(បរទេស)៖ នៅលើពិភពលោកនេះ មានប្រទេសដែលមានដែនដីធំសម្បើមខ្លាំងដូចជារុស្ស៉ី ចិន សហរដ្ឋអាមេរិក កាណាដា និងប្រេស៉ីល ជាដើម ខណៈប្រទេសខ្លះគឺតូចខ្លាំង សឹងតែមើលក្នុងផែនទីមិនឃើញឡើយ។ តើប្រទេសណាខ្លះ ដែលមានទំហំផ្ទៃដីតូចជាងគេបង្អស់?
១៖ វ៉ាទីកង់ (Vatican City)
ជាមួយផ្ទៃដីត្រឹមតែ០.៤៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបចំនួនជាង ៨០០នាក់ប៉ុណ្ណោះនោះ បុរីវ៉ាទីកង់ជាប់ឈ្មោះជាប្រទេសដែល តូចបំផុតនៅលើពិភពលោក។ តាមពិតទៅ វ៉ាទីកង់ជាបុរីរដ្ឋឯករាជ្យមួយ ដែលស្ថិតនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី។ បុរីវ៉ាទីកង់ត្រូវបាន បង្កើតឡើងតាមរយៈសន្ធិសញ្ញាឡាតឺរ៉ាន (Lateran) កាលពីឆ្នាំ១៩២៩ ហើយវាត្រូវមនុស្សជាច្រើនស្គាល់ ដោយសារតែជាកន្លែងសម្តេច ប៉ាប (Pope) ស្នាក់នៅ។
២៖ ម៉ូណាកូ (Monaco)
ម៉ូណាកូ គឺជាបុរីរដ្ឋឯករាជ្យមួយផ្សេងទៀត និងជាប្រទេសតូចជាងគេទីពីរនៅលើពិភពលោក។ ផ្ទៃដីរបស់ម៉ូណាកូគឺទំហំ០.៧៨គីឡូម៉ែត្រ ការ៉េ ដែលត្រូវបានរកឃើញនៅក្នុងតំបន់ Riviera ភាគអាគ្នេយ៍នៃប្រទេសបារាំង។ ម៉ូណាកូ មានព្រំប្រទល់ស្ទើរតែគ្រប់ជ្រុងជ្រោយទាំង អស់ជាប់ទៅនឹងប្រទេសបារាំង លើកលែងផ្នែកតែមួយប៉ុណ្ណោះដែលជាប់ទៅនឹងសមុទ្រមេឌីទែរ៉ាណេ។
បើទោះបីជាប់ឈ្មោះជាប្រទេសដែលមានទំហំតូចមែនពិត ប៉ុន្តែប្រទេសម៉ាណាកូមានចំនួនប្រជាជនរស់នៅច្រើនគួរសម ដែលបច្ចុប្បន្ន នេះមានមនុស្សរស់នៅក្នុងប្រទេសសរុបទាំងអស់ ៣៨,៦៨២នាក់ ដែលចំនួននេះបានធ្វើឱ្យប្រទេសម៉ូណាកូ ក្លាយជាបុរីរដ្ឋអធិបតេយ្យ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅលើភពផែនដី។
៣៖ ណូរូ (Nauru)
ប្រទេសទាំងពីរខាងលើ គឺមានមនុស្សភាគច្រើនស្គាល់ ប៉ុន្តែមួយនេះវិញច្បាស់ជាពុំមានអ្នកស្គាល់ច្រើនឡើយ។ ណូរូគឺជាប្រទេសដីកោះ មួយដែលស្ថិតនៅអនុតំបន់ Micronesia ក្នុងភូមិភាគកណ្ដាលនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វាគឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុង ចំណោមបណ្តាប្រទេស ដែលមានផ្ទៃដីទំហំតូចជាងគេបំផុតលើពិភពលោក ជាមួយនឹងទំហំផ្ទៃក្រឡា២១គីឡូម៉ែត្រការ៉េ និងមនុស្សរស់នៅ ជាង១២,០០០ម៉ឺននាក់។
ទោះបីជាវា មានទំហំធំជាងប្រទេសចំនួនពីរខាងលើក៏ពិតមែន ប៉ុន្តែទំហំផ្ទៃដីរបស់ប្រទេសនេះ នៅមានភាពខុសគ្នាយ៉ាងខ្លាំង បើប្រៀបទៅ នឹងបណ្តា ប្រទេសដទៃទៀត នៅជុំវិញពិភពលោក។ ប្រទេសដែនកោះនេះ ធ្លាប់ស្ថិតនៅក្នុងអាណានិគមអាឡឺម៉ង់ ប៉ុន្តែភាពជាម្ចាស់នៅលើ កោះនេះ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ នៅពេលឆ្លងកាត់សង្គ្រាមលោកទាំងពីរលើក។ នៅទីបំផុត ណូរូក៏ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៦៨។
៤៖ ទូវ៉ាលូ (Tuvalu)
ទូវ៉ាលូគឺជាប្រទេសដីកោះមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងអនុតំបន់ Polynesia នៃមហាសមុទ្រប៉ាស៉ីហ្វិក ជាមួយនឹងផ្ទៃដីទំហំ២៦ គីឡូម៉ែត្រការ៉េ។ ទូវ៉ាលូគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសដែលមានទំហំផ្ទៃដីតូចជាងគេបំផុតលើពិភពលោក។ វិធីងាយស្រួលបំផុតដើម្បីស្វែងរកប្រទេសទូវ៉ាលូនៅលើផែនទី គឺអ្នកអាចរកមើលវានៅក្នុងតំបន់រវាងប្រទេសអូស្រ្តាលីនិងកោះហាវ៉ៃរបស់ សហរដ្ឋអាមេរិក គឺវាមានទីតាំងនៅម្តុំចន្លោះកណ្តាលរវាងអូស្រ្តាលីនិងហាវ៉ៃ។ មនុស្សខ្ទង់១១,៥០០នាក់ រស់នៅលើកោះនេះ។
៥៖ សាន់ម៉ារីណូ (San Marino)
ប្រទេសជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសដែលមានផ្ទៃដីតូចជាងគេបំផុតនោះគឺសាន់ម៉ារីណូ។ ប្រទេសនេះស្ថិតក្នុងព្រំដែន របស់ ប្រទេសអ៊ីតាលី ជាមួយនឹងផ្ទៃដី៦១គីឡូម៉ែត្រការ៉េ។ សាន់ម៉ារីណូគឺមានឈ្មោះល្បីដូចទៅនឹងម៉ូណាកូ និងវ៉ាទីកង់ដែរ ប៉ុន្តែពុំមានមនុស្ស ជាច្រើននោះទេ ដែលដឹងច្បាស់ថាប្រទេសនេះតូចប៉ុនណា។
ចំណុចគួរយល់ដឹងបន្ថែមមួយសម្រាប់សាន់ម៉ារីណូ គឺប្រទេសនេះមានចំនួនប្រជាជនតិចជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ ដែលជា សមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប។ ប្រជាជនរស់នៅសាន់ម៉ារីណូ ត្រូវគេប៉ាន់ប្រមាណថាមាន៣៣,៥៦២នាក់៕