(ចិន)៖ នៅសតវត្សរ៍ទី១៥ សង្គ្រាមអាណានិគមរបស់ពួកបស្ចិមលោកមកលើបណ្ដានគរនៅទ្វីបអាស៊ីកាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ដោយពួកគេបានតម្រង់កាំភ្លើងធំនៅលើនាវាចម្បាំងបុរាណ ទន្ទ្រានវាតទីមកលើពួកអាស៊ីអាគ្នេយ៍ដែនកោះ និងហួសបន្តទៅដល់មហាម៉េង (Ming 1368–1644) និងមហាឆេង (Qing 1644-1912) ក្នុងរូបភាពជាទំនាក់ទំនងពាណិជ្ជកម្ម ក្រោយមកក៏ប្ដូរមកជាចលនាអាណានិគម ដើម្បីដណ្ដើមហែកប្រទេសចិនចែកគ្នាជាចំណែកៗ។

ក្នុងចំណោមចំណែកទឹកដីទាំងនោះ ហុងកុង (Hong Kong) ក៏ត្រូវបានពួកអាណានិគមអង់គ្លេសហែកពីមហាឆេងយកមកគ្រប់គ្រងអស់ពេល ១៥៥ ឆ្នាំ ចាប់ពីឆ្នាំ១៨៤២-១៩៩៧។ តើមានហេតុការណ៍អ្វីខ្លះដែលបណ្ដាលឱ្យចិនរបូតហុងកុងទៅឱ្យអង់គ្លេស? តើមានរឿងហេតុអ្វីខ្លះក្នុងពេលហុងកុងស្ថិតក្រោមអាណានិគមអង់គ្លេសជាង១០០ ឆ្នាំកន្លងមកនេះ?

* ហុងកុងក្នុងសម័យបុរេប្រវត្តិ និងប្រវត្តិសាស្ត្រ

មនុស្សបានមករស់នៅតំបន់ហុងកុងនេះតាំងពីយុគសម័យថ្មរំលីង ពោលគឺប្រហែល៦០០០ឆ្នាំមុន។ រហូតមកដល់រាជវង្សឈីង (Qin 221-206 B.C) ទើបហុងកុងត្រូវបានបញ្ចូលទៅក្នុងអាណាចក្រលើកដំបូងក្នុងឆ្នាំ២១៤ មុនគ្រិស្តសករាជ។

ពួកអ្នករុករកជនជាតិព័រទុយកាល់ឈ្មោះ ចក អាល់វ៉ារ៉េស (Jorge Álvares) បានមកដល់ហុងកុងមុនគេនៅឆ្នាំ១៥១៣។ ក្រោយមក ក៏មានពួកឈ្មួញអឺរ៉ុប មកធ្វើជំនួញពាណិជ្ជកម្មនៅប្រទេសចិនបន្តបន្ទាន់ ក្នុងនោះពួកឈ្មួញព័រទុយកាល់ បានបង្កើតមណ្ឌលពាណិជ្ជកម្មមួយមានឈ្មោះថា ថាម៉ាវ (Tamão) នៅលើដែនទឹកហុងកុង ដែលកាលណោះ តែ សូត្រ និងប៉បសឺឡែន គឺជាទំនិញដ៏ពេញនិយមបំផុត។

ងាកមកចក្រភពអង់គ្លេសឯណេះវិញ ថ្វីដ្បិតមិនបានជាន់ដីប្រទេសចិនមុនគេក៏ពិតមែន ក៏ប៉ុន្តែក្រុមនាវិករបស់ចក្រភពក្នុងរាជ្យសម័យ ជេមីសឆាលីសស្តាត់ (James Charles Stuart) ក៏បានទៅដល់ប្រទេសចិននាឆ្នាំ១៦២០ នឹងគេដែរ។

ពួកអង់គ្លេស បារាំង អេស្ប៉ាញ ព័រទុយកាល់ បាននាំអាភៀនមកលក់នៅលើទឹកដីហុងកុង ម៉ាកាវ សៀងហៃ តៃវ៉ាន់ និងដែនដីដទៃទៀតនៃមហាឆេង។ ដោយមិនអាចអត់ទ្រាំតទៅទៀតបាន រាជការឆេងបានបង្កើតប្រព័ន្ធកានធុង (Canton) នៅឆ្នាំ១៧៥៧ ដើម្បីធ្វើនិយតកម្មពាណិជ្ជកម្មឱ្យតឹងរឹងជាងមុន ដោយរឹតត្បិតនាវាដែលចូលចតនៅកំពង់ផែកានធុងនេះ លើកលែងតែជានាវារបស់រុស្ស៊ី។

ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយចិន អង់គ្លេសបាននាំអាភៀនដែលដាំនៅឥណ្ឌា មកលក់នៅលើទឹកដីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កឱ្យប្រជាជនចិនកាន់តែច្រើនទៅៗបានញៀនអាភៀននេះ។ រាជការឆេងក៏បានចាត់វិធានការយ៉ាងក្ដៅគគុកចំពោះពួកអង់គ្លេស ដើម្បីបញ្ឈប់ការជួញដូរអាភៀន។

នៅឆ្នាំ១៨៣៩ ព្រះចៅអធិរាជតាវកាង (Daoguang) នៃមហាឆេងបានច្រានចោលសំណើរបស់ពួកអង់គ្លេស ដែលចង់ឱ្យការជួញដូរអាភៀននៅប្រទេសចិនជារឿងស្របច្បាប់ និងលើកលែងការបង់ពន្ធ។ ព្រះអង្គបានបញ្ជាឱ្យសម្ដេចចៅហ្វ៊ាវាំង លីង សឺស៊ូ (Lin Zexu) អនុវត្តប្រតិបត្តិការដុតកម្ទេច និងលុបបំបាត់ការជួញដូរអាភៀនទូទាំងប្រទេសចិន។

សម្ដេចចៅហ្វ៊ាវាំង លីង បានបំផ្លាញឃ្លាំងអាភៀន និងបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយបរទេស ពិសេសជាមួយអង់គ្លេស ដែលជាហេតុបង្កឱ្យអង់គ្លេសបញ្ចេញកងទ័ពតទល់ ជាមួយនឹងចំណាត់ការយោធាចិនយ៉ាងចាស់ដៃ។ ពេលនោះហើយ សង្គ្រាមអាភៀនលើកទី១ (First Opium War) ក៏បានផ្ទុះឡើងនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៨៣៩ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៤២ ទើបសង្គ្រាមអាភៀនត្រូវបានបញ្ចប់ ដោយរាជការឆេងជាអ្នកទទួលបរាជ័យ។ ក្នុងសមរភូមិនោះខាងអង់គ្លេសស្លាប់៦៩នាក់ របួសជាង៤៥០នាក់ ចំណែកខាងរាជការឆេង ស្លាប់ជាង៣១០០នាក់ និងរបួសជាង៤០០០នាក់។

ក្នុងសង្គ្រាមអាភៀនលើកទីមួយនេះ មហាឆេងបានបាត់បង់សម្ដេចចៅហ្វ៊ាវាំង លីង សឺស៊ូ និងត្រូវបង្ខំឱ្យប្រគល់កោះហុងកុងទៅឱ្យអង់គ្លេសគ្រប់គ្រង តាមរយៈអនុសញ្ញាឈានភី (Chuenpi) នាថ្ងៃទី២០ ខែមករា ឆ្នាំ១៨៤១។ ទោះយ៉ាងណា ប្រទេសទាំងពីរមិនពេញចិត្ត និងមិនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនោះទេ។ បន្ទាប់ពីការប្រទូសរ៉ាយគ្នាអស់រយៈពេលជាងមួយឆ្នាំរួចមក កោះហុងកុងត្រូវបានប្រគល់ឱ្យចក្រភពអង់គ្លេសជាផ្លូវការ តាមរយៈសន្ធិសញ្ញាណានជីង (Nanjing) ដោយចុះហត្ថលេខនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៤២ និងចូលជាធរមាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៨៤៣ រហូតថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ប្រគល់ត្រឡប់ទៅចិនវិញ។

នាឆ្នាំ១៨៥០ នៅលើដែនគោកនៃមហាឆេងបានកើតមានកលយុគយ៉ាងខ្លាំង ដោយសារសង្គ្រាមថៃភីង (Taiping) ដែលជាចលនាបះបោររបស់ជនជាតិហាន (Han) មកលើរាជការឆេងរបស់ជនជាតិម៉ាន់ជូ។ ភាពវឹកវរនេះបានធ្វើឱ្យប្រជាជន រួមទាំងឈ្មួញអ្នកមានផងនោះ បានរត់ភៀសខ្លួនចូលទៅហុងកុង ដែលជាដែនដីអាណានិគមកំពុងមានការអភិវឌ្ឍខ្លាំងជាង។ មិនយូរប៉ុន្មានភាពតានតឹងរវាងអង់គ្លេស និងមហាឆេងពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មអាភៀន ក៏បានកើនឡើងជាថ្មីម្ដងទៀត រហូតឈានការផ្ទុះឡើងនូវសង្គ្រាមអាភៀនលើកទី២ (Second Opium War) នាថ្ងៃទី០៨ ខែតុលា ឆ្នាំ១៨៥៦ ដែលសង្គ្រាមលើកទីពីរនេះ កងទ័ពបារាំងក៏បានចូលដៃជាមួយអង់គ្លេសផងដែរ។

រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៨៦០ ទើបសង្គ្រាមត្រូវបានបញ្ចប់។ ក្នុងសង្គ្រាមអាភៀនលើកនេះ កងទ័ពមហាឆេងក៏ត្រូវទទួលបរាជ័យទៀតដែរ ថែមទាំងត្រូវអង់គ្លេសបង្ខំឱ្យលះបង់ឧបទ្វីបជឺឡុងឈី (Jiulong Qu) និងកោះស្ស៉ីជាំង (Shijiang) តាមរយៈអនុសញ្ញាប៉េកាំង (Beijing) ឆ្នាំ១៨៦០។ ការគ្រប់គ្រងកោះហុងកុងបានផ្តល់ឱ្យចក្រភពអង់គ្លេសនូវលទ្ធភាពកាន់តែប្រសើរក្នុងការធ្វើពាណិជ្ជកម្ម ដោយវាបានក្លាយជាច្រកចូលសមុទ្រដ៏សំខាន់មួយ សម្រាប់ពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន។ ការកែលម្អសេដ្ឋកិច្ចយ៉ាងលឿននាអំលុងទសវត្សឆ្នាំ១៨៥០ បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន ទើបធ្វើឱ្យអនាគតហុងកុងមានភាពភ្លឺស្វាងរុងរឿង។

ក្នុងឆ្នាំ១៩៣៧ កងទ័ពជប៉ុនក៏ធ្លាប់រំខានដល់ការគ្រប់គ្រងហុងកុងរបស់អង់គ្លេសខ្លះដែរ ដោយនៅពេលចាប់ផ្តើមនៃសង្គ្រាមចិន-ជប៉ុនលើកទី២ (Second Sino-Japanese) ទេសាភិបាលហុងកុងជាជនជាតិអង់គ្លេស លោក ជីអូហ្វ្រី ណសខូត (Geoffry Northcote) បានប្រកាសថា ទីក្រុងហុងកុងជាតំបន់អព្យាក្រឹត មិនអាចឱ្យចិនឬជប៉ុនឈ្លានពានលុកលុយបានឡើយ។ ការប្រកាសបែបនេះ ក៏ដើម្បីការពារស្ថានការណ៍របស់ហុងកុងផងដែរ។ ទេសាភិបាលអាណានិគម បានរៀបចំសម្រាប់ការវាយប្រហារ ដែលអាចធ្វើទៅបាន ដោយបានជម្លៀសស្ត្រី និងកុមារអង់គ្លេសទាំងអស់នៅឆ្នាំ១៩៤០។

កងទ័ពជប៉ុនបានវាយលុកទីក្រុងហុងកុងទាំងព្រឹកព្រលឹមនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៤១ ស្របពេលនឹងការវាយប្រហារទៅលើកំពង់ផែភៀលហាបឺរ (Pearl Harbor) របស់សហរដ្ឋអាមេរិក។ ទីក្រុងហុងកុងត្រូវបានធ្លាក់ក្រោមកាន់កាប់របស់កងទ័ពជប៉ុនអស់រយៈពេលជិត៤ឆ្នាំ មុនពេលចក្រភពអង់គ្លេសវិលមកគ្រប់គ្រងម្ដងទៀត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៤៥។

ក្នុងពេលមានសង្គ្រាមរវាងសាធារណរដ្ឋចិនរបស់ ចាង កៃជៀក និងសាធារណរដ្ឋប្រជាមានិតចិនរបស់ ម៉ៅ សេទុង បានជំរុញឱ្យប្រជាជនចិនច្រើនណាស់បានរត់ភៀសខ្លួន ទៅរស់នៅហុងកុង។ ដោយកំណើនប្រជាជនច្រើនយ៉ាងនេះហើយ ទើបជំរុញឱ្យហុងកុងក្លាយជាដែនដីសេដ្ឋកិច្ចខ្លាអាស៊ីដំបូងគេ ចាប់ពីទសវត្សឆ្នាំ១៩៥០។ ជាមួយនឹងចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ទេសាភិបាលអាណានិគមបានចាប់ផ្តើមធ្វើកំណែទម្រង់ ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធ និងសេវាកម្មសាធារណៈឡើងវិញ។

នៅឆ្នាំ១៩៩៧ ពេលកំណត់ដែលអង់គ្លេសត្រូវដកអាណានិគមក៏ឈានមកដល់ ប៉ុន្តែហុងកុងធ្លាប់រឹងទទឹងមិនព្រមវិលមកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញឡើយ ដោយប្រជាជនហុងកុងចង់បានឯករាជ្យសម្រាប់ដែនដីរបស់ខ្លួនផ្ទាល់។ ឆ្លើយតបនឹងភាពឹងទទឹងដូច្នោះ កងទ័ពរំដោះប្រជាជនចិនក៏បានព្រមានដែរថា ប្រសិនបើហុងកុងមិនព្រមឱ្យសាធារណរដ្ឋប្រជាមានិតចិនគ្រប់គ្រងវិញទេ ពួកគេនឹងចូលលុកលុយដោយគ្មានកិច្ចព្រមព្រៀង ឬកិច្ចចរចាតែម្ដង។ សាធារណរដ្ឋប្រជាមានិតចិនបានសង្កត់ធ្ងន់ថា ការបដិសេធចំពោះការធ្វើសមាហរណកម្ម មិនមែនជាជម្រើសសម្រាប់ហុងកុងនោះទេ។

នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ហុងកុងបានវិលត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ចិនវិញ បន្ទាប់ពីមួយសតវត្សកន្លះ (ជាង១៥០ឆ្នាំ) នៃការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស។ ការប្រគល់ដែនដីហុងកុងមកឱ្យចិនវិញនេះ មានគោលបំណងបង្កើតទំនាក់ទំនង «ប្រទេសមួយ របបគ្រប់គ្រងរដ្ឋពីរ» រវាងចិន និងហុងកុង។

សូម្បីសហរដ្ឋអាមេរិកក៏យល់ស្របនឹងគោលនយោបាយរបស់ចិននេះផងដែរ ដោយនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ មហាអំណាចទាំងពីរបានចេញសេចក្តីប្រកាសថា ហុងកុងជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនក្នុងរយៈពេល៥០ឆ្នាំ។ ទីក្រុងហុងកុងនឹងបន្តធ្វើប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចមូលធននិយម ហើយប្រជាជននឹងមានសិទ្ធិសេរីភាព និងជំនឿសាសនាយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០៤៧។

* ទង់ជាតិហុងកុង

ទង់ជាតិហុងកុងត្រូវបានបង្កើតឡើង និងផ្លាស់ប្ដូរការប្រើប្រាស់ដល់ទៅ៦លើករួមមាន៖

* ទង់ជាតិហុងកុងក្រោមអាណានិគមអង់គ្លេស ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៨៧១ ហើយត្រូវបានប្រើប្រាស់រហូតមកដល់ឆ្នាំ១៨៧៦។

* លើកទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៦ ដល់ឆ្នាំ១៩៤១។

* លើកទី៣ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៥។

* លើកទី៤ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៩។

* លើកទី៥ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩៧។

* លើកទី៦ ដែលមានផ្ទៃពណ៌ក្រហម និងមានផ្កាពណ៌សនៅចំកណ្ដាលនោះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន៕

លើកទី១

លើកទី២ និង​ លើកទី៣

លើកទី៤

លើកទី៥

លើកទី៦