(បរទេស)៖ នៅពេលដែលយើងនឹកដល់ឈ្មោះស្លាកសញ្ញា (យីហោ) Gucci ភាគច្រើនយើងអាចនឹងនឹកដល់ម៉ូតសម្លៀកបំពាក់ដែលត្រូវបានកែច្នៃឡើងដោយលោក Alessandro Michele រឺម៉ូដសម្លៀកបំពាក់របស់លោក Tom Ford។ ជាការពិតណាស់មុននឹងអ្នកច្នៃម៉ូដសម្លៀកបំពាក់មានកេរ្តិ៍ឈ្មោះទេពកោសល្យជាច្រើន មានវត្តមានចូលរួមក្នុងការរៀបចំប្រត្តិបត្តិការ ដើរម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញលើពីភពលោកនោះ ដំបូងឡើយវាត្រឹមតែជាហាងរចនាម៉ូដសម្លៀកបំពាក់តូចតាចមួយប៉ុណ្ណោះ។
លោក Guccio Gucci កើតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៨៨១ គឺជាបុគ្គលិកយួរឥវ៉ាន់ធ្វើការនៅក្នុងសណ្ឋាគារ Savoy ឯទីក្រុងឡុង។ ប៉ុន្តែចុងក្រោយ លោកក៏បានសម្រេចចិត្តវិលទៅប្រទេសកំណើតរបស់លោកវិញដោយធ្វើនៅក្នុងហាងលក់វ៉ាលីមួយកន្លែងក្នុងទីក្រុង Florence ដែលមានស្លាកយីហោឈ្មោះថា Franzi។ រហូតដល់ឆ្នាំ ១៩២១ លោកបានសម្រេចចិត្តធ្វើការបើកហាងដែលមានស្លាកយីហោថ្មីមួយជារបស់ខ្លួនឯងតែម្ដង។
ដំបូងឡើយការចាប់ផ្តើមអាជីវកម្មរបស់លោក Gucci គឺជាអ្នកផលិតសម្ភារគ្រឿងសម្រាប់កីឡាជិះសេះតែប៉ុណ្ណោះដែលភាគច្រើនត្រូវបានកែច្នៃធ្វើឡើង ពីពពួកប្រភេទស្បែកដ៏ល្អបំផុតរបស់ប្រទេសអ៊ីតាលី។ ការរចនាម៉ូដរបស់លោកកាន់តែទទួលបានប្រជាប្រិយភាពជាខ្លាំងឡើងថែមទៀត នៅពេលដែលលោកបានធ្វើការពង្រីកទីផ្សារអាជីវកម្មការផលិតគ្រឿងសម្ភារៈរបស់ខ្លួនបន្ថែមទៀត ដោយមានពួកអភិជនអង់គ្លេសជាអ្នកគាំទ្រដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់លោក។
ពេលនោះលោកក៏បាននាំកូនប្រុសទាំងបីរបស់លោកគឺ Aldo, Vasco និង Rodolfo ដើម្បីចូលរួមចំណែកក្នុងអាជីវកម្មមួយនេះផងដែរនាកំឡុងឆ្នាំ ១៩៣៨ ។ហើយពួកគេត្រូវបានប្រគល់តួនាទីធ្វើការពង្រីកវត្តមានអាជីវកម្មនៃស្លាកយីហោរបស់ឪពុកខ្លួនមួយនេះដើម្បីនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ មិនយូរប៉ុន្មានស្លាកយីហោ Gucci ត្រូវបានទទួលស្គាល់ក្នុងទីផ្សារបរទេសដ៏ទៃទៀតដោយមានវត្តមានក្នុងទីក្រុង Rome និងទីក្រុង Milan ជាដើម។
នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៣០ វត្ថុធាតុដើមក្នុងការផលិតមានផលវិបាកក្នុងការនាំចូលមកដោយសារមានបញ្ហារកាំរកូសទៅនឹងប្រទេសអ៊ីតាលី ដូច្នេះហើយលោក Gucci បានចាប់ផ្តើមធ្វើការផ្លាស់ប្ដូរវាយនភណ្ឌសម្រាប់ការផលិតថ្មីដោយលោកពុំធ្លាប់អនុវត្តពីមុនមកដែលវាបង្កើតបានជាគំនិតនៃការបោះពុម្ព Gucci ដំបូងបំផុតទៅលើក្រណាត់តម្បាញដែលរួមច្នៃជាមួយនឹងគ្រាប់ពេជ្រពណ៌ត្នោតតូចៗ។
ប្រភេទកាបូបឫស្សីដ៏ល្បីល្បាញក៌ត្រូវបានបង្កើតឡើងក្នុងស្ថានភាពកាលៈទេសៈស្រដៀងកាលពីឆ្នាំ ១៩៤៧ ។ រហូតដល់ការបញ្ចប់នៃសង្គ្រាមលោកលើកទី ២ សិប្បករនៃស្លាកយីហោ Gucci លោកបានរកឃើញប្រភេទឫស្សីជប៉ុនដែលអាចយកមកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការរចនាកែច្នៃចេញជាកាបូបយួរដៃបាន។
លោក Guccio បានទទួលមរណៈភាពក្នុងឆ្នាំ ១៩៥៣ ក្រោយរយៈពេល ១៥ ថ្ងៃបន្ទាប់ពីការបើកសាខាថ្មីដំបូងរបស់លោកក្នុងទីក្រុងញូវយ៉ក។ ប៉ុន្តែទោះជាលោកបានបាត់ជីវិតក្ដីកេរឈ្មោះស្លាកយីហោរបស់លោកនៅតែបន្តរីកដុះដាលឈានចូកមកឈរជើងក្នុងទីផ្សារសហរដ្ឋអាមេរិកនិងត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅទីនោះ។
ក្នុងទសវត្សទី ៧០ ស្លាកយីហោ Gucci មានបំណងវាយលុកទីផ្សារភាគខាងកើតវិញម្ដងដោយចាប់ផ្ដើដំបូងពីទីក្រុងតូក្យូ បន្ទាប់មកទីក្រុងហុងកុងប៉ុន្តែយុគសម័យដែលពោរពេញទៅដោយភាពជោគជ័យហាក់ដូចជាត្រូវបានបញ្ចប់មួយរំពេច។ ម្ចាស់ស្លាកយីហោ គឺបងប្អូនប្រុសទាំងពីរនាក់មានការឈ្លោះប្រកែកគ្នាឥតឈប់ឈរនៅពេលនោះកូនប្រុសរបស់ Rodolfo គឺ Aritzio បានឡើងកាន់កាប់និងធ្វើការបណ្តេញពូរបស់ខ្លួនចេញពីតំណែងគឺលោក Aldo ខណៈហាងរបស់ខ្លួនកំពុងប្រឈមនឹងវិបត្តិក្ស័យធន។
ក្រុមហ៊ុនទាំងមូលបានចូលរួមចំណែកដើម្បីធ្វើការស្ដារស្លាកយីហោ Gucci ឡើងវិញជាមួយនឹងជំនួនកច្ចពិភាក្សាពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ក្នងនោះរួមមានលោក Mello ជាប្រធានផ្នែករចនាម៉ូដ ព្រមទាំងលោកស្រី Bergdorf Goodman ជាអតីតប្រធានបានចូលរួមក្នងឆ្នាំ ១៩៨៩ និងបាននាំក្រុមការងាររួមមកជាមួយមានដូចជាលោក Richard Lambertson ជាប្រធានផ្នែករចនាម៉ូដ លោក Neil Barrett ផ្នែករចនាម៉ូដសម្លៀកបំពាក់បុរសព្រមជាមួយ លោក Tom Ford ផ្នែករចនាម៉ូដសម្លៀកបំពាក់សម្រាប់នារី។ ក្រោមការដឹកនាំរបស់លោក Mello ស្លាកយីហោ Gucci ត្រូវបានបង្កើតកេរឈ្មោះសារជាថ្មីឡើងវិញ។ ប៉ុន្តែរយៈកាលកន្លងផុត ការរចនាម៉ូដសម្លៀកបំពាក់ដទៃទៀតរបស់លោក Mello ពុំសូវទទួលបានការពេញនិយមឡើយ។
លោក Tom Ford គឺជាអ្នករចនាច្នៃម៉ូដសម្លៀកបំពាក់ដ៌មានទេពកោសល្យមួយរូបដែលគេយល់ថាលោកគឺជាជួយសង្គ្រោះដល់ស្លាកយីហោមួយនេះយ៉ាងពិតប្រាកដ។ លោកបានក្លាយជាប្រធាននាយកច្នៃម៉ូតរបស់ Gucci បន្ទាប់ពីការចាកចេញរបស់លោក Mello។
ប៉ុន្តែដោយសារតែមានភាពល្អក់កករជាមួយនឹងក្រុមហ៊ុន Pinault Printemps Redoute ដែលជាភ្នាក់ងារបានធ្វើការទិញយកស្លាកយីហោ Gucci ក្នុងឆ្នាំ ២០០៤ លោក Ford បានសំរេចចាកចេញ។ លោកស្រី Alessandra Facchinetti ក៏បានសម្រេចចិត្តចូលមកទទួលបន្ទុកបន្តទៅលើការរចនាម៉ូដសម្លៀកបំពាក់របស់នារីនេះ។ នាងបានបន្សល់ស្នាដៃចំនួនពីររយៈកាលមុននឹងធ្វើការចាកចេញពីក្រុមហ៊ុនក្នុងឆ្នាំ ២០០៥។
តំណែងទំនេររបស់លោកស្រីត្រូវបានបន្សល់ទុកដល់ Frida Giannini ឈានចូលមកកាន់កាប់បន្ត។ នាងគឺជាបុគ្គលិករបស់ក្រុមហ៊ុនតាំងពីឆ្នាំ ២០០២ មកម៉្លេះក្នុងវ័យ ២៤ឆ្នាំក្នុងតំណែងប្រធាននាយករចនាកាបូបយួរដៃដែលវិស័យនេះបានផ្ដល់នូវផលចំណេញយ៉ាងច្រើនមកសម្រាប់ក្រុមហ៊ុន។ នាងត្រូវបានឡើងឋានៈទទួលមើលការខុសត្រូវគ្រប់ផ្នែកគ្រឿងបន្លាស់ទាំងមូលវិញម្ដងដែលវាជាភាពជោគជ័យដ៏ធំធេងមួយរបស់ Giannini ក្នុងវិស័យការងាររបស់នាងនៅទីនោះ។
លោក Alessandro Michele អាចត្រូវបានគេប្រទះឃើញនៅក្នុងខ្សែវីដេអូភាពយន្តដោយលោកមានតួនាទីជាអ្នកដឹកនាំមួយផងដែរ។ លោក Michele ត្រូវបានក្រុមហ៊ុនប្រកាសឲ្យចូលកាន់កាប់តំណែងបន្តក្នុងឆ្នាំ ២០១៥ ។ លោកបានធ្វើការក្នុងក្រុមហ៊ុនអស់រយៈពេលជាង ១២ ឆ្នាំមកហើយដោយបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាន់កាប់តំណែងនេះ។ ជំហានដ៏ធំដំបូងរបស់លោក Michele គឺលោកបានធ្វើការច្រានចោលនូវការរចនាម៉ូដសម្លៀកបំពាក់បុរសទាំងអស់របស់នាង Giannini ហើយបានរៀបចំឡើងវិញទាំងស្រុងត្រឹមតែរយៈពេល ៥ ថ្ងៃប៉ុណ្ណោះមុននឹងការបង្ហាញម៉ូដក្នុងរដូវស្លឹកឈើជ្រុះ ២០១៥ ត្រូវបានមកដល់។ មួយខែក្រោយមកការរចនានូវម៉ូដសម្លៀកបំពាក់សម្រាប់នារីជាលើកដំបូងរបស់លោកត្រូវបានដាក់បង្ហាញក្នុងទីក្រុង Milan ព្រមទាំងទទួលបានភាពជោគជ័យជាខ្លាំង។
ក្នុងរយៈពេលបួនឆ្នាំមកនេះលោក Michele បានប្រែក្លាយ Gucci ទៅជាស្លាកយីហោមួយដែលទទួលបានការគាំទ្រពីអតិថិជនជាខ្លាំង ជាមួយនឹងការរចនាម៉ូដសម្លៀកបំពាក់ពោរពេញដោយភាពរសនិយមថ្មីប្លែកទៅតាមរដូវកាលនីមួយៗរបស់យុគសម័យថ្មីនេះ៕