(បរទេស)៖ ក្នុងនាមជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន SpaceX និង Tesla ព្រមទាំងជាស្ថាបនិកក្រុមហ៊ុន Boring, សហស្ថានិកក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Neuralink លោក Elon Musk គឺជាអ្នកជំនួញដ៏មានឥទ្ធិពល និងល្បីល្បាញម្នាក់ ហើយបើតាមទស្សនាវដ្ដី forbes លោកក៏ជាប់ឈ្មោះជាមហាសេដ្ឋីលំដាប់ទី៣១ នៅលើពិភពលោកផងដែរ ដោយមានទ្រព្យសរុប ២៤.៦ពាន់លានដុល្លារ។ ប៉ុន្តែ មុននឹងមានថ្ងៃនេះ លោក Elon Musk បានហែលឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុង ឆាកជីវិត ចាប់តាំងពីរកលុយបានមួយដុល្លារក្នុងមួយថ្ងៃ រហូតដល់ក្លាយជាមហាសេដ្ឋីម្នាក់។
* លោក Elon Musk គឺជានរណា?
លោក Elon Musk គឺជាអ្នកជំនួញអាមេរិក ដើមកំណើតអាហ្វ្រិកខាងត្បូងម្នាក់។ លោកបានបង្កើតក្រុមហ៊ុនវីដេអូហ្គេម X-COM នៅឆ្នាំ១៩៩៩ (ក្រោយមកប្ដូរឈ្មោះ ទៅជាក្រុមហ៊ុន PayPal), ក្រុមហ៊ុន SpaceX ក្នុងឆ្នាំ២០០២ និងក្រុមហ៊ុន Tesla Motors នៅឆ្នាំ២០០៣។ លោក Musk បានក្លាយជាមហាសេដ្ឋីពាន់លាន នៅអាយុ ២០ឆ្នាំ ជាពេលដែលលោកបានលក់ក្រុមហ៊ុន Zip2 ទៅឱ្យក្រុមហ៊ុន Compaq Computers។
លោក Musk កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧១ ក្នុងទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។ ឪពុកម្ដាយរបស់លោកបានលែងលះគ្នា នៅពេលលោកមាន អាយុ១០ឆ្នាំ។ លោកធ្លាប់រៀបការបីលើក ក្នុងនោះមានពីរលើក ជាមួយមនុស្សស្រីម្នាក់។ លោកបានរៀបការដំបូងគេជាមួយនាង Justine Wilson និងជាមួយនាង Talulah Riley ក្នុងឆ្នាំ២០១០ ប៉ុន្តែអ្នកទាំង២លែងលះគ្នានៅឆ្នាំ២០១២។ ប៉ុន្មានឆ្នាំក្រោយមក អ្នកទាំងពីរបានរៀបការជាមួយគ្នាជាថ្មី តែបានលែងលះគ្នាម្ដងទៀត នៅពីរឆ្នាំក្រោយមក។
*រឿងពិតទាំង៧ នៅក្នុងជីវិតរបស់លោក Elon Musk
១៖ ដើរគោះទា្វរផ្ទះលក់ទៀនឱ្យអ្នកមាន
ធំដឹងក្ដីឡើងនៅក្នុងទីក្រុង Pretoria លោក Musk និងបងប្រុសឈ្មោះ Kimbal រួមជាជីដូនមួយរបស់គាត់ បានធ្វើដំណើរជុំវិញតំបន់អ្នកមាននៅក្នុងរដ្ឋធានីនៃប្រទេស អាហ្វ្រិកខាងត្បូង ដើម្បីលក់ទៀន និងស៊ុតមាន់សូកូឡា សម្រាប់ពិធីបុណ្យ Easter ដោយក្នុងស៊ុតមាន់មួយលក់ក្នុងមួយគ្រាប់១០ដុល្លារ។
២៖ ត្រូវគេធ្វើបាប
នៅពេលចូលរៀនថ្នាក់បឋមក្នុងទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង លោក Elon Musk មានវ័យក្មេង និងតូចល្អិតជាងគេនៅក្នុងថ្នាក់។ នៅក្នុងបទសម្ភាសន៍ នៅក្នុងកម្មវិធី 60 Minutes លោក Musk បាននិយាយថាកាលនៅក្មេង ពេលខ្លះលោកត្រូវក្រុមបងធំនៅក្នុងសាលាវាយធ្វើបាប ហើយរហូតដល់អាយុ១៥ឆ្នាំ ទើបលោក អាចការពារខ្លួនឯងបាន ក្រោយបានរៀនក្បាច់គុន ការ៉ាត់តេ, និងយូដូជាដើម។
៣៖ ឪពុកម្ដាយរបស់គាត់ ធ្លាប់គិតថាលោក Musk ជាមនុស្សថ្លង់
លោក Musk ប៊ិះបាត់បង់ក្ដីស្រមៃ ដោយសារតែឪពុកម្ដាយធ្លាប់យល់ថាលោកជាមនុស្សថ្លង់។អ្នកទាំងពីរ បាននាំកូនទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យមើលថាកូនថ្លង់ពិតមែនដែរឬទេ។
ប៉ុន្តែក្នុងពេលនោះដែរ ម្ដាយរបស់លោកឈ្មោះ Maye Musk បានមើលឃើញដោយចៃដន្យពីទេព្យកោសល និងគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក Musk ទៅវិញ។ នោះគឺលោក Musk មានការចងចាំល្អជាងក្មេងដ៏ទៃ និងមានក្ដីស្រមៃផលិតគ្រាប់រ៉ក្កែត តាំងពីនៅក្មេងមកម្លេះ។
៤៖ បង្កើតគ្រឿងផ្ទុះ និងគ្រាប់រ៉ុក្កែតដោយខ្លួនឯង
នៅពេលដែលឪពុកម្ដាយ ចេញទៅឆ្ងាយពីផ្ទះម្ដងៗ លោក Musk ត្រូវរស់នៅក្រោមការមើលថែរបស់អ្នកមើលថែផ្ទះម្នាក់។ លោកធ្លាប់និយាយនៅក្នុងបទសម្ភាសន៍ ដូច្នេះថា៖ «គាត់មិនចូលចិត្តមើលថែខ្ញុំទេ។ ខ្ញុំបានលួចផលិតគ្រឿងផ្ទុះ, អានសៀវភៅ និងគ្រាប់រ៉ុក្កែត ពោលគឺខ្ញុំកំពុងធ្វើរឿងដែលអាចធ្វើឱ្យខ្ញុំស្លាប់...»។
៥៖ គាត់ជាមនុស្សចូលចិត្តអានសៀវភៅ
នៅកុមារភាព លោក Musk គឺជាក្មេងចូលចិត្តអានសៀវភៅ ហើយលោកតែងតែលើកឡើងជារឿយៗថាសៀវភៅបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដុតបញ្ឆេះ មហិចិ្ឆតារបស់លោក និងធ្វើឱ្យលោកមានអារម្មណ៍ធូរស្រាល។ «ខ្ញុំធំធាត់ដោយសារសៀវភៅ និងឪពុកម្ដាយរបស់ខ្ញុំ»។ សៀវភៅដែលលោក Musk ចូលចិត្តអានគឺជា សៀវភៅវិទ្យាសាស្ត្រ ដោយពេលខ្លះលោកអានវា១០ម៉ោងក្នុងមួយថ្ងៃក៏មាន។
៦៖ នៅអាយុ១២ឆ្នាំ ចេះផលិតហ្គេម និងលក់បានលុយ ៥០០ដុល្លារ
នៅត្រឹមអាយុ១២ឆ្នាំ លោក Elon Musk បានសរសេរកូដ និងផលិតហ្គេមមួយមានឈ្មោះថា Blastar។ លោកបានលក់ហ្គេមនេះក្នុងតម្លៃ៥០០ដុល្លារ ក្រោយមាន ទស្សនាវដ្ដីមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង ចុះផ្សាយពីរូបលោក និងកូដហ្គេមមួយនេះ។
៧៖ រកលុយបានពី១ដុល្លារ ក្នុងមួយថ្ងៃ រហូតក្លាយជាមហាសេដ្ឋី
លោក Elon Musk បានចាកចេញទៅរស់នៅប្រទេសកាណាដា នៅអាយុ១៧ឆ្នាំ ដើម្បីគេចវេសពីកាតព្វកិច្ចបម្រើទ័ព នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ លោកទទួល បានសញ្ជាតិ្តកាណាដា ហើយក្រោយមកទៀតទើបបានទទួលសញ្ជាតិ្តអាមេរិក។ ប៉ុន្តែ ជីវិតរស់នៅក្នុងប្រទេសកាណាដា យុវជន Musk អាចរកប្រាក់បានតែ១ដុល្លារ ប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីទិញចំណីអាហារ។ នៅឆ្នាំ១៩៩២ លោកបានចាកចេញពីកាណាដា ដើម្បីបន្តការសិក្សាផ្នែករូបវិទ្យា នៅឯសាកលវិទ្យាល័យ University of Pennsylvania សហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក Elon Musk ជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន SpaceX និង Tesla ព្រមទាំងជាស្ថាបនិកក្រុមហ៊ុន Boring, សហស្ថានិកក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Neuralink បើតាមទស្សនាវដ្ដី forbes លោកក៏ជាប់ឈ្មោះជាមហាសេដ្ឋីលំដាប់ទី៣១ នៅលើពិភពលោកផងដែរ ដោយមានទ្រព្យសរុប ២៤.៦ពាន់លានដុល្លារ៕
ប្រភព៖ CNBC