(បរទេស)៖ ខណៈប្រទេសខ្លះមានអាយុកាលរាប់រយឆ្នាំ និងខ្លះទៀតមានប្រវត្តិសាស្រ្តដល់ទៅរាប់ពាន់ឆ្នាំឯណោះនោះ មានប្រទេសមួយ ចំនួន ដែលទើបតែបង្កើតឡើងប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាប្រទេសចំនួន៥ ដែលមានអាយុក្មេងខ្ចីជាងគេបំផុត នៅលើពិភពលោក។
* ទីម័រខាងកើត (ប្រកាសឯករាជ្យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២)
ដោយមានឈ្មោះផ្លូវការថា «សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត» ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានទទួលអធិបតេយ្យភាពពី ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែលទ្ធផលនៃប្រជាមតិនោះ បានបង្កឲ្យមានអំពើហិង្សា ពីសំណាក់ កងជីវពលដែលគាំទ្រប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាមិញ ក្រោយមានការដាក់ពង្រាយកម្លាំងរបស់អង្គការសហប្រជាជាតិ ឥណ្ឌូណេស៊ីក៏បានយល់ព្រមបញ្ចប់ការត្រួតត្រារបស់ខ្លួន ហើយទីម័រខាងកើតទទួលបានឯករាជ្យពេញលេញនៅក្នុងឆ្នាំ២០០២។ នៅក្នុងឆ្នាំដដែលនោះ ប្រទេសនេះបានចូលរួមជាសមាជិកទី១៩១ របស់អង្គការសហប្រជាជាតិ (UN)។
* ម៉ុងតេណេហ្គ្រោ (ប្រកាសឯករាជ្យថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៦)
ម៉ុងតេណេហ្គ្រោ និងស៊ែប៊ី ត្រូវបានបង្កើតឡើងរួមគ្នាជាប្រជាជាតិតែមួយ នៅក្រោយការដួលរលំរបស់សហព័ន្ធយូហ្គោស្លាវីក្នុងឆ្នាំ១៩៩១។ នៅឆ្នាំ២០០៣ វាបានប្រែក្លាយទៅជារដ្ឋសហភាពស៊ែប៊ី និងម៉ុងតេណេហ្គ្រោ។ លុះមកដល់ឆ្នាំ២០០៦ រដ្ឋសហភាពនេះក៏បាន បែកចេញជារដ្ឋ២ផ្សេងគ្នាតែម្តង។
ការបោះឆ្នោតប្រជាមតិមួយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ប្រជាជនម៉ុងតេណេហ្គ្រោសរុបចំនួន៥៥.៥ភាគរយ បានបោះឆ្នោតគាំទ្រឲ្យប្រកាស ឯក រាជ្យភាពសម្រាប់ម៉ុងតេណេហ្រ្គោ។ ជាលទ្ធផល ម៉ុងតេណេហ្គ្រោក៏បានបែកខ្លួនចេញដាច់ដោយឡែក និងត្រូវបានទទួលស្គាល់ផ្លូវការ ដោយសភារបស់ស៊ែប៊ី។ ក្នុងខែមិថុនា ឆ្នាំ២០០៦ អង្គការសហប្រជាជាតិបានស្វាគមន៍ ម៉ុងតេណេហ្រ្គោជាសមាជិកទី១៩២របស់ខ្លួន។
* ស៊ែប៊ី (ប្រកាសឯករាជ្យថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦)
ពីរថ្ងៃបន្ទាប់ពីការប្រកាសឯករាជ្យរបស់ប្រទេសម៉ុងតេណេហ្គ្រោ ស៊ែប៊ីក៏បានប្រកាសខ្លួនឯងជារដ្ឋអធិបតេយ្យ ដែលបន្តមកពីរដ្ឋសហភាព ស៊ែប៊ីនិងម៉ុងតេណេហ្រ្គោ។
* កូសូវ៉ូ (ប្រកាសឯករាជ្យក្នុងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨)
អង្គការសហប្រជាជាតិ ដែលជាអ្នកគ្រប់គ្រងចាត់ចែងតំបន់នេះ ចាប់តាំងពី ជម្លោះកូសូវ៉ូ ត្រូវបានបញ្ចប់ទៅនៅក្នុងឆ្នាំ១៩៩៩ បានចាប់ផ្ដើម ដំណើរការមួយនៅឆ្នាំ២០០៥ ដើម្បីកំណត់ឋានៈរបស់កូសូវ៉ូ។ នៅឆ្នាំ២០០៨ កូសូវ៉ូក៏បានប្រកាសឯករាជ្យជាលក្ខណៈឯកតោភាគី ពីស៊ែប៊ី។ បើទោះបីជាប្រទេសអឺរ៉ុបភាគអាគ្នេយ៍មួយនេះ ត្រូវបានទទួលស្គាល់ដោយសមាជិកមួយចំនួនរបស់អង្គសហប្រជាជាតិ រួមមានទាំងសហរដ្ឋ អាមេរិកក៏ពិតមែន ប៉ុន្តែប្រទេសនេះពុំទាន់ទទួលសមាជិកភាពពី អង្គការសហប្រជាជាតិនៅឡើយទេ។
* ស៊ូដង់ខាងត្បូង (ប្រកាសឯករាជ្យថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១)
នៅខែមករា ឆ្នាំ២០១១ ការបោះឆ្នោតប្រជាមតិមួយសម្រាប់ប្រជាជន ដែលរស់នៅភាគខាងត្បូងនៃប្រទេសស៊ូដង់ ត្រូវបានរៀបចំឡើង។ ពេលនោះ ពួកគេបានគាំទ្រក្នុងសំឡេងយ៉ាងលើសលុបឲ្យបង្កើត ប្រទេសដាច់ដោយឡែកមួយទៀតពីស៊ូដង់ ដោយមានទីក្រុងជូបាធ្វើជា រដ្ឋធានី។ ៥ថ្ងៃបន្ទាប់ពីនៃការប្រកាសឯករាជ្យ អង្គការសហប្រជាជាតិក៏បានទទួលស្គាល់ប្រទេសនេះជាសមាជិកទី១៩៣៕