(ពិភពលោក)៖ នាអំឡុងគ្រិស្តសតវត្សរ៍ទី១៩ ដើម្បីជម្នះរបាំងទ្វីបដ៏លំបាក មនុស្សបានរកឃើញគំនិតថ្មីក្នុងការជីកព្រែកជីកទម្រុះដីទ្វីបនេះ ដើម្បីតភ្ជាប់ផ្លូវទឹកពីសមុទ្រមួយទៅសមុទ្រមួយទៀត ដែលពីដើមឡើយពួកគេត្រូវធ្វើដំណើរវាងទ្វីបដ៏សែនឆ្ងាយ និងខាតពេលវេលាយ៉ាងយូរទម្រាំបានទៅដល់គោលដៅនីមួយៗ។

ការជីកព្រែកជីកនេះទៀតសោត ក៏បានលេចចេញនូវគុណវិបត្តិជាច្រើនមកជាមួយគ្នាផងដែរ ដូចជាការធ្វើឱ្យមនុស្សស្លាប់ (ប្រជាជន កម្មករ ស្ថាបត្យករជាដើម) ការបង្កឱ្យមានវិបត្តិសង្គ្រាមដណ្ដើមកាន់កាប់ដើម្បីប្រយោជន៍រៀងៗខ្លួន នាំក្ដីអន្តរាយយ៉ាងសន្ធឹកសន្ធាប់ដល់មនុស្សជាតិ។ ប៉ុន្តែថ្វីដ្បិតយ៉ាងនេះក្ដី ការសម្រេចបានសមិទ្ធផលដ៏ធំធេងនេះក៏បាននាំមកនូវគុណសម្បត្តិយ៉ាងច្រើនមហិមាដល់មនុស្សជាតិវិញដែរ ដោយវាអាចបង្រួញផ្លូវធ្វើដំណើររបស់មនុស្សពីទ្វីបមួយទៅទ្វីបមួយទៀតកាន់តែមានភាពរហ័សជាងមុន ជំរុញវឌ្ឍនភាពការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោកបានយ៉ាងច្រើន។

ក្នុងអត្ថបទមួយនេះ Fresh News Plus សូមលើកយកប្រវត្តិដែលមិននឹកស្មានដល់នៃការជីកព្រែកជីកស៊ុយអេនៅប្រទេសអេហ្សីប មកបង្ហាញជូនទស្សនិកជនជាទីស្វែងយល់បន្ថែម។

ព្រែកជីកស៊ុយអេ (Suez) ជាព្រែកជីកសិប្បនិម្មិតដ៏ធំមួយតភ្ជាប់ពីសមុទ្រមេឌីទែរ៉ាណេ (Mediterranean) នៃពិភពអឺរ៉ុបទៅកាន់សមុទ្រក្រហមនៃពិភពអាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ី។ មានប្រវែង ១៦៣ គីឡូម៉ែត្រ (ទទឹងអប្បបរមា ៣០០ ម៉ែត្រ) ព្រែកជីកនេះបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនបានទាំងពីរទិសដៅ ដោយមិនចាំបាច់វាងទ្វីបអាហ្វ្រិកដូចមុននោះទេ។ កាលពីដើមឡើយ ដើម្បីធ្វើដំណើរតាមផ្លូវសមុទ្រពីពិភពអឺរ៉ុបទៅមកពិភពអាស៊ី មនុស្សបានបរសំពៅតាមមហាសមុទ្រអាត្លង់ទិកទៅទិសឧត្តរ ដោយត្រូវវាងទ្វីបអាហ្វ្រិកស្ទើរតែទាំងមូល ទម្រាំបានទៅដល់មហាសមុទ្រឥណ្ឌា និងដែនដីនៃពិភពអាស៊ី គេត្រូវចំណាយរយៈពេលយូរ និងមានហានិភ័យខ្ពស់។

* ប្រវត្តិនៃព្រែកជីកស៊ុយអេ មានដូចតទៅ៖

នៅមុនឆ្នាំ១៨៥៩ សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហមត្រូវបានខណ្ឌដោយរបាំងដីទ្វីបខ្លីមួយត្រង់ចំណុចដែនសីមាប្រទេសអេហ្សីប។ រៀងរាល់ទំនិញជួញដូរដែលចង់ដឹកជញ្ជូនឆ្លងកាត់សមុទ្រទាំងពីរនេះ ចាំបាច់ត្រូវផ្ទេរពីសមុទ្រមួយដឹកជញ្ជូនតាមផ្លូវគោកទៅកាន់សមុទ្រមួយទៀត ដែលនេះជាឱកាសដ៏ល្អសម្រាប់ក្រុមចោរព្រៃធ្វើសកម្មភាពឆក់ប្លន់ទំនិញ និងទ្រព្យសម្បត្តិពីពួកឈ្មួញនាយទុនដង្ខៅសេដ្ឋី។

ដោយចេះតែមានបញ្ហាជាហូរហែយ៉ាងដូច្នេះ ដំណោះស្រាយមួយត្រូវបានចាប់អនុវត្តឡើងក្នុងសម័យអាណានិគម ដោយនៅក្នុងឆ្នាំ១៨៥៤ កុងស៊ុលបារាំងប្រចាំទីក្រុងគែរ (Cairo) គឺលោក ហ្វែរឌីណង់ ឌឺ ឡេស្សិព្ស (Ferdinand de Lesseps) ក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជបារាំង ណាប៉ូឡេអ៊ុងទី៣ (Napoleon III) បានចុះកិច្ចព្រមព្រៀងជាមួយរាជការចក្រភពអូតូម៉ង់ (Ottoman) ដើម្បីជីកព្រែកដំបូងមួយទម្លុះដីទ្វីបតភ្ជាប់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម។ ហេតុអ្វីបានជាជីកព្រែកជីកលើដែនសីមាអេហ្សីប ហើយទៅចុះកិច្ចព្រមព្រៀងជាមួយចក្រភពអូតូម៉ង់វិញយ៉ាងដូច្នេះ? នេះក៏ព្រោះតែខណៈពេលនោះចក្រភពអូតូម៉ង់ដ៏ធំល្វឹងល្វើយបានវាយត្រួតត្រា និងកំពុងគ្រប់គ្រងអាណាចក្រអេហ្ស៊ីប។

នៅឆ្នាំ១៨៥៩ ការដ្ឋានជីកព្រែកថ្មីនេះបានចាប់ផ្តើមជាបណ្តើរៗ ប៉ុន្តែអ្វីដែលគួរឱ្យអាណោចអាធមនោះ កម្មករជាច្រើនម៉ឺននាក់ត្រូវបង្ខំឱ្យធ្វើការជាទម្ងន់ ដោយប្រើតែចប បង្គី និងដៃសុទ្ធសាធ (ហត្ថពលកម្ម)។ លុះក្រោយមក រាជការបារាំងក៏បានប្រើគ្រឿងចក្រជំនួសវិញ ដើម្បីជួយពន្លឿនដំណើរការជីកព្រែកដ៏សំខាន់នេះ។ ក្រោយរយៈពេលជាង១០ឆ្នាំ ពោលគឺនៅឆ្នាំ១៨៦៩ ព្រែកជីកថ្មីដែលមានប្រវែង ១៦៣ គីឡូម៉ែត្រនេះត្រូវបានសម្រេចជាផ្លូវការ។ ជាមួយនឹងទិដ្ឋភាពថ្មីរវាងត្រើយខាងកើត និងខាងលិច ព្រែកជីកស៊ុយអេបានបង្ហាញក្ដីសង្ឃឹមដ៏មហាសាលសម្រាប់ពាណិជ្ជករអឺរ៉ុប ក្រោមគំនរសាកសពមនុស្សជាច្រើននាក់ ដែលបានពលីជីវិតប្ដូរយកសមិទ្ធផលថ្មីសម្រាប់មនុស្សជាតិជំនាន់ក្រោយ។ គម្រោងជីកព្រែកជីកស៊ុយអេនេះបានធ្វើឱ្យកម្មករប្រមាណ ១២០,០០០ នាក់ត្រូវស្លាប់ក្នុងចំណោមកម្មករសរុប ១,៥០០,០០០ នាក់

ក្នុងឆ្នាំដំបូងនៃការបើកឲ្យដំណើរការព្រែកជីកនេះមានកប៉ាល់ត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះបានធ្វើនាវាចរណ៍ឆ្លងកាត់។ ក្នុងឆ្នាំ១៨៧៥ ចក្រភពអង់គ្លេសបានទិញភាគហ៊ុនក្នុងការគ្រប់គ្រងព្រែកជីកមួយនេះ ដោយសារវាជាដង្ហើមយ៉ាងសំខាន់នៃនាវាចរណ៍អង់គ្លេស ដើម្បីធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ អង់គ្លេសក៏បានជួយទាមទារឯករាជ្យពីចក្រភពអូតូម៉ង់ (តួកគីបច្ចុប្បន្ន) ឱ្យទៅប្រទេសអេហ្ស៊ីប ប៉ុន្តែជាថ្នូរត្រលប់មកវិញ អេហ្ស៊ីបត្រូវប្រគល់ការគ្រប់គ្រងព្រែកជីកស៊ុយអេមកឲ្យរាជការអង់គ្លេស។

ចំណេរកាលក្រោយមក ពោលគឺនៅក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ សាធារណរដ្ឋអេហ្ស៊ីបក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ហ្គាម៉ាល អ័បឌែលណាស្សឺ (Gamal Abdel Nasser) បង្ហាញការមិនពេញចិត្ត និងចង់ទាមទារសិទ្ធិគ្រប់គ្រងព្រែកជីកនេះមកអេហ្សីបវិញ ប៉ុន្តែវាមិនងាយស្រួលនោះទេ។ សង្គ្រាមរង្គជល់ជាច្រើនលើកបានកើតឡើងរវាងកងទ័ពអេហ្ស៊ីប ជាមួយកងទ័ពសម្ពន្ធមិត្តអង់គ្លេស-បារាំង-អ៉ីស្រាអែល ហើយបានបន្តអស់រយៈពេលជាច្រើនឆ្នាំ។ ដោយសារបញ្ហានេះហើយធ្វើឱ្យព្រែកជីកស៊ុយអេត្រូវបានផ្អាកសកម្មភាពនាវាចរណ៍ឆ្លងកាត់អស់ជាច្រើនឆ្នាំដែរ។

លុះមកដល់ឆ្នាំ១៩៧៥ សាធារណរដ្ឋអេហ្ស៊ីបដែលកាលណោះស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី អ័នវ៉ា អ៉ីលសាដាត (Anwar el-Sadat) បានចរចាជាមួយអង់គ្លេស បារាំង និងអ៉ីស្រាអែល ដើម្បីរកដំណោះស្រាយជុំវិញវិបត្តិសង្គ្រាមនៅតំបន់ព្រែកជីកស៊ុយអេនេះ ខណៈកងទ័ពពួកគេកំពុងភ្ជង់កាំភ្លើងដាក់គ្នានៅឡើយ។ បញ្ហានេះក៏បន្តទៅដល់អង្គការសហប្រជាជាតិថែមទៀត អង្គការសហប្រជាជាតិក៏បានសំណូមពរឲ្យអង់គ្លេស និងបារាំងដកទ័ពរបស់ខ្លួនពីតំបន់ព្រែកជីកស៊ុយអេ។ ក្រោយពេលនោះមក វិបត្តិសង្គ្រាមក៏ត្រូវបានដោះស្រាយ ហើយព្រែកជីកដ៏សកម្មនេះក៏ត្រូវបានបើកដំណើរការឡើងវិញ។

នាសម័យបច្ចុប្បន្ន មាននាវាដឹកទំនិញធំៗជាមធ្យម ៥០គ្រឿង ដែលបានឆ្លងកាត់ព្រែកជីកស៊ុយអេជារៀងរាល់ថ្ងៃ ដោយសរុបជាទម្ងន់មានប្រមាណជាង ៣០០,០០០,០០០ តោនក្នុងមួយឆ្នាំ៕