(បរទេស)៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧៧ យន្តហោះដឹកអ្នកដំណើរ Boeing 747 ២គ្រឿង ដែលមានជើងហោះហើរ KLM Flight 4805 និង Pan Am Flight 1736 បានបុកគ្នាពេញទំហឹងនៅលើផ្លូវឡើង-ចុះរបស់យន្តហោះ នៃអាកាសយានដ្ឋាន Los Rodeos ដែលសព្វថ្ងៃនេះ ហៅថាអាកាសយានដ្ឋាន Tenerife ខាងជើង នៅលើកោះ Tenerife នៃប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ។
ឧប្បត្តិហេតុភេរវកម្មមួយ កាលពីឆ្នាំ១៩៧៧ នៅអាកាសយានដ្ឋាន Gran Canaria ដែលស្ថិតក្នុងប្រជុំកោះ Canary ដែរនោះ បានបណ្ដាលឲ្យជើងហោះហើរជាច្រើន ត្រូវបង្វែរ គោលដៅទៅកាន់អាកាសយានដ្ឋាន Los Redeos វិញ ក្នុងនោះរួមមានយន្តហោះទាំងពីរគ្រឿង ដែលបានជួបគ្រោះថ្នាក់ផងដែរ។
ប្រការនេះធ្វើឲ្យអាកាសយានដ្ឋាន Los Redeos ជួបភាពកកស្ទះតាន់តាប់យ៉ាងឆាប់រហ័ស ដោយយន្តហោះជាច្រើនដែលចតនៅទីនោះ បានចតរហូតដល់ពាំងពេញផ្លូវ Taxiway ដែលមានតែមួយគត់ ហើយបង្ខំឲ្យយន្តហោះមួយចំនួន ត្រូវរត់នៅលើផ្លូវ Runway តែម្តងទៅ។ Taxiway ជាផ្លូវសម្រាប់ឲ្យយន្តហោះរត់ឆ្ពោះទៅ និងចេញមកពីផ្លូវ Runway ដែលជាផ្លូវសម្រាប់ការហោះហើរឡើងចុះរបស់យន្តហោះ ។
កំឡុងហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺមានការចុះអ័ព្ទខ្លាំង ដែលធ្វើឲ្យទាំងអាកាសយានិក និងក្រុមការងារនៅប៉មគ្រប់គ្រងចរាចរណ៍ មើលអ្វីមិនសូវឃើញច្បាស់ឡើយ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលយន្តហោះ Boeing 747 របស់អាកាសចរណ៍ KLM ចាប់ផ្តើមយកអេឡង់ដើម្បីហោះចេញពីអាកាសយានដ្ឋាន ខណៈយន្តហោះ Boeing 747 មួយគ្រឿងទៀត របស់អាកាសចរណ៍ Pan Am ដែលហ៊ុមព័ទ្ធទៅដោយអ័ព្ទនោះ កំពុងតែស្ថិតលើផ្លូវ Runway នៅឡើយ រកច្រកចេញទៅកាន់ផ្លូវ Taxiway មិនទាន់ឃើញ។
ការបុកគ្នានិងភ្លើងឆេះដែលកើតតាមក្រោយ បានឆក់យកជីវិតអ្នកដំណើរទាំងអស់ នៅលើយន្តហោះរបស់ KLM និងអ្នកដំណើរភាគច្រើន នៅលើយន្តហោះ Pan Am។ យន្តហោះ Pan Am មានអ្នករួចរស់ជីវិត ផុតពីគ្រោះថ្នាក់ចំនួន៦១នាក់ ដែលពួកគេអង្គុយនៅទីតាំងផ្នែកខាងមុខរបស់យន្តហោះ។ សរុបមកគឺមនុស្សរហូតដល់៥៨៣នាក់បានស្លាប់ ធ្វើឲ្យវាជាប់ឈ្មោះជាគ្រោះថ្នាក់អាកាសចរណ៍អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្ត។
គួរជម្រាបថា ការស៊ើបអង្កេតក្រោយមករបស់អាជ្ញាធរអេស្ប៉ាញ បានសន្និដ្ឋានថា មូលហេតុចម្បង ដែលបង្ករឲ្យកើតមានគ្រោះថ្នាក់ខាងលើ គឺដោយសារការសម្រេចចិត្តចាប់ផ្តើមការហោះឡើង របស់អាកាសយានិកនៃយន្តហោះ KLM ដែលយល់ច្រឡំថា ក្រុមការងារនៅប៉មគ្រប់គ្រងចរាចរណ៍ (Air Traffic Control ឬ ATC) បានផ្តល់ការអនុញ្ញាតឲ្យខ្លួន។
ប៉ុន្តែខាងក្រុមភ្នាក់ងារស៊ើបអង្កេតរបស់ហូឡង់ បានសង្កត់ធ្ងន់ទៅលើការយល់ច្រឡំទៅវិញទៅមក កំឡុងការទាក់ទំនងគ្នាតាមវិទ្យុរវាង ក្រុមអាកាសយានិករបស់យន្តហោះ KLM និងក្រុមការងារនៅ ATC ទើបបណ្ដាលឲ្យមានសោនាដកម្មនេះកើតឡើង។ យ៉ាងណាក៏ដោយ នៅទីបំផុតអាកាសចរណ៍ KLM ក៏បានទទួលស្គាល់ថា ក្រុមអាកាសយានិករបស់ខ្លួន ពិតជាអ្នកបង្កឲ្យមានគ្រោះថ្នាក់នេះ ហើយយល់ព្រម ធ្វើការទូទាត់សំណង ជូនដល់់សាច់ញាតិរបស់ជនរងគ្រោះទាំងអស់៕
ប្រភព Wikipedia