និងការសិក្សា៖
លោក ណែលសុន ម៉ាន់ដេឡា មានឈ្មោះដើមថា ណែលសុន រ៉ូលីឡាឡា ម៉ាន់ដេឡា (Nelson Rolihlahla Mandela)។ លោកបានកើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩១៨ នៅក្នុងកុលសម្ព័ន្ធមួយឈ្មោះថា Madiba នៅក្នុងភូមិ Mvezo ក្នុងតំបន់ Eastern Cape ដែលជាខេត្តមួយនៅប្រទេសអាហ្វ្រិចខាងត្បូង។
អនាគតប្រធានាធិបតីរូបនេះ មានម្តាយឈ្មោះ Nonqaphi Nosekeni និងឪពុកឈ្មោះ Nkosi Mphakanyiswa Gadla Mandela មេកុលសម្ព័ន្ធ Xhosa ដែលជាអម្បូរជនជាតិដើមមួយ នៃទឹកដីអាហ្វ្រិចខាងត្បូង។ នៅឆ្នាំ១៩៣០ ពេលដែលលោក ម៉ាន់ដឺឡា មានអាយុ ១២ឆ្នាំ ឪពុកបានចែកឋានទៅ ហើយលោកបានក្លាយជាអ្នកស្នងតំណែងពីឪពុករបស់លោក។
គាត់បានចូលរៀនថ្នាក់បឋមសិក្សា នៅភូមិមួយឈ្មោះថា Qunu បន្ទាប់មកគ្រូបង្រៀនគាត់ បានដាក់ឈ្មោះឲ្យគាត់ថា ណែលសុន ដោយអនុលោមតាមការតម្រូវឲ្យសិស្សមានឈ្មោះបែបគ្រិស្តសាសនា។ ក្នុងនាមជាកូនរបស់មេកុលសម្ព័ន្ធ ម៉ាន់ដេឡា ត្រូវបានចិញ្ចឹមថែរក្សាយ៉ាងល្អ ហើយក៏ទទួលបានការសិក្សារៀនសូត្រច្រើនជាងក្មេងដទៃទៀត ដោយរៀនតាមរយៈអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត ពីជនជាតិអង់គ្លេសបានយ៉ាងល្អ ធ្វើឲ្យគាត់ប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ។
នៅពេលធំដឹងក្តី ម៉ាន់ដេឡា បានចូលរៀនថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យ Witwartersrand ផ្នែកនីតិសាស្ត្រ និងបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្ស ANC (African National Congress) ដែលជាគណបក្សរបស់ជនស្បែកខ្មៅ។ កាលនោះ ម៉ាន់ដេឡា បានធ្វើដំណើរទៅកាន់ Johannesburg ដែលជាទីក្រុងដ៏ធំ និងទាន់សម័យបំផុត របស់អាហ្វ្រិចខាងត្បូង។ នៅទីនោះហើយ ដែលធ្វើឲ្យលោក ម៉ាន់ដេឡា មើលឃើញការរើសអើងពណ៌សម្បុរដ៏ហួសហេតុ ពីរដ្ឋាភិបាលស្បែកស ដែលដណ្តើមយកទឹកដីពីជនជាតិស្បែកខ្មៅ តាំងពីឆ្នាំ១៨៧១មក។
ដោយសារ ម៉ាន់ដេឡា ដែលជាជនជាតិស្បែកខ្មៅ ក្នុងចំណោមជនជាតិស្បែកខ្មៅជាច្រើនទៀត ត្រូវគេបង្កើតច្បាប់មកដើម្បីជាន់ឈ្លី និងមើលងាយមើលថោកបែបនេះហើយ ទើបធ្វើឲ្យអនាគតប្រធានាធិបតីអាហ្វ្រិចខាងត្បូងរូបនេះ មានការឈឺចាប់យ៉ាងខ្លាំង និងមានបំណងស្រោចស្រង់ជនជាតិខ្លួន ពីក្រញ៉ាំពួកស្បែកស ដែលគ្មានក្តីមេត្តានោះ។
* អំពីការចូលប្រឡូកចូលវិស័យនយោបាយ៖
ច្បាប់ស្តីពីការរើសអើងពណ៌សម្បុរ តម្រូវឲ្យជនជាតិដើមស្បែកខ្មៅ ជាម្ចាស់ប្រទេសពិតប្រាកដ បែរក្លាយជាពលរដ្ឋទី២ ធ្វើឲ្យមានការបែងចែកសិទ្ធិ និងវណ្ណៈផងដែរ។ ច្បាប់នេះ តម្រូវថា ជនជាតិស្បែកខ្មៅគ្មានសិទ្ធិធ្វើនយោបាយ ត្រូវប្រកបអាជីពតាមដែលរដ្ឋាភិបាលកំណត់ឲ្យ ឬបើសិនធ្វើការរួមជាមួយជនស្បែកស ពួកគេនឹងទទួលបានប្រាក់បំណាច់ តិចជាងជនស្បែកសជាដើម។
បន្ថែមលើនេះ ច្បាប់នេះកំណត់រឿងអាក្រក់ៗមួយចំនួនទៀត រួមមាន៖ ក្មេងស្បែកខ្មៅមិនអាចចូលរៀនជាមួយក្មេងស្បែកសបានទេ, ជនជាតិស្បែកខ្មៅគ្មានសិទ្ធិអង្គុយតាមទីសាធារណៈ បានតាមចិត្តដូចពួកជនស្បែកសទេ, ជនជាតិស្បែកខ្មៅមានសិទ្ធិចូលទិញទំនិញតែក្នុង ហាងទំនិញសម្រាប់ពួកស្បែកខ្មៅប៉ុណ្ណោះ។
ម៉ាន់ដេឡា បានប្រមែប្រមូលប្រជាជនស្បែកខ្មៅ ដែលមានអម្បូរផ្សេងៗគ្នា ឲ្យរួបរួមគ្នាឡើង ដើម្បីធ្វើការប្រឆាំងទាមទារសិទ្ធិសេរីភាព ដែលខ្លួនគួរតែមាន។ លោកបានប្រើភាពជាអ្នកដឹកនាំ បុគ្គលិកលក្ខណៈអង់អាចក្លាហាន ភាពប៉ិនប្រសប់ក្នុងការប្រើវោហារ ដើម្បីបើកបង្ហាញពីទ្រឹស្តីនយោបាយ ទៅកាន់មហាជនរួមជាតិសាសន៍បានយ៉ាងត្រូវចំណុច រួមផ្សំជាមួយនឹងខ្លួនមានចំណេះជ្រៅជ្រះខាងនីតិសាស្ត្រ និងសមត្ថភាពគ្រប់គ្រងខាងនយោបាយដ៏ឆ្នើម ទើបធ្វើឲ្យលោកក្លាយជាបុគ្គលដ៏សំខាន់ និងមានឥទ្ធិពល និងមានប្រជាប្រិយបំផុត សម្រាប់ប្រជាពលរដ្ឋអាហ្វ្រិចខាងត្បូង រាប់សិបលាននាក់ ហើយក៏ជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនអាហ្វ្រិចខាងត្បូង ដែលនឹងទាមទារប្រទេសនេះ ឲ្យមកជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្ចាស់ដើមវិញ។
* អំពីការជាប់ឃុំឃាំងរយៈពេល ២៨ឆ្នាំ៖
ដំបូងឡើយ ម៉ាន់ដេឡា បានជ្រើសរើសប្រើការធ្វើបាតុកម្មបែបអហិង្សា ដូចមហាត្មៈ គន្ធី ដែរ ប៉ុន្តែក្រោយមកដោយសារមិនអាចទ្រាំមើលពួកទាហានស្បែកស ប្រើអំពើហិង្សាមកលើក្រុមបាតុករ លោកបានសម្រេចបង្កើតកងកម្លាំងប្រដាប់អាវុធមួយឈ្មោះ សភាជាតិអាហ្វ្រិចខាងត្បូង ដើម្បីទាមទារសេរីភាព និងឥស្សរភាព ក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួន។ ម៉ាន់ដេឡា ត្រូវបានគេចាប់ដាក់គុក ក្រោមហេតុផលថា មានគម្រោងដើម្បីផ្តួលរំលំរដ្ឋាភិបាល និងជាអ្នកបង្កវិនាសកម្មសម្រាប់ជាតិ។
ម៉ាន់ដេឡា ត្រូវបានយកទៅឃុំនៅលើកោះ Robben ស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងត្បូង ទន្ទឹមនឹងច្រាំង Cape Town។ គួរបញ្ជាក់ថា Robben គឺជាកោះនៅឆ្ងាយ ដែលគ្មាននរណាអាចហែលទៅដល់ និងឡោមព័ទ្ធទៅដោយកំផែងរបងដ៏រឹងមាំ និងមិនងាយនឹងរត់គេចចេញបានឡើយ។
ម៉ាន់ដេឡា រស់នៅក្នុងគុកអស់រយៈពេល ២៨ឆ្នាំ នៅក្នុងបន្ទប់ដ៏តូចចង្អៀត គ្មានគ្រែ និងសម្ភារប្រើប្រាស់អ្វីទាំងអស់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវចេញទៅធ្វើការជាទម្ងន់ ហើយក្នុង ១ឆ្នាំ គេឲ្យជួបនឹងគ្រួសារម្តង ខណៈជួបម្តងៗ មានរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ ក្នុងរយៈពេល ៦ខែ ទើបអាចផ្ញើសំបុត្របានម្តង ហើយក្នុងពេលដំបូងៗ ផ្ញើបានចំពោះគ្រួសារតែប៉ុណ្ណោះ លុះក្រោយមកទៀត ទើបគេអនុញ្ញាតឲ្យលោក ផ្ញើទៅកាន់មិត្តភក្តិបាន ប៉ុន្តែគ្រប់សំបុត្រ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីគុកជាមុនសិន។
* អំពីការរួចពីពីពន្ធនាគារ ក្លាយជាប្រធានាធិបតី៖
រដ្ឋាភិបាលស្បែកស គិតខុសថា ពេលចាប់លោក ម៉ាន់ដេឡា ដាក់គុកហើយនោះ នឹងធ្វើឲ្យជនជាតិស្បែកខ្មៅខ្លាចរអា តែផ្ទុយទៅវិញ ជនជាតិអាហ្រ្វិចទាំងនោះគ្រប់ជាតិសាសន៍ ចាប់ផ្តើមរើបម្រះកាន់តែខ្លាំងទៅៗ រហូតដល់មានការបង្ហូរឈាមគ្នាទៀតផង។ សកម្មភាពពុះកញ្ជ្រោលនេះ បានធ្វើឲ្យរដ្ឋាភិបាលស្បែកស បន្ថូរបន្ថយច្បាប់រើសអើងពូជសាសន៍ ប៉ុន្តែនៅតែមិនអាចរំលត់កំហឹង ក្រុមស្បែកខ្មៅបានឡើយ។
ចលនាប្រឆាំងពីជនជាតិដើមស្បែកខ្មៅ រួមផ្សំនឹងការដាក់គំនាបផ្សេងៗ បានធ្វើឲ្យរដ្ឋាភិបាលអាហ្វ្រិចខាងត្បូង ដឹកនាំដោយលោក F.W. de Klerk ត្រូវតែបង្ខំចិត្តដោះលែង ម៉ាន់ដេឡា ដោយគ្មានលក្ខខណ្ឌ។ ម៉ាន់ដេឡា ត្រូវបានដោះលែងពីគុកវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩០ ដែលកាលនោះគាត់មានអាយុ ៧២ឆ្នាំទៅហើយ។
ចេញពីគុកថ្មីៗ កេរ្តិ៍ឈ្មោះរបស់ ម៉ាន់ដេឡា កាន់តែល្បីខ្ទរខ្ទារ ហើយលោកត្រូវបានគេផ្តល់រង្វាន់ណូបែលសន្តិភាព នៅឆ្នាំ១៩៩៣ បន្ទាប់ពីចេញពីគុកបាន ៣ឆ្នាំ។ បន្ទាប់មកទៀត ប្រជាជនបានបោះឆ្នោត ឲ្យលោកក្លាយជាប្រធានាធិបតីអាហ្វ្រិចខាងត្បូង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ១៩៩៤ បន្ទាប់ពីចេញពីគុកបាន៤ឆ្នាំ។ ពេលដឹកនាំប្រទេស ប្រធានាធិបតីរូបនេះ ប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ទោះបីមានវ័យជរាទៅហើយក្តី។
មនុស្សជំនិតរបស់លោក បានអះអាងថា ម៉ាន់ដេឡា តែងតែភ្ញាក់ពីព្រលឹមនៅម៉ោង ៥កន្លះព្រឹក ហើយចេញដំណើរទៅក្រៅទីក្រុងម្តងៗ ៣ម៉ោង ដើម្បីសួរសុខទុក្ខ និងផ្សារភ្ជាប់ទំនាក់ទំនង សាកសួរពីបញ្ហាដែលពួកគេកំពុងជួបប្រទះ ក៏ដូចជាណែនាំវិធីធ្វើការងារដល់ប្រជាពលរដ្ឋផងដែរ៕
Nelson Mandela in Johannesburg, Gauteng, on 13 May 2008
Nelson Mandela in prison
Nelson Mandela with Nobel Peace Prize
Nelson Mandela as a president
Nelson Mandela (top row, second from left) on the steps of Wits University.
(Image: © Wits University Archives)
Nelson Mandela on the roof of Kholvad House in 1953.
(Image: © Herbert Shore, courtesy of the Ahmed Kathrada Foundation)
Nelson Mandela on the roof of Kholvad House in 1953.
(Image: © Herbert Shore, courtesy of the Ahmed Kathrada Foundation)
A picture captured during a rare visit from his comrades at Victor Verster Prison.
(Image: © National Archives of South Africa)