(អង់គ្លេស)៖ «Big Ben» ជាឈ្មោះទីតាំងប៉មនាឡិកាដែលមានភាពល្បីល្បាញយ៉ាងខ្លាំងដោយមានកណ្តឹងដ៏ធំរបស់វាសម្រាប់សម្គាល់។ ឈ្មោះនេះគឺសំដៅទៅលើកណ្តឹង នាឡិកាដ៏អស្ចារ្យដែលមានទំងន់រហូតដល់១៥,១ តោន។ សម្រាប់ទីតាំងអគារប៉មត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា «St. Stephen» រហូតដល់ឆ្នាំ២០១២ អគារប៉មនោះត្រូវបានគេប្តូរឈ្មោះទៅជា «Elizabeth» វិញក្នុងឱកាសប្រារព្ធពិធីគម្រប់ខួបទី៦០ឆ្នាំ ក្នុងការឡើងសោយរាជ្ររបស់ម្ចាស់ក្សត្រីអេលីហ្សាប៊េត ពីរនៅចក្រភពអង់គ្លេស។ ដៃរបស់នាឡិកាលាតសន្ធឹងប្រវែង៩ និង១៤ហ្វីតស្មើរនឹង ២,៧ និង៤,៣ម៉ែត្រ ជាមួយនឹងកម្ពស់៣២០ហ្វីតគឺស្មើរនឹង៩៧,៥ម៉ែត្រ។
ប៉មនាឡិកានេះត្រូវបានរចនាឡើងដោយលោក Edmund Beckett Denison និងលោក Lord Grimthorpe ធ្វើការទំនាក់ទំនងជាមួយលោក Sir George Airy ដែលតារាវិទូមួយរូបនិងលោក Edward Dent គឺជាអ្នកផលិតនាឡិកាផងដែរ។ ការចូលរួមចំណែកសកម្មភាពពីលោក Denison គឺការមូលហេតុដ៏សំខាន់មួយដែលអាចឲ្យកិច្ចការនេះប្រកបទៅបានយ៉ាងរលូន។ ក្នុងឆ្នាំ១៨៥២ លោក Dent បានឈ្នះនូវកិត្តិនាមជាអ្នកផលិតនាឡិកាដ៏អស្ចារ្យជាងគេមួយរូប ប៉ុន្តែលោកបានបាត់បង់ជីវិតមុនពេលកិច្ចការនេះត្រូវបានបញ្ចប់ ដោយឲ្យកូនប្រុសរបស់លោកមានឈ្មោះ Frederick Dent ជាអ្នកស្នងបន្តគម្រោងការណ៌នេះពីឪពុក។
នាឡិកាព្រមជាមួយកណ្តឹងត្រូវបានតំឡើងនៅទីតាំងជាមួយគ្នាក្នុងឆ្នាំ១៨៥៩។ ដំណាក់កាលដំបូងក្នុងការតំឡើងត្រូវទទួលបរាជ័យ។ ហើយក៏បានរៀបរៀងជាលើកទីពីរ ត្រូវបានដឹកនាំដោយលោក George Mears នៃស្ថាប័ន «White Chapel Bell Foundary» ដឹកជញ្ជូនជាមួយនឹងសេះចំនួន១៦ក្បាល។ បន្ទាប់ពីសាងសង់រួចរយៈប៉ុន្មានថ្ងៃបន្ទាប់ ស្នាមប្រេះមួយចំនួនត្រូវបានលេចឡើង ប៉ុន្តែត្រូវបានគេទុកចោលរហូតដល់មានការជួសជុលឡើងវិញក្នុងឆ្នាំ១៨៦២។ លោក Denison យល់ថា វាជាកំហុសនៃការបុកគ្រឹះដែលជម្លោះនេះត្រូវបានប្ដឹងផ្ដល់រហូតដល់មានការឡើងតុលាការ។
គេនៅចាំបានថា រយៈពេលពីរឆ្នាំនាកំឡុងសង្គ្រាមលោកលើកទី១ កណ្តឹងក្នុងអគារនាឡិកាប៉ោល «Big Ben» គឺមានសភាពស្ងាត់ជ្រងំជាប់ជានិច្ចដើម្បីជាវិធីសាស្រ្ត រារាំងការវាយលុកយន្ដហោះរបស់សត្រូវមកលើទីតាំងវិមានសភាជាតិ។ ក្នុងអំឡុងការកើតឡើងនៃសង្គ្រាមលោកលើកទី២ នាឡិកានេះត្រូវបានគេទុកចោលដោយសារ មូលហេតុដូចគ្នា។ ក្នងឆ្នាំ១៩៣៤ និងឆ្នាំ១៩៥៦ កណ្តឹងរបស់វាត្រូវបានគេធ្វើការជួសជុលប្រើប្រាស់សារជាថ្មីឡើងវិញ។ ក្នុងឆ្នាំ២០០៧ ទីតាំងកណ្ដឹងនាឡិកាប៉មត្រូវបានអនុវត្តទទួលការថែទាំជាប្រចាំ។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ទីតាំងប៉មនាឡិកា «Big Ben» ពុំតម្រូវឲ្យដំណើរការជារៀងរាល់ថ្ងៃទៀតនោះឡើយ គឺដាក់ឲ្យប្រើប្រាស់សម្រាប់កម្មវិធីព្រឹត្តិការណ៌បុណ្យជាតិពិសេសតែប៉ុណ្ណោះដូចជា បុណ្យចូលឆ្នាំសកល និងបុណ្យខួបអនុស្សាវរីយថ្ងៃអាទិត្យជាដើម។
តើនរណាជាអ្នកប្រសិទ្ធនាមនាឡិកាប៉ោលដ៏ល្បីនេះថា «Big Ben» ?
យោងតាមព័ត៌មានពីប្រភពខ្លះបានឲ្យដឹងថា ឈ្មោះ «BigBen» នៃទីតាំងអគារប៉មនេះបានលំនាំមកពីឈ្មោះនៃអ្នកប្រដាល់ជើងខ្លាំងមួយក្នុងសតវត្សរ៍ទី១៩ គឺលោក Ben Caunt ដែលត្រូវបានផ្ដល់ឲ្យដោយលោក Benjamin Hall ជាសមាជិកវិស្វករស៊ីវិលសភាជាតិបម្រើការអស់រយៈពេលជិត៣ទសវត្សមកហើយ។ ក្នុងនាមជាអ្នកស្នងការជាន់ខ្ពស់លោក Benjamin Hall ដែលជាអ្នកត្រួតពិនិត្យកិច្ចការងារសាងសង់វិមានសភាក៏ដូចជា អ្នកគ្រប់គ្រងស្ថានការណ៌គ្រប់បែបយ៉ាងខណៈភ្លើងឆេះត្រូវបានកើតឡើងក្នុងឆ្នាំ១៨៣៤។ ឈ្មោះរបស់លោកត្រូវបានមហាជនទទួលស្គាល់ព្រមទាំងចារឹកឈ្មោះលោកទុកនៅលើកណ្តឹងប៉មនាឡិកានោះផ្ទាល់តែម្ដង។
ស្ថិតក្នុងក្នុងឪកាសនេះទីតាំងអគារនាឡិកាប៉មក៏ត្រូវបានគេស្នើរឲ្យដាក់ឈ្មោះ «Big Ben» ដើម្បីជាកិច្ចគោរពទៅដល់លោក Benjamin Hall ប្រធានក្រុមប្រឹក្សាភិបាលក្នុងកំឡុងពេលដែលលោកធ្វើការកាន់តំណែងនេះ៕