(ពិភពលោក)៖ សង្គ្រាមលោកលើកទី២ បានបើកចាប់ផ្ដើមឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ដោយកងទ័ពអាល្លឺម៉ង់បានបើកឆាកប្រយុទ្ធដំបូងលុកលុយចូលប្រទេសប៉ូឡូញ រីឯកងទ័ពអ៉ីតាលីបានវាយចូលប្រទេសនៅតំបន់អាហ្វ្រិក ចំណែកកងទ័ពជប៉ុនក៏បានបើកឆាកដំបូងនៅប្រទេសកូរ៉េ និងប្រទេសចិនផងដែរ។
ទម្រាំតែសង្គ្រាមត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ បណ្ដាប្រទេសជាច្រើននៅលើពិភពលោកបានរងគ្រោះយ៉ាងដំណំ សូម្បីតែប្រទេសដែលចូលរួមបង្កសង្គ្រាម និងប្រទេសដែលចូលរួមបញ្ចប់សង្គ្រាម ក៏ត្រូវរងការខូចខាតមិនតិចនោះឡើយ ទាំងជីវិតមនុស្ស ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន្ធ រហូតឈានដល់ការកើតមានវិបត្តិសង្គម សេដ្ឋកិច្ចយ៉ាងស្មុគស្មាញទៀតផង។
ហេតុនេះហើយទើប Fresh News Plus សូមលើកបង្ហាញអំពីប្រទេសដែលរងការខូចខាតច្រើនជាងគេ នាកំលុងសង្គ្រាមលោកលើកទី២នេះ ដើម្បីជាចំណេះដឹងទូទៅសម្រាប់ប្រជាជាតិកម្ពុជាទាំងក្នុង និងក្រៅប្រទេស។
ក្រោយការចាប់ផ្ដើមសង្គ្រាមលោកលើកទី២ ជាងពីរឆ្នាំរួចមក កងទ័ពណាស៊ីអាល្លឺម៉ង់បានប៉ះទង្គិចគ្នាជាមួយកងទ័ពសហភាពសូវៀតយ៉ាងស្វិតស្វាញ ខណៈសង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនេះបានកើតឡើងចាប់ពីឆ្នាំ ១៩៤១-១៩៤៥ ដែលពេលនោះ ហ៊ីត្លែរ បានបញ្ជូនកងទ័ពប្រមាណ ៣ លាននាក់ឱ្យទៅវាយប្រហារលើសហភាពសូវៀត។ រយៈពេលបួនឆ្នាំក្រោយមក សង្គ្រាមនេះបានធ្វើឱ្យកងទ័ពសូវៀតប្រមាណ១០លាននាក់ និងជនស៊ីវិលប្រមាណ ១៤ លាននាក់ស្លាប់បាត់បង់ជីវិត។ ចំណែកខាងភាគីអាល្លឺម៉ង់វិញ ក៏បានបាត់បង់ជីវិតកងទ័ពអស់ជាង៥លាននាក់ផងដែរ។
មូលហេតុនៃការចាញ់ប្រៀបនេះ ដោយសារនាកំលុងពេលដើមសង្គ្រាម កងទ័ពក្រហមរបស់សូវៀតពុំទាន់ទទួលបានការហ្វឹកហាត់ និងមានអាវុធយុទ្ធោបករណ៍គ្រប់គ្រាន់នៅឡើយទេ គឺមានតែទាហានថ្មើរជើងដែលត្រូវប្រយុទ្ធជាមួយរថក្រោះរបស់កងទ័ពអាល្លឺម៉ង់ដោយផ្ទាល់។ ការសម្រុកចូលរបស់កងទ័ពអាល្លឺម៉ង់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដោយបានដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន បំផ្លាញហេដ្ឋារចនាសម្ពន្ធ ប្រព័ន្ធស្រោចស្រពកសិកម្ម រោងចក្រឧស្សាហកម្ម និងសម្លាប់ជនស៊ីវិលជាច្រើនលាននាក់។ ប្រជាជនរុស្ស៊ី-សូវៀតបានរងនូវការបាត់បង់ទីជម្រក គ្មានស្បៀងអាហារ ឆ្លងជំងឺឧត្បាត រហូតមានការស្លាប់ជាបន្តបន្ទាប់ទៀត។
លើសពីនេះ នៅពេលកងទ័ពអាល្លឺម៉ង់ជួបនឹងឧបសគ្គរាំងស្ទះ មេបញ្ជាការកងទ័ពតែងតែបញ្ជាឱ្យសម្លាប់ឈ្លើយសឹករុស្ស៊ីភ្លាមៗ ដោយគ្មានត្រាប្រណីអ្វីទាំងអស់ ដើម្បីជាយុទ្ធសាស្ត្រចិត្តសាស្ត្រគំរាមឱ្យសត្រូវខ្លបខ្លាច។ ប្រការនេះបានធ្វើឱ្យសហភាពសូវៀតក្លាយជាប្រទេសដែលរងការខូចខាតច្រើនជាងគេបង្អស់ ក្នុងពេលផ្ទុះសង្គ្រាមលោកលើកទី២។
ចំណែកនៅទ្វីបអាស៊ីយើងនេះវិញ ក៏រងនូវសោកនាដកម្មមិនតិចនោះដែរ ពោលគឺនៅពេលដែលកងទ័ពអធិរាជជប៉ុនឡើងច្រាំងប្រទេសចិន ហើយបានប៉ះទង្គិចគ្នាចាប់ពីឆ្នាំ ១៩៣៧-១៩៤៥។ សង្គ្រាមជប៉ុន-ចិននេះបានបង្កឱ្យមានមហន្តរាយយ៉ាងអណោចអាធមក្រៃលែង ក្នុងនោះបានធ្វើឱ្យជនស៊ីវិលដល់ទៅ ៧ លាននាក់ និងកងទ័ពចិនប្រមាណ ២ លាននាក់ស្លាប់បាត់បង់ជីវិត ប៉ុន្តែរបាយការណ៍ផ្លូវការរបស់ចិនបានបង្ហាញថា សង្គ្រាមនេះបានបង្កឱ្យមានអ្នកស្លាបរហូតដល់ ២០ លាននាក់ឯណោះ។
ការដែលជប៉ុនលុកលុយចូលប្រទេសចិននៅឆ្នាំ១៩៣៧នេះ ក៏ដើម្បីជារបាំងជល់គ្នារវាងជប៉ុនខ្លួនឯង និងសត្រូវពិតប្រាកដ នោះគឺសហភាពសូវៀត។ ពេលនោះ ប្រទេសចិននៅពុំទាន់មានរដ្ឋាភិបាលកណ្ដាលនៅឡើយទេ ភាគច្រើននៃទឹកដីដ៏ធំល្វឹងល្វើយនេះត្រូវបានគ្រប់គ្រងដោយបណ្ដាមេទ័ព ក្នុងនោះបក្សសាធារណរដ្ឋគូមីងតាំងដែលកំពុងដឹកនាំដោយ ចាង កៃជៀក និងបក្សកុម្មុយនីស្តចិនដឹកនាំដោយ ម៉ៅ សេទុង។
រឿងដែលគួរឱ្យសោកសង្រេងថែមទៀតនោះ គឺកងទ័ពចិនខ្វះអាវុធយុទ្ធោបករណ៍ដែលទាន់សម័យ ខណៈពួកគេមានត្រឹមដាវ លំពែង កាំភ្លើងធំបុរាណ ជាហេតុធ្វើឱ្យចាញ់ប្រៀបក្រោមដៃកងទ័ពជប៉ុនដែលប្រដាប់ដោយកាំភ្លើងទំនើបៗ។
ដោយភាពស្រេកឃ្លាន ឈឺចាប់នឹងការឈ្លានពានរបស់ជប៉ុន បានបង្ខំឱ្យប្រជាជនចិនតស៊ូងើបបះបោរសម្រុកចូលតទល់ជាមួយកងទ័ពជប៉ុន ដោយមិនគិតស្លាប់រស់បន្តិចណាឡើយ។ ទិដ្ឋភាពនេះគឺដូចទៅនឹងប្រជាជនរុស្ស៊ីដែលបានងើបតស៊ូជាមួយកងទ័ពអាល្លឺម៉ង់យ៉ាងដូច្នេះដែរ។
ក្រោយចប់សង្គ្រាមជាមួយជប៉ុន ប្រជាជនចិនប្រមាណ ៩៥ លាននាក់បានក្លាយជាជនភៀសខ្លួន។ បក្សពីរធំៗនៅប្រទេសចិន ដែលមាននិន្នាការនយោបាយផ្សេងគ្នានោះ ក៏បានអូសបន្លាយប្រយុទ្ធប្រឆាំងគ្នាបន្តទៀត ហើយចុងក្រោយកងទ័ពកុម្មុយនីស្តរបស់ ម៉ៅ សេទុង ក៏បានដេញកងទ័ពសាធារណរដ្ឋរបស់ ចាង កៃជៀក ឱ្យធ្លាយទៅដល់កោះតៃវ៉ាន់៕