(បរទេស)៖ «KGB» គឺជាឈ្មោះកាត់នៃទីភ្នាក់ងារចារកម្មដ៏ល្បីរបស់សហភាពសូវៀត ដែលនរណាៗក៏ស្គាល់និងកោតក្រែងនៅជុំវិញពិភពលោក កាលពីសម័យសង្រ្គាមត្រជាក់។ ឈ្មោះពេញរបស់ KGB គឺ «Komitet Gosudarstvennoy Bezopasnosti» ដែលមានអត្ថន័យថា គណៈកម្មាធិការ សន្តិសុខរបស់រដ្ឋ។
អំឡុងសម័យសង្រ្គាមត្រជាក់ ទីភ្នាក់ងារ KGB ទទួលខុសត្រូវលើការងារចារកម្មនៅឯក្រៅប្រទេស និងការងារសន្តិសុខនៅក្នុងប្រទេស។ ក្រៅពីនេះ KGB ក៏មានតួនាទីការពារថ្នាក់ដឹកនាំនយោបាយរបស់សហភាពសូវៀត ត្រួតពិនិត្យកងទ័ពនៅព្រំដែន និងធ្វើការតាមដានជាទូទៅលើប្រជាជនសូវៀត។
* បណ្តាទីភ្នាក់ងារសន្តិសុខ-ចារកម្មមុន KGB
KGB ឈរជើងបានយូរជាងគេ ក្នុងចំណោមស្ថាប័នសន្តិសុខ-ចារកម្មសូវៀតជំនាន់ដំបូងៗមួយចំនួន ដែលបានចាប់ផ្តើមពីទីភ្នាក់ងារឈ្មោះ «Cheka»។ ទីភ្នាក់ងារ Cheka ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ១៩១៧ ដោយរដ្ឋាភិបាលកុម្មុយនិស្តរុស្ស៉ី Bolshevik របស់លោក Vladimir Lenin។ Cheka ពីដំបូងឡើយទទួលបន្ទុក តែលើការងារស៉ើបអង្កេត ចំពោះសកម្មភាពប្រឆាំងក៏ដូចជាព្យាយាមបំផ្លាញចលនាបដិវដ្តន៍ប៉ុណ្ណោះ តែភ្លាមៗក្រោយមក ក៏បានងាកទៅទទួលបន្ទុកលើការចាប់ខ្លួន ឃុំឃាំង និងប្រហារជីវិត «សត្រូវរបស់រដ្ឋ» ថែមទៀត ដែលរួមមាន ទាំងពួកវណ្ណៈអភិជន ពីមុនៗនិងអតីតមេដឹកនាំក្រុមសាសនាជាដើម។
Checka បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្រ្គាមស៉ីវិលរុស្ស៉ី (១៩១៨-២០) និងក្នុងការបង្រ្កាបចលនាបះបោរ Kronshtadt និង Antonov កាលពីឆ្នាំ១៩២១។ យោងតាមឯកសារដែលបញ្ចេញកាលពីទសវត្សរ៍ឆ្នា១៩៩០ ទីភ្នាក់ងារ Cheka ដែលនៅឆ្នាំ១៩២១ មានភ្នាក់ងារដល់ទៅ ជាង ២៥០,០០០នាក់ បានសម្លាប់មនុស្សសរុបលើសពី១៤០,០០០នាក់។ ឆ្នាំ១៩២២ ពេលសហភាពសូវៀតត្រូវបានបង្កើតឡើងទីភ្នាក់ងារ Cheka ត្រូវបានជំនួសដោយទីភ្នាក់ងារថ្មីហៅថា «GPU»។
មួយឆ្នាំក្រោយមកទៀត GPU ក៏ត្រូវបានប្តូរឈ្មោះទៅជា «OGPU» និងទទួលភារកិច្ច បន្ថែម ដូចជាការគ្រប់គ្រងលើជំរំពលកម្ម និងឃ្លាំមើល សកម្មភាពប្រជាជន។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៣០ ទីភ្នាក់ងារ OGPU បានចាប់ផ្តើមធ្វើប្រតិបត្តិការសម្ងាត់លើទឹកដីបរទេស ដើម្បីរារាំង សកម្មភាពរបស់ក្រុមដែលមានបំណងប្រឆាំងសហភាពសូវៀតពីខាងក្រៅ។ ជនទាំងនោះមួយចំនួន ត្រូវបានចាប់ជម្រិតនិងធ្វើឃាតជាដើម។
នៅឆ្នាំ១៩៣៤ ទីភ្នាក់ងារ OGPU ត្រូវបានប្រែក្លាយទៅជាទីភ្នាក់ងារថ្មីហៅថា «NKVD» ដែលបានជួយលោក Joseph Stalin ពង្រឹងអំណាច របស់ខ្លួន តាមរយៈការបោសសម្អាតមនុស្សអស់ជាច្រើននាក់។ ក្នុងចន្លោះឆ្នាំ១៩៣៧-៣៨ តែឯងប៉ុណ្ណោះ មនុស្សច្រើនជាង៧៥ម៉ឺននាក់ ត្រូវបានប្រហារជីវិត ក្នុងនោះរួមមានរាប់ម៉ឺននាក់ ជាមន្រ្តីក្នុងបក្ស មន្រ្តីសន្តិសុខ និងមន្រ្តីយោធា ថែមទៀតផង។
មកដល់ឆ្នាំ១៩៤១ ការទទួលខុសត្រូវលើសន្តិសុខប្រទេសជាតិ ត្រូវបានផ្ទេរពីទីភ្នាក់ងារ NKVD ឲ្យទៅទីភ្នាក់ងារ «NKGB»។ ទីភ្នាក់ងារទាំង ២ ក៏បានប្រែក្លាយទៅជាក្រសួងនៅឆ្នាំ១៩៤៦ ក្នុងនោះគឺក្រសួងមហាផ្ទៃ «MVD» និងក្រសួងសន្តិសុខជាតិ «MGB»។ MGB បានដើរតួនាទី យ៉ាងសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់សហភាពសូវៀត កាលពីសម័យសង្រ្គាមលោកលើកទីពីរ និងការប្រមូលផ្តុំអំណាចរបស់ សហភាពសូវៀត នៅតំបន់ភាគខាងកើតអឺរ៉ុប។
អំឡុងសង្រ្គាមលោកលើកទីពីរ MGB បានធ្វើប្រតិបត្តិការចារកម្មផ្សេងៗ ហើយក៏បានផ្តោតលើការទប់ទល់ចារកម្មរបស់សត្រូវផងដែរ បូក រួមជាមួយការត្រួតពិនិត្យគ្រប់គ្រងលើជំរំអ្នកទោសសង្រ្គាម និងការធានាភាពស្មោះស្ម័គ្រក្នុងចំណោមកម្លាំងយោធា។ ក្រោយសង្រ្គាមលោក MGB បានជួយសហភាពសូវៀតបង្រ្កាបចោលចលនាប្រឆាំង ដោយមិនថាជាការពិតឬការសង្ស័យនោះឡើយ នៅភាគខាងកើតអឺរ៉ុប និង នៅក្នុងសហភាពសូវៀតផ្ទាល់។
ចន្លោះឆ្នាំ១៩៤៥-៥៣ ប្រជាជនសូវៀតច្រើនជាង៧៥០,០០០នាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោស ដោយសារប្រព្រឹត្តបទល្មើសពាក់ព័ន្ធផ្នែកនយោបាយ។ ឯកសារទសវត្សរ៍ឆ្នាំ១៩៩០បានបង្ហាញថា គិតត្រឹមឆ្នាំ១៩៥៣ ប្រជាពលរដ្ឋសូវៀតផ្ទាល់ប្រមាណ២,៧៥០,០០០នាក់ ត្រូវបាន ចាប់ខ្លួនដាក់ពន្ធនាគារ ឬក៏ដាក់នៅជំរំពលកម្ម។
សម្រាប់សកម្មភាពធ្វើចារកម្មរបស់សូវៀតវិញ គឺគួរឲ្យកត់សម្គាល់ខ្លាំងជាពិសេស នៅអំឡុងទសវត្សរ៍ចុងក្រោយនៃដំណើរជីវិតរបស់លោក Stalin។ អំឡុងសង្រ្គាមលោកលើកទីពីរ MGB បានធ្វើប្រតិបត្តិការជាច្រើននៅតំបន់អឺរ៉ុប ដែលកាន់កាប់ដោយអាល្លឺម៉ង់។ ក្នុងនោះបណ្តាញ ចារកម្មសូវៀតមួយហៅថា «Red Orchestra» មានចារជននិងអ្នកលួចឲ្យការណ៍ជាច្រើន រួមមានទាំងភ្នាក់ងារនៅតាមក្រសួងផ្សេងៗរបស់ អាល្លឺម៉ង់ដូចជា ក្រសួងការបរទេស ក្រសួងការងារ ក្រសួងឃោសនាការណ៍ និងក្រសួងសេដ្ឋកិច្ច។
បើតាមឯកសារពីសហរដ្ឋអាមេរិកនិងពីរុស្ស៉ីផ្ទាល់ សហភាពសូវៀតបានបង្កប់ភ្នាក់ងារសម្ងាត់របស់ខ្លួនយ៉ាងហោច៥នាក់ ឲ្យមកនៅក្នុងកម្មវិធី អាវុធនុយក្លេអ៊ែររបស់អាមេរិក ហើយអាចមានភ្នាក់ងារច្រើនរហូតដល់៣០០នាក់ផ្សេងទៀត នៅក្នុងជួររដ្ឋាភិបាលអាមេរិក គិតត្រឹមនៅឆ្នាំ ១៩៤៥។ ក្រៅពីអាមេរិក ស្ថាប័នការទូតនិងសន្តិសុខរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានភ្នាក់ងារចារកម្មសូវៀតចូលលុកលុយដែរ ក្នុងនោះ រួមមានទាំងលោក Kim Philby ជាមន្រ្តីជាន់ខ្ពស់ផ្នែកស៉ើបការណ៍សម្ងាត់របស់អង់គ្លេសផ្ទាល់ ប៉ុន្តែធ្វើចារកម្មឲ្យសហភាពសូវៀត។ ភស្តុតាង បានបង្ហាញថា នៅចន្លោះឆ្នាំ១៩៤១-៤៥ ចារជនសូវៀតនៅចក្រភពអង់គ្លេស បានផ្តល់ឯកសារចន្លោះ១៥,០០០-២០,០០០ច្បាប់ ឲ្យមកកាន់ ទីក្រុងម៉ូស្គូ។
មិនយូរប៉ុន្មានក្រោយការស្លាប់របស់លោក Stalin នៅខែមីនា ឆ្នាំ១៩៥៣ MGB ត្រូវបានរួមបញ្ចូលត្រឡប់ទៅក្នុងក្រសួងមហាផ្ទៃសូវៀត MVD វិញ។ ប៉ុន្មានខែកន្លងមកទៀត មេដឹកនាំថ្មីរបស់សហភាពសូវៀតគឺ លោក Nikita Khrushchev ក៏បានកម្ចាត់ថ្នាក់ដឹកនាំក្រសួង MVD គឺលោក Lavrenty Beria ដែលជាបុគ្គលស្រេកឃ្លានអំណាច ហើយឆ្លង ចូលរហូតដល់ឆ្នាំ១៩៥៦ មនុស្សជំនិតៗរបស់លោក Beria ក៏ត្រូវបានកម្ចាត់ចោល ជាបន្តបន្ទាប់ដែរ។ MVD ត្រូវបានរុះរើបន្តិចម្តងៗ រហូតដល់ឆ្នាំ១៩៦០ ក៏ត្រូវបានរំលាយចោលទាំងស្រុង។
* ការបង្កើតនិងតួនាទីរបស់ KGB
KGB ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ ដើម្បីបម្រើជា «ដាវនិងខែលការពាររបស់គណបក្សកុម្មុយនិស្តនៃសហភាពសូវៀត»។ ទីភ្នាក់ងារ សន្តិសុខ-ចារកម្មថ្មីនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតក្រុមមនុស្សជំនិត ក៏ដូចជាអ្នកគាំទ្រនានារបស់លោក Beria។ KGB ត្រូវបានបែងចែកជានាយកដ្ឋានប្រហែល២០ ប៉ុន្តែក្នុងនោះនាយកដ្ឋានដែលសំខាន់ៗ គឺទទួលបន្ទុកទាក់ទងនឹងការធ្វើចារកម្មនៅបរទេស ការទប់ទល់ចារកម្មក្នុងប្រទេស ការស៉ើបអំពីសព្វាវុធរបស់គូបដិបក្ខ ការធានាសុវត្ថិភាពថ្នាក់ដឹកនាំយោបាយ និងការធានាសន្តិសុខតាមព្រំដែន។
នៅអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ នាយកដ្ឋានមួយត្រូវបានបង្កើតឡើងថែមទៀត ដែលផ្តោតលើការឃ្លាំមើលក្រុមអ្នកប្រឆាំង គណបក្ស កុម្មុយនិស្តសូវៀត នៅតាមព្រះវិហារនិងក្នុងចំណោមបញ្ញាជននានា។ សម្រាប់រយៈពេល២០ឆ្នាំក្រោយមក ទីភ្នាក់ងារ KGB កាន់តែងប់ងុលឡើង ក្នុងការរុករកសត្រូវនៅក្នុងប្រទេស ដោយបានធ្វើបាប ចាប់ខ្លួន និងពេលខ្លះនិរទេសខ្លួនក្រុមអ្នកគាំទ្រសិទ្ធិមនុស្ស សកម្មជនគ្រឹស្តសាសនា និងជ្វីប ព្រមទាំងបញ្ញាជន ដែលត្រូវបានចាត់ទុកថា មានភាពពុំស្មោះស្រង់ចំពោះរបបបក្សកុម្មុយនិស្តសូវៀត។ ក្នុងចំណោមជនល្បីៗដែលរងគ្រោះ ក្រោមស្នាដៃរបស់ KGB រួមមានម្ចាស់ពានរង្វាន់ណូបែល Aleksandr Solzhenitsyn និង Andrey Sakharov។
ទីភ្នាក់ងារ KGB បានពង្រីកប្រតិបត្តិការចារកម្មបរទេសរបស់ខ្លួនបន្តិចម្តងៗ រហូតក្លាយជាទីភ្នាក់ងារចារកម្មធំបំផុតនៅលើពិភពលោក គឺធំ ជាងទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិកទៅទៀត។ ស្របពេលដែលសង្រ្គាមត្រជាក់ជាមួយអាមេរិកកាន់តែតានតឹង KGB ត្រូវគេ ចាត់ទុកថា គឺប្រៀបដូចជាទីភ្នាក់ងារចារកម្ម CIA របស់ទីក្រុងវ៉ាស៉ីនតោនយ៉ាងដូច្នោះ។ ប៉ុន្តែមិនដូចជា CIA ឡើយ គឺ KGB ធ្វើសកម្មភាពភាគច្រើននៅក្នុង ប្រទេសផ្ទាល់ ហើយប្រឆាំងនឹងពលរដ្ឋខ្លួនឯង ខណៈ CIA ត្រូវបានច្បាប់អាមេរិកហាមឃាត់មិនឲ្យធ្វើចារកម្មក្នុងប្រទេស ប្រឆាំងលើពលរដ្ឋ ខ្លួនឯងនោះទេ។
ភ្នាក់ងារជាច្រើនរបស់ KGB ពេលខ្លះបន្លំខ្លួនជាពាណិជ្ជករ និងជាអ្នកសារព័ត៌មាន ក៏ប៉ុន្តែពួកគេភាគច្រើននៅតែបន្លំខ្លួនតាមផ្នែកការទូត ដែលជា មធ្យោបាយទូទៅរបស់ពួកចារជន។ ស្នាដៃជោគជ័យជាច្រើនរបស់ KGB រួមមានការចូលលុកលុយក្នុងប្រតិបត្តិការចារកម្មនានា របស់ប្រទេស លោកខាងលិចធំៗ និងការបង្កប់ភ្នាក់ងារនៅស្ទើរតែគ្រប់រាជធានីនិងរដ្ឋធានីសំខាន់ៗ ជុំវិញពិភពលោក ជាដើម។ KGB ក៏បានជួយយោធា របស់សូវៀតប្រមែប្រមូលព័ត៌មានប្រកបដោយសារសំខាន់ ទាក់ទងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាផងដែរ។ KGB ប្រមូលបានជាច្រើន នូវទិន្នន័យបច្ចេកវិទ្យាទំនើបៗ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍនាវាមុជទឹក យន្តហោះ និងគ្រាប់រ៉ុក្កែតរបស់សូវៀត។ នៅដំណាច់ទសវត្សរ៍ ឆ្នាំ ១៩៦០ KGB បានឈរជើងយ៉ាងរឹងមាំជាស្ថាប័នឃ្លាំមើលផ្នែកសន្តិសុខ បម្រើឲ្យគណបក្សកុម្មុយនិស្តសូវៀត។
យ៉ាងណាឥទ្ធិពលរបស់ KGB បានថយចុះនៅក្រោមមេដឹកនាំសូវៀត លោក Mikhail Gorbachev (១៩៨៥-៩១) ដែលមាននិន្នាការកំណែ ទម្រង់។ ទោះបីលោក Gorbachev គោរពទេសកោសល្យរបស់ KGB ក្នុងផ្នែកចារកម្មបរទេសក៏ដោយ គោលការណ៍កំណែទម្រង់លោក បានកាត់បន្ថយអំណាចរបស់ទីភ្នាក់ងារចារកម្មនេះ និងរបស់គណបក្សកុម្មុយនិស្តផ្ទាល់។ នៅខែសីហា ឆ្នាំ១៩៩១ មន្រ្តីជាន់ខ្ពស់មួយចំនួន របស់ KGB រួមមានទាំងលោក Vladimir Kryuchkov ដែលជានាយក KGB បានដើរតួនាទីគន្លឹះ ក្នុងរដ្ឋប្រហារបរាជ័យមួយ ដែលរៀបចំឡើង ដោយបក្សកុម្មុយនិស្តសូវៀត ដើម្បីដណ្តើមអំណាចពីដៃលោក Gorbachev មកវិញ។ បន្ទាប់ពីនោះ KGB ក៏កាន់តែត្រូវបានដកហូតឥទ្ធិពល ថែមទៀត។
បន្ទាប់ពីសហភាពសូវៀតបានដួលរលំនៅខែធ្នូ ឆ្នាំ១៩៩១ ទីភ្នាក់ងារ KGB បានធ្លាក់មកស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ រដ្ឋាភិបាល ប្រធានាធិបតីរុស្ស៉ី លោក Boris Yeltsin បានគ្រប់គ្រងចាត់ចែងលើការបែងចែក KGB ឲ្យទៅជាទីភ្នាក់ងារចំនួនពីរដាច់ដោយឡែកពីគ្នា ដែលមួយទទួលបន្ទុក លើកិច្ចការសន្តិសុខក្នុងប្រទេសហៅថា Federal Security Service (FSB) និងមួយទៀតសម្រាប់ការងារចារកម្មនៅ ក្រៅប្រទេសហៅថា Foreign Intelligence Service (SVR)។ អ៊ុយក្រែន បេឡារុស និងអតីតសាធារណរដ្ឋសូវៀតដទៃៗទៀត បានចេញទៅបង្កើត ទីភ្នាក់ងារសន្តិសុខ-ចារកម្មរៀងៗខ្លួន តែនៅរក្សាទំនាក់ទំនងជាមួយទីភ្នាក់ងាររបស់រុស្ស៉ី។
* ការវាយតម្លៃលើឥទ្ធិពលរបស់ KGB
នៅពេលមានឥទ្ធិពលបំផុត KGB គឺជាស្ថាប័នប៉ូលិសសម្ងាត់ និងចារកម្មបរទេសធំជាងគេនៅលើពិភពលោក។ ក្រុមអ្នកស្រាវជ្រាវបានរក ឃើញថា KGB មានបុគ្គលិកច្រើនជាង៤៨០,០០០នាក់ ក្នុងនោះ២០០,០០០នាក់ ជាទាហានក្នុងជួរកងកម្លាំងការពារព្រំដែន។ មេដឹកនាំ សូវៀតនីមួយៗពឹងផ្អែកលើ KGB ព្រមទាំងបណ្តាទីភ្នាក់ងារសន្តិសុខ-ចារកម្មមុនៗ សម្រាប់ការផ្តល់ព័ត៌មាននិងការឃ្លាំមើលបុគ្គលសំខាន់ៗ ព្រមទាំងការគ្រប់គ្រងប្រជាជនសូវៀត។ ជាមួយគណបក្សកុម្មុយនិស្ត និងកងកម្លាំងយោធា KGB បានបង្កើតជាអំណាចត្រីមុខមួយដែល គ្រប់គ្រងសហភាពសូវៀតដ៏ធំសម្បើម។
KGB បានដើរតួនាទីសំខាន់ពិសេស ក្នុងគោលនយោបាយការបរទេសរបស់សូវៀត។ ការធ្វើចារកម្មនៅបរទេសបានអនុញ្ញាតឲ្យសហភាព សូវៀតមានសមត្ថភាពប្រហាក់ប្រហែលនឹង ក្រុមប្រទេសលោកខាងលិច បើនិយាយអំពីអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធសព្វាវុធឯទៀតៗ។ យ៉ាងណាមិញ តួនាទីរបស់ KGB នៅក្នុងប្រទេសគឺឃោរឃៅជាទីបំផុត ព្រោះប្រជាជនសូវៀតផ្ទាល់ជាច្រើននាក់បានស្លាប់ ក្រោមស្នាដៃរបស់ KGB និង ស្ថាប័នជំនាន់ៗមុនរបស់ទីភ្នាក់ងារចារកម្មនេះ។ ក្រុមអ្នកជំនាញជាច្រើនបានព្យាករណ៍ថា មនុស្សអាចរហូតដល់រាប់សិបលាននាក់ បានបាត់បង់ជីវិត ដោយសារតែទីភ្នាក់ងារសន្តិសុខ-ចារកម្មសម័យសូវៀត។
ជាចុងក្រោយសំណួរដ៏សំខាន់មួយទាក់ទងនឹងការវាយតម្លៃលើ KGB គឺថា តើហេតុអ្វីដែលជាទីភ្នាក់ងារចារកម្មនេះ បរាជ័យក្នុងការទប់ស្កាត់ការដួលរលំនៃសហភាពសូវៀត។ មានភស្តុតាងជាច្រើនបានបង្ហាញថា KGB ក៏បានទទួលរងនូវបញ្ហានៃប្រព័ន្ធដឹកនាំដែលគ្មានប្រសិទ្ធភាព និងអំពើពុករលួយក្នុងជួរថ្នាក់ដឹកនាំដែរ គឺមិនសូវជាខុសអ្វីពីរបបមុនៗឡើយ។ ម៉្យាងវិញទៀត អំឡុងទសវត្សរ៍ចុងក្រោយនៃអំណាចរបស់សូវៀត មន្រ្តី KGB ជាច្រើននាក់ បានរត់ទៅចុះចូលជាមួយលោកខាងលិច ឬក៏ព្រមធ្វើការជាគិញសម្ងាត់ឲ្យបរទេសនៅទីក្រុងម៉ូស្គូ។ ក្រៅពីនេះការ សិក្សាមួយចំនួនបានបង្ហាញថា ទោះបីមានសមត្ថភាពខ្លាំងក្នុងការធ្វើចារកម្មក៏ដោយ KGB ហាក់ខ្វះជំនាញផ្នែកវិភាគ ដែលចាំបាច់ក្នុងការ បង្កើតឡើងនូវរូបភាពជាក់ស្តែងនៃស្ថានការណ៍អន្តរជាតិ និងស្ថានការណ៍នៅក្នុងប្រទេសផ្ទាល់៕
ដកស្រង់ពីវែបសាយ Encyclopedia Britannica