(បរទេស)៖ លោក ជេក ម៉ា ប្រៀបដូចជាមនុស្សម្នាក់ដែលមានជីវិតដូចរឿងនិទាន ដែលចេញពីគ្រូបង្រៀនភាសាអង់គ្លេសមានជីវភាពក្រីក្រលំបាកម្នាក់ លោកបានបើកទំព័រជីវិតថ្មីរបស់ខ្លួន រហូតក្លាយជាមហាសេដ្ឋីមានលុយរាប់ពាន់លានដុល្លារអាមេរិក ក្នុងបណ្ដាញពាណិជ្ជកម្មអេឡិចត្រនិក (E-commerce) ស្របពេលដែលគាត់មានចំណេះដឹងខាងផ្នែកនេះពីមុនមកស្រាប់។

មុននឹងនិយាយអំពីរឿង ជេក ម៉ា Fresh News Plus ចង់ឱ្យលោកអ្នកបានស្គាល់មនុស្សធ្វើការក្នុងបណ្ដាញពាណិជ្ជកម្មអេឡិចត្រនិកនេះដូចគ្នាសិន ដែលមានការរីកចម្រើនធំធាត់ប្រហាក់ប្រហែលគ្នា ដូចជាលោក ភៀរ អូមីដ្យឺរ (Pierre Omidyar) ដែលជាអ្នកបង្កើត eBay ជាគេហទំព័រទិញលក់ទំនិញដ៏ធំបំផុតលើពិភពលោក។

លោក ភៀរ អូមីដ្យឺរ, ប្រសិនបើជាយើងមើលទៅ ដូចជាមានប្រវត្តិខ្ពស់ជាង ជេក ម៉ា បន្តិចបន្តួចតែប៉ុណ្ណោះ ដោយគាត់ជាជនជាតិបារាំងកាត់អ៉ីរ៉ង់ ហើយបានផ្លាស់ប្តូរទីលំនៅទៅសហរដ្ឋអាមេរិក។ បន្ទាប់ពីបានរៀនចប់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬព័ត៌មានវិទ្យា (IT) គាត់បានចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់ ស្ទីវចប ដែលជាក្រុមហ៊ុន Apple សព្វថ្ងៃនេះ។ លោក ភៀរ អូមីដ្យឺរ បានឈប់ពីក្រុមហ៊ុននៅក្នុងអាយុ ២៨ឆ្នាំ ហើយក៏បានចាប់ផ្តើមគិតពីផែនការសម្រាប់គេហទំព័រ eBay។

គាត់បានចាប់ដំណើរការបើកគេហទំព័រមួយឡើងនៅក្នុងឆ្នាំ១៩៩៥ ដោយបានដាក់ថា «Auction Web» ដោយមានន័យថា «គេហទំព័រសម្រាប់ដេញថ្លៃ»។ តែដំបូងឡើយនោះ លោក ភៀរ អូមីដ្យឺរ បានតាំងចិត្តប្រើឈ្មោះ «Echobay» ដែលឈ្មោះនេះមានក្រុមហ៊ុនមួយបានប្រើប្រាស់ម្ដងរួចទៅហើយ។

លោក ភៀរ អូមីដ្យឺរ អាចទទួលបានប្រាក់ចំណេញពីគេហទំព័ររបស់គាត់ ក្រោយពេលដំណើរការបានត្រឹមតែ៦ខែប៉ុណ្ណោះ។ ក្នុងឆ្នាំ១៩៩៦ eBay បានក្លាយជាគេហទំព័រដែលទទួលបានប្រាក់ចំណេញខ្ពស់ ក្នុងតម្លៃ១ម៉ឺនដុល្លារក្នុងមួយខែ ហើយបានផ្លាស់ប្តូរឈ្មោះពី Auction Web ទៅជា eBay ក្នុងឆ្នាំជាមួយគ្នានោះ។

បន្តនិយាយពី ជេក ម៉ា វិញម្តង ជេក ម៉ា មានឈ្មោះល្បីក៏ព្រោះតែក្នុងរង្វង់ទីផ្សារភាគហ៊ុន និងទីផ្សារមូលបត្រ ដោយ Alibaba បានបង្ហាញភាគហ៊ុន IPO ដែលមានតម្លៃខ្ពស់រហូតដល់ ៦៨ លានដុល្លារសហរដ្ឋអាមេរិក។ ហេតុផលនេះហើយបានជាធ្វើឱ្យ Alibaba ក្លាយទៅជាក្រុមហ៊ុនបម្រើសេវាកម្មអ៉ីនធឺណែត ដែលមានតម្លៃខ្ពស់ជាង eBay របស់ ភៀរ អូមីដ្យឺរ ហើយផ្តើមចេញពីចំណុចនេះហើយ ទើបធ្វើឱ្យមានឈ្មោះរបស់ ជេក ម៉ា ដែលជាម្ចាស់ក្រុមហ៊ុន Alibaba ត្រូវបានគេនិយមក្នុងការផ្សព្វផ្សាយសារព័ត៌មានអន្តរជាតិ ជាពិសេសក្នុងរឿងដែលថាគាត់មានវិថីជីវិតមិនធម្មតាបំផុតនោះ។

ជេក ម៉ា កើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៦៥ ដែលមានឈ្មោះជាភាសាចិនថា «ម៉ា យ៉ុន» ដោយគាត់ជាក្មេងប្រុសនៅក្នុងគ្រួសារកសិករម្នាក់ក្នុងក្រុងហាងចូវ។ គាត់ជាមនុស្សខុសពីជនជាតិចិនស្ទើរតែទាំងអស់ ពួកគេមិនដែលចាប់អារម្មណ៍រៀនភាសាអង់គ្លេសប៉ុន្មានឡើយ ប៉ុន្តែ ជេក ម៉ា បែរជាចូលចិត្តរៀនភាសាអង់គ្លេសយ៉ាងខ្លាំង។ នៅពេលគាត់អាយុបាន១២ឆ្នាំ គាត់ក៏បានព្យាយាមរៀនភាសាអង់គ្លេសដោយខ្លួនឯង។ គាត់តែងតែជិះកង់៤៥នាទី ដើម្បីទៅធ្វើការនៅសណ្ឋាគារជារៀងរាល់ព្រឹក។ មុនពេល ជេក ម៉ា ចូលទៅនិយាយជាមួយនឹងអ្នកទេសចរបរទេស គាត់ក៏បានសុំធ្វើជាមគ្គទេសក៍ ដើម្បីហ្វឹកហាត់ការនិយាយភាសាអង់គ្លេសឱ្យកាន់តែពូកែឡើង។ ក្នុងការសិក្សាជាទូទៅ ជេក ម៉ា រៀនមិនសូវពូកែប៉ុន្មានទេ ហើយថែមទាំងត្រូវមិត្តភក្តិចំអន់ទៀតផង។ គាត់ប្រឡងវិទ្យាសាស្ត្រមិនជាប់ដល់ទៅ ២លើក និងក្រោយមកគាត់បានសម្រេចចិត្ត ទៅប្រឡងធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យហាងចូវ ដែលជាស្រុកកំណើតរបស់គាត់។

បន្ទាប់ពីបានរៀនចប់ ចូលធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសអស់រយៈពេល៥ឆ្នាំ លោកទទួលបានប្រាក់ខែទាបបំផុតប្រមាណ១០០យ័ន ឬប្រហែល ១៦ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែការវិវត្តនៃជីវិតបានផ្លាស់ប្តូរយ៉ាងសម្បើម ដោយថ្ងៃមួយនៅក្នុងឆ្នាំ១៩៩៥ ជេក ម៉ា ក៏បានធ្វើដំណើរទៅធ្វើការនៅសហរដ្ឋអាមេរិក។

មាគ៌ានៃជីវិតមិនមែនជាការងាយស្រួលនោះឡើយ ពីព្រោះគាត់បានទៅធ្វើការនៅក្នុងតំណែងជាអ្នកតំណាងចរចាធុរកិច្ច តែតំណែងតួនាទីចម្បងរបស់គាត់នោះ គឺការសុំដើមទុនពីក្រុមហ៊ុនធំមួយនៅក្នុងសហរដ្ឋអាមេរិក ដោយក្នុងដំណាក់កាលទីមួយ គាត់មានចាប់អារម្មណ៍ថាការងារមិនលំបាកនោះទេ ព្រមទាំងមានការជួយជ្រោមជ្រែងយ៉ាងល្អរហូតទៅដល់គោលដៅផង។ ជេក ម៉ា នៅសហរដ្ឋអាមេរិកមួយរយៈ ទើបមានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវបានឃុំខ្លួនទុកនៅទីនោះ ដោយលោកយល់ថាក្រុមហ៊ុននេះកំពុងបង្កប់កលល្បិចអ្វីមួយនៅពីក្រោយខ្នង ជាមួយអ្នកមានឥទ្ធិពលនៅក្នុងតំបន់នោះ។

បន្ទាប់មកទៀត ជេក ម៉ា ត្រូវបានគេកុហកថានាំគាត់ត្រលប់ទៅទីក្រុងហាងចូវវិញ តែនៅទីបំផុតគាត់ត្រូវបានគេទុកចោលនៅព្រលានយន្តហោះ តែសំណាងល្អ នៅក្នុងហោប៉ៅខោរបស់គាត់មានលុយ ៦០០ដុល្លារ គាត់ក៏បានប្រញាប់ទៅទិញសំបុត្រយន្តហោះ ដើម្បីជិះទៅជួបមិតភក្តិរបស់លោកនៅស៊ីអែតថល ដែលនៅទីនោះហើយគាត់បានស្គាល់អ៉ីនធឺរណែតលើកដំបូង ខណៈជនជាតិចិនមួយភាគធំមិនធ្លាប់បានស្គាល់ពីមុនមកទេ។ ជេក ម៉ា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញភាពសម្បូរបែប និងទំនើបនៅក្នុងអ៉ីនធឺរណែត ដោយសម័យនោះនៅមិនទាន់មានទិន្នន័យផ្សេងៗទាក់ទងជាមួយប្រទេសចិន និងជនជាតិចិនក្នុងអ៉ីនធឺណែតច្រើននោះឡើយ មានតែពួកអឺរ៉ុបភ្នែកប្រាក់នៅពេញគេហទំព័រតែប៉ុណ្ណោះ។

ពេលដែលត្រលប់មកហាងចូវវិញ ជេក ម៉ា ប្រញាប់អញ្ជើញមិត្តភក្តិមកប្រជុំនៅផ្ទះ ដោយកាលនោះមានសមាជិកចូលរួម ២៤នាក់ ហើយនៅថ្ងៃនោះគេប្រកាសនៅក្នុងអង្គប្រជុំនូវរឿងធំៗពីរ ដែលបានផ្លាស់ប្តូរជីវិតគាត់មកដល់ពេលនេះផងដែរ។ ទីមួយ គាត់បានលាលែងពីការងារ និងទីពីរ គាត់ធ្វើបានវេបសាយ ដោយចាប់ផ្តើមពីសៀវភៅទំព័រលឿង (Yellow Pages) របស់ចិន ដែលមិនគួរឱ្យជឿថាសមាជិកទាំង ២៤នាក់នេះ ក៏មានការយល់ឃើញដូចជារូបគាត់ផងដែរ។ ជេក ម៉ា បានចាប់ផ្តើមធ្វើសៀវភៅពណ៌លឿងលើប្រព័ន្ធអេឡិចត្រូនិកទាក់ទងជាមួយនឹងធុរកិច្ចជាលើកដំបូង ប៉ុន្តែមិនបានសម្រេចប៉ុន្មានទេ ដែលចាត់ទុកថា ជាជំហានដំបូងរបស់គាត់ក្នុងការធ្វើដំណើរលើមាគ៌ាថ្មី ដែលត្រូវតស៊ូវែងឆ្ងាយទៀត ព្រមទាំងត្រូវតែយល់ដឹងយ៉ាងជ្រាលជ្រៅក្នុងបេះដូង។

មកដល់ឆ្នាំ១៩៩៩ ជេក ម៉ា បានរួមក្រុមជាមួយនឹងមិត្តភក្តិម្ដងទៀត ដើម្បីរៀបចំក្រុមហ៊ុន E-commerce ដែលមានឈ្មោះថា «Alibaba» ឡើងនៅផ្ទះរបស់គាត់ផ្ទាល់។ ជេក ម៉ា ជាអ្នកបានជ្រើសរើសឈ្មោះនេះដោយខ្លួនឯង ពីព្រោះចង់ឱ្យមនុស្សគ្រប់ជាតិសាសន៍អាចអានបញ្ចេញសំឡេងបានយ៉ាងស្រួលផង ហើយឈ្មោះមួយនេះក៏មានន័យល្អបំផុត ចេញពីនិទានអមតៈ ដែលមានឈ្មោះថា «រឿងមួយពាន់មួយយប់» ដែលធ្វើឱ្យមនុស្សក្នុងលោកបានស្គាល់ អាចចាត់ទុកថាគេមានគំនិតដែលស៊ីជម្រៅបំផុត។

ជេក ម៉ា បាននិយាយអំពីវិធីសាស្ដ្របង្កើតកម្លាំងជំរុញចិត្តចេញពីមនុស្សជុំវិញខ្លួនថា មុនពេលដែលខ្ញុំបានបង្កើត Alibaba ខ្ញុំអញ្ជើញមិត្តភក្តិ២៤នាក់មកផ្ទះរបស់ខ្ញុំ ដើម្បីពិភាក្សាគ្នាទាក់ទងការធ្វើជំនួញ ហើយក្រោយពីបាននិយាយបានរយៈពេល២ម៉ោងហើយ ពួកគេនៅមានវត្តមានដដែល ហើយពីព្រោះថាខ្ញុំមានទំនាក់ទំនងមិនច្បាស់លាស់ នៅពេលនោះ។ មិត្តភក្តិចំនួន ២៣នាក់ក្នុងចំណោម ២៤នាក់ ប្រាប់ឱ្យខ្ញុំឈប់គិតទៅ បោះបង់ចោលនូវគំនិតគ្មានប្រយោជន៍ និងមានហេតុផលជាច្រើន ដូចជាខ្ញុំមិនស្គាល់នូវអ្វីជាអ៉ីនធឺរណែត ដោយខ្ញុំនៅមិនទាន់មានលុយទុនសម្រាប់បង្កើតក្រុមហ៊ុន Startup និងមានហេតុផលជាច្រើនទៀតផងដែរ ប៉ុន្តែមានមិត្តភក្តិម្នាក់គត់ដែលបានប្រាប់ថា បើសិនអ្នកចង់ធ្វើក៏សាកល្បងធ្វើ ហើយបើសិនមិនដូចនូវអ្វីដែលអ្នកសង្ឃឹមនោះទេ អ្នកក៏អាចត្រលប់ទៅធ្វើការងារដើម ដែលអ្នកធ្លាប់ធ្វើពីមុនមកក៏បានដែរ។ ខ្ញុំគិតនូវពាក្យសម្ដីនេះគ្រប់ពេល នៅព្រឹកថ្ងៃបន្ទាប់មកខ្ញុំសម្រេចចិត្តធ្វើកិច្ចការនោះ។

មានមូលហេតុជាច្រើនដែលបានធ្វើឱ្យ Alibaba ទទួលបានភាពល្បីល្បាញ និងមានភាពជោគជ័យនៅក្នុងមុខជំនួញរបស់ខ្លួន ហើយមានមនុស្សជាច្រើនចង់ដឹងថា ហេតុអ្វីដែលបានធ្វើឱ្យ ជេក ម៉ា អាចដាស់យក្សក្នុងចង្កៀងឱ្យធំលើសអ្នកដទៃបាន? ដោយគេអាចគិតថា បើសិនបើបានភាពជោគជ័យជាងអ្នកដទៃ ត្រូវតែបង្កើតសព្វាវុធធន់ធ្ងន់ ហើយច្រើនសម្បូរបែបជាងគូប្រកួតប្រជែង។ អ្នកចេះដឹងជាច្រើននាក់មាននូវសេចក្ដីសង្ឃឹមថា អាវុធសំខាន់របស់ក្រុមហ៊ុន Alibaba Group គឺវេបសាយចិន Taobao.com
ដែលជាវេបសាយមានលក់ទំនិញរាយដែលធំបំផុត។

បច្ចុប្បន្នក្រុមហ៊ុន Alibaba Group របស់ ជេក ម៉ា រួមមាន៖ Alibaba.com Alibaba Cloud Ali Express AliOS Alipay AliGenie Taobao Tmall Lazada 1688.com Daraz ដែលគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះក្រុមហ៊ុន Alibaba Group មានបុគ្គលិកសរុបចំនួន ១១៧,៦០០នាក់ ជាមួយក្រុមហ៊ុនទ្រព្យសម្បត្តិសរុបរហូតដល់ ១៨៥.៤២៩ប៊ីលាន។

នៅឆ្នាំ២០០៣ Taobao ជាវេបសាយចិនលក់ដូរទំនិញនៅក្នុងប្រទេសចិនយ៉ាងពេញលេញ ដោយការប្រើប្រាស់ទីផ្សារផ្ទាល់ និងយល់ចិត្តដល់អតិថិជនចិនបានច្រើនជាងវេបសាយរបស់ eBay។ អ្វីដែល ជេក ម៉ា បានបង្កើតចេញមកនិងចំណុចខ្លាំងរបស់គេហទំព័រ Taobao នោះ គឺអតិថិជនគ្រប់រូបតែងទទួលបានការ Free មានភាពងាយស្រួល ឆាប់រហ័ស និងខ្លាំង ដោយទាំងបួនចំណុចនេះជាចំណុចសំខាន់ ដែលមិនត្រូវមានការដកដៃចោល មិនថាមានហេតុអ្វីក៏ដោយនោះ។

ជេក ម៉ា បានសរុបជីវិតធ្វើការរបស់ខ្លួនជា ៣ ដំណាក់កាលសំខាន់ៗ៖

* ដំណាក់កាលទីមួយ៖ នៅឆ្នាំ១៩៩៥ គាត់នៅជាគ្រូបង្រៀនភាសាអង់គ្លេសនៅមហាវិទ្យាល័យហាងចូវ ហើយអាចទាយទុកថាអនាគតគាត់ក្លាយជាប្រធានប៉ាតឺម៉ង់ភាសាបរទេស។

* ដំណាក់កាលទីពីរ៖ ឆ្នាំ១៩៩៥-១៩៩៩ គាត់បានចាប់ផ្តើមធ្វើវេបសាយសៀវភៅទំព័រលឿងរួមជាមួយមន្ទីរសារគមនាគមន៍ទីក្រុងហាងចូវ ហើយក្រៅពីនោះក៏បានស្វែងរកផ្លូវចេញពីប៉េកាំង តែក្នុងឆ្នាំ១៩៩៩ ដដែលនោះ នារដូវព្រិលធ្លាក់ ជេក ម៉ា និងមិត្តភក្ដិដែលទៅជាមួយគ្នាត្រូវធ្វើដំណើរត្រលប់ទៅផ្ទះវិញដោយភាពសោកសៅ។

* ដំណាក់កាលទីបី៖ នៅឆ្នាំ១៩៩៩-២០០៤ ជេក ម៉ា បានទទួលនូវភាពជោគជ័យនៅក្នុងការធ្វើវេបសាយ E-commerce ប្រភេទ Business-to-Business ឬហៅកាត់ថា B2B គឺជាធ្វើជំនួញជាមួយស្ថាប័នជំនួញដូចគ្នា ដើម្បីលក់ដូរ គ្រប់គ្រង ការលក់ផលិតផល ឬវត្ថុធាតុដើម ការបង់លុយតាមប្រព័ន្ធអនឡាញ។ នៅពេលគាត់បានសហការជាមួយនឹង Yahoo បានធ្វើឱ្យគាត់ទទួលបានភាពជោគជ័យបន្ថែមទៀត និងកាន់មានបានឡើងទៀត។

Taobao បានឈរលើចំណុចដែលគូប្រកួតមិនធ្លាប់បានធ្វើ នោះគឺបម្រើសេវាកម្មឥតគិតថ្លៃ និងគ្រប់គ្រងមុខងារទាំងអស់អស់រយៈពេលច្រើនឆ្នាំ ដែលទាំងអស់នេះជាការយកចិត្តទុកដាក់លើអតិថិជន ជាយុទ្ធសាស្ត្រមូលដ្ឋានដែលគ្រប់មុខជំនួញទាំងអស់ត្រូវប្រើប្រាស់ ដើម្បីសម្រេចបាននូវភាពជោគជ័យរបស់ខ្លួន។ នៅពេលដែលធ្វើអ្វីៗទាំងអស់ដោយមិនគិតថ្លៃ តើទទួលបានប្រាក់មកពីណា? ចម្លើយគឺផ្តោតសំខាន់លើការបង្កើតចំណូលមកអំពីការប្រមូលតម្លៃឃោសនា ចេញពីក្រុមហ៊ុនធំៗទាំងអស់ ដែលត្រូវការផ្សព្វផ្សាយទំនិញរបស់ខ្លួន។ មធ្យោបាយទាំងអស់នេះបានក្លាយជាទីពេញចិត្តរបស់ជនជាតិចិន ដែលចូលចិត្តរបស់ឥតគិតថ្លៃដែល ជេក ម៉ា បានយល់ពីវប្បធម៌ និងឧបនិស្ស័យរបស់ជនជាតិចិន ដែលមានពាក្យស្លោកថា «ធ្វើតាមតម្រូវការរបស់អតិថិជន មិនមែនធ្វើតាមតម្រូវការរបស់ខ្លួនឯងទេ»

ប្រជាជនចិននៅក្រោមការគ្រប់គ្រងដោយរបបកុម្មុយនីស្ដ ប៉ុន្តែក្រោយពីបានបើកចំហជើងមេឃ ដែលដឹកនាំដោយលោក តេង ស៊ាវពីង ជនជាតិចិនដែលជាអ្នកមានមហាសាលបានកើតមានឡើង តែគាត់ជាមនុស្សស្ងប់ស្ងាត់ ដែលជាមនុស្សមិនចូលចិត្តអួតខ្លួននោះទេ។ ជនជាតិចិននិយមប្រើប្រាស់របស់ មានតម្លៃខ្ពស់ៗ ដូចជាអ្នកមាននៅក្នុងលោកទូទៅដែរ ព្រមទាំងអ្នកជំនាន់ថ្មីដែលទទួលបានការសិក្សាបែបបស្ចិមប្រទេសបានធ្វើឱ្យ ជេក ម៉ា ស្គាល់ចំណុចខ្សោយនេះបានល្អ ហើយចូលវាយលុកចំណុចខ្សោយមួយនេះយ៉ាងឆាប់រហ័សផងដែរ។

ជេក ម៉ា បានបន្ថែមនូវប្រសិទ្ធភាពរបស់ Alibaba ឱ្យកាន់តែខ្លាំងឡើងៗថែមទៀតដោយការបើកគេហទំព័រ Allyun.com Alibaba Cloud Computing ដែលបានបើកបម្រើសេវាកម្មនៅឆ្នាំ២០០៩ ដែលមានវត្ថុបំណងក្នុងការផ្តល់សេវាកម្មកុំព្យូទ័រឱ្យសម្រាប់ធ្វើការតភ្ជាប់ទំនាក់ទំនង សម្រាប់ការចែករំលែកទិន្នន័យព័ត៌មានវិទ្យាឱ្យមានប្រសិទ្ធភាព ព្រមទាំងជួយនៅក្នុងការសន្សំសំចៃការវិនិយោគនូវធនធានកុំព្យូទ័រ ដោយ Allyun.com ស្ថិតនៅក្នុងការកែសម្រួលប្រព័ន្ធ ដើម្បីឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពបំផុត។

បញ្ហាមាសប្រាក់មិនមែនជារបស់ចេញចូលតាមចិត្តឡើយ ដោយការបង្កើតនូវប្រព័ន្ធបង់ប្រាក់ដែលមានសុវត្ថិភាព និងមានភាពងាយស្រួលបំផុត ដែលអាចជឿទុកចិត្តបានសម្រាប់អតិថិជន ជាពិសេសទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានបង្ហាញឱ្យឃើញឈ្មោះហាងណាមួយត្រឹមត្រូវ និងមានសុវត្ថិភាពលើលុយកាក់ ទើបអាចទទួលនូវសេចក្ដីជឿទុកចិត្តបាន និងមាននិន្នាការជោគជ័យខ្ពស់ ដូចជា eBay ដែលលោក ភៀរ អូមីដ្យឺរ ធ្វើបានជោគជ័យដោយការទិញ Paypal យកទៅប្រើប្រាស់ផងដែរ។ ជេក ម៉ា ជាមនុស្សដែលមើលឃើញភាពសំខាន់ក្នុងរឿងនេះ ដោយគាត់បានបើក Alipay.com ឡើងមក ដែលនេះជាមូលហេតុមួយធ្វើឱ្យមានភាពជោគជ័យ។

ពេលដែល eBay មាន Paypal ជាអាវុធដ៏សំខាន់នៅក្នុងដៃសម្រាប់ការចាយវាយលុយកាក់ ជេក ម៉ា ក៏បានជ្រើសរើស Alipay.com មកជាមួយ Paypal ដូចគ្នាផងដែរ។ ក្នុងការចាយដោយប្រើប្រាស់ប្រព័ន្ធ «ឱ្យមុនទទួល» មិនត្រូវយកថ្លៃសេវាកម្មអ្វីទាំងអស់ពី Alipay.com ហើយគ្មានអ្វីចម្លែកចិត្តនោះទេ ចំពោះគេហទំព័រដូចជា Alipay.com ដែលក្លាយជាផ្លូវសំខាន់ក្នុងការបង់ប្រាក់តាមប្រព័ន្ធអ៉ីនធឺរណែត ដោយមានភាពងាយស្រួលក្នុងការធ្វើការអាចបង់លុយ ចូលទៅធនាគារបានគ្រប់ធនាគារទាំងអស់ក្នុងប្រទេសចិន ហើយក៏មានភាពពេញនិយមខ្ពស់បំផុតក្នុងប្រទេសចិនយ៉ាងឆាប់រហ័ស៕