(ភ្នំពេញ)៖ ទ្វីបអាមេរិកដែលគេស្គាល់នាពេលសព្វថ្ងៃនេះ ត្រូវបានគេដឹងថាជាទឹកដីដើមរបស់ជនជាតិស្បែកក្រហម មាឌធំ ច្រមុះស្រួច ដែលគេហៅម្យ៉ាងទៀតថា «ពួកឥណ្ឌាស្បែកក្រហម»។ ពួកនេះត្រូវបានពួកអឺរ៉ុបធ្វើសញ្ជ័យវាតទីទឹកដី និងសម្លាប់យ៉ាងរង្គាលកាលពីដើមសតវត្សរ៍ទី១៦ បង្កើតបានជាប្រវត្តិដ៏ជូរចត់សម្រាប់ជនជាតិទាំងនេះ។ តើទ្វីបដ៏ធំមួយនេះមានប្រវត្តិទាក់ទងយ៉ាងណាខ្លះ? តើអ្នកណាជាអ្នករកឃើញទ្វីបនេះ? ហេតុអ្វីបានជាគេដាក់ឈ្មោះទ្វីបអាមេរិក?
ជាការពិតណាស់ នៅលើទ្វីបអាមេរិកដែលមានទំហំប្រមាណ ៨.៣ ភាគរយនៃផ្ទៃផែនដីទាំងមូលនេះ មិនមែនទើបតែមានមនុស្សរស់នៅក្នុងគ្រិស្តសតវត្សរ៍របស់យើងនេះនោះទេ បើតាមការស្រាវជ្រាវរបស់ពួកបស្ចិមលោកបានបង្ហាញថា ទ្វីបនេះមិនត្រឹមតែមានមនុស្សរស់នៅជាយូរមកហើយប៉ុណ្ណោះទេ ថែមទាំងធ្លាប់មានអារ្យធម៌រុងរឿងរបស់ខ្លួននៅមុនគ្រិស្តសករាជទៅទៀត ដែលត្រូវបានប្រវត្តិវិទូចាត់ទុកថា នៅលើទ្វីបនេះគឺមានរដ្ឋដំបូងគេមួយក្នុងចំណោមរដ្ឋដំបូងគេទាំង ៧ នៅលើពិភពលោក នោះគឺអាណាចក្ររបស់ពួកអាស្តែក និងពួកម៉ាយ៉ា។ ទីក្រុងចាស់ជាងគេនៅទ្វីបអាមេរិកមានឈ្មោះថា ទីក្រុងការ៉ាល (Caral) បច្ចុប្បន្នស្ថិតនៅប្រទេសពេរូ ដែលមានអាយុកាលជាង ១២,០០០ ឆ្នាំមកហើយ។ ក្រៅពីនោះ ក៏មានអារ្យធម៌ចំណាស់មួយទៀតដែលមានទីក្រុងឈ្មោះថា ទីក្រុងក្លូវីស៍ (Clovis) បច្ចុប្បន្នស្ថិតនៅប្រទេសម៉ិចស៊ិក ដែលមានអាយុកាលជាង ១០,០០០ ឆ្នាំមកហើយដែរ។
ជនជាតិចិនបានអះអាងថា ក្នុងសម័យរាជវង្សយ័ន ១២៧៩-១៣៦៨ (រាជវង្សនេះបង្កើតដោយស្ដេចម៉ុងហ្គោល គូប៊ីឡៃខាន់ ក្នុងការគ្រប់គ្រងប្រទេសចិន) ក៏បានបញ្ជូនអ្នករុករកដែនដីថ្មីនៅត្រើយសមុទ្រខាងកើត (សំដៅលើមហាសមុទ្រប៉ាស៊ីហ្វិក) ផងដែរ ហើយគេបានទទួលដំណឹងថាពួកអ្នករុករកទាំងនោះ បានទៅដល់ទ្វីបដ៏ធំមួយនៅត្រើយសមុទ្រខាងកើតនេះ ដោយបានគូរផែនទីផ្នែកខ្លះនៃដែនដីថ្មីនេះ គ្រាន់តែកាលណោះជនជាតិចិនមិនដឹងហៅឈ្មោះថាយ៉ាងម៉េច។ ក្រោយមកទៀត ពោលគឺនៅអំលុងឆ្នាំ១៤២១ មេទ័ពជើងទឹករបស់រាជវង្សម៉េង (Ming) ដែលឈ្មោះថា តឹង ហឺ (Tseng He) ក៏បានបរសំពៅទៅដល់ទ្វីបថ្មីនៅត្រើយសមុទ្រខាងកើតនេះដែរ។
ចំណេរកាលក្រោយមក ពោលគឺនាអំលុងសតវត្សរ៍ទី១៥ ចក្រភពអេស្ប៉ាញ និងចក្រភពព័រទុយកាល់បានជំរុញឱ្យមានការរុករកដែនដីថ្មី និងមធ្យោបាយងាយស្រួលជាងក្នុងការទៅកាន់ឥណ្ឌា និងអាស៊ី ដែលពីមុនគេត្រូវធ្វើដំណើរតាមសមុទ្រអាត្លង់ទិកទៅទិសខាងត្បូង ដោយវាងទ្វីបអាហ្វ្រិកយ៉ាងយូរ ទើបទៅដល់មហាសមុទ្រឥណ្ឌា និងដែនគោកនៅទ្វីបអាស៊ីនេះ។ ក្នុងចំណោមអ្នករុករកជាច្រើននាក់ លោក គ្រីស្តុប កូឡំ (Christopher Columbus 1451-1506) ដែលជាមេបញ្ជាការសំពៅជនជាតិអ៉ីតាលីម្នាក់ ក៏ជាអ្នករុករកម្នាក់ដែរ។ លោក គ្រីស្ដុប កូឡំ មានទស្សនៈថាផែនដីមានរាងមូល ផ្ទុយពីទស្សនៈរបស់ជនជាតិអឺរ៉ុបនាពេលនោះ ដែលគេជឿថាផែនដីមានរាងសំប៉ែតដូចផែនស្ករ។
លោក គ្រីស្តុប កូឡំ បានសរសេរគម្រោងស្នើសុំជំនួយឧបត្ថម្ភជាច្រើនលើកទៅកាន់សភា និងព្រះបរមរាជវាំងនៅចក្រភពអេស្ប៉ាញ ព័រទុយកាល់ និងចក្រភពអង់គ្លេស ដោយលោកបានបញ្ជាក់ថាផែនដីមានរាងមូល ប្រសិនបើគេចេញដំណើរទៅទិសខាងលិច គេនឹងបានទៅដល់ទ្វីបអាស៊ីលឿនជាងការធ្វើដំណើរពីមុន ដែលពីមុនគេត្រូវចេញដំណើរតាមមហាសមុទ្រអាត្លង់ទិកទៅទិសខាងត្បូង ហើយវាងទ្វីបអាហ្វ្រិកចូលទៅមហាសមុទ្រឥណ្ឌា ទម្រាំបានទៅដល់អាស៊ី គឺប្រើពេលយូរណាស់។ តែដំបូងឡើយគ្មានអ្នកណាគេជឿលោក និងជួយឧបត្ថម្ភនោះទេ ដោយគេជេរស្ដីថាលោកជាមនុស្សឆ្កួត ដែលមានទស្សនៈខុសពីមហាជនអឺរ៉ុបទូទៅ។
លុះដល់ឆ្នាំ១៤៩២ លោកបានទូលស្នើគម្រោងរបស់លោកថ្វាយព្រះចៅអធិរាជ ហ៊្វែរឌីណង់ទី២ (Ferdinand II) របស់ចក្រភពអេស្ប៉ាញ ហើយព្រះអង្គក៏បានសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះគម្រោងនេះ និងបានជួលលោក គ្រីស្តុប កូឡំ ឱ្យចាប់ផ្ដើមបេសកកម្មនេះ។ កាលណោះ ពួកអឺរ៉ុបបានបង្កសង្គ្រាមជាមួយចក្រភពអូតូម៉ង់ (Otoman) របស់តួកគីបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យកងទ័ពអូតូម៉ង់បិទផ្លូវសូត្រមិនឱ្យពួកអឺរ៉ុបធ្វើដំណើរទៅកាន់ដែនដីឥណ្ឌា និងប្រទេសចិននោះឡើយ ដូច្នេះពួកអឺរ៉ុបត្រូវរិះរកវិធីទៅកាន់ដែនដីទាំងនេះតាមផ្លូវសមុទ្រ តែចំណាយពេលយូរ និងមានហានិភ័យខ្ពស់។ ព្រះចៅ ហ៊្វែរឌីណង់ទី២ បានព្រះរាជទានសំពៅសមុទ្រធំៗចំនួន ៣ គ្រឿង ព្រមជាមួយជំនួយការប្រមាណ ១,២០០នាក់ និងសម្ភារប្រើប្រាស់ជាច្រើនទៀតសម្រាប់ការធ្វើដំណើរទៅកាន់ឥណ្ឌា និងការរុករកដីថ្មីផ្សេងទៀត។
ក្នុងដំណើរលើកដំបូងទៅកាន់ពិភពលោកថ្មី នាខែកក្កដា ឆ្នាំ១៤៩២ សំពៅទាំង៣របស់លោក គ្រីស្តុប កូឡំ បានចេញពីកំពង់ផែសាន់តាម៉ារី (Santa Maria) នៃចក្រភពអេស៉្បាញ។ រយៈពេល៣៦ថ្ងៃក្រោយមក លោកបានឈានជើងដល់កោះមួយ ដែលបច្ចុប្បន្នជាប្រទេសបាហាម៉ាស (Bahamas)។ សំពៅសមុទ្ររបស់លោកក៏បានបន្តដំណើរទៅដល់កោះចំនួន ២ បន្តបន្ទាប់ទៀត ដែលមួយជាប្រទេសគុយបា (Cuba) ហើយកោះមួយទៀតជាប្រទេសហៃទី (Haiti) និងសាធារណរដ្ឋដូមីនិក (Dominican Republic) នាពេលបច្ចុប្បន្ន។ នៅក្នុងឆ្នាំ១៤៩៣ លោកបានត្រលប់មកចក្រភពអេស៉្បាញវិញ និងបានរាយការណ៍ថ្វាយព្រះចៅអធិរាជអេស្ប៉ាញអំពីការទៅដល់បណ្ដាកោះទាំងនោះ។
នៅក្នុងឆ្នាំ១៤៩៣ ដដែលនោះ លោកបានធ្វើបេសកកម្មជាលើកទី២ ដើម្បីរុករកកោះថ្មីបន្ថែមទៀតនៅក្នុងលំហសមុទ្រការីបង់ (Caribbean) ដោយបានទៅដល់ដែនដីថ្មីមួយទៀត ដែលបច្ចុប្បន្នជាប្រទេសវេណេស៊ុយអេឡា (Venezuela)។ គាត់បានត្រលប់មកអេស៉្បាញវិញនៅឆ្នាំ១៤៩៦។
លោក គ្រីស្តុប កូឡំ បានចេញដំណើរផ្លូវសមុទ្រជាលើកទី៣ នៅឆ្នាំ១៤៩៨ ដោយលើកនេះក៏មានមេបញ្ជាការសំពៅដ៏ចំណានម្នាក់រួមដំណើរផងដែរ ដែលមានឈ្មោះថា អាមេរីកូ វេស្ពូស៊ី (Amerigo Vespucci)។ លោក គ្រីស្តុប កូឡំ បានទៅដល់ប្រជុំកោះមួយចំនួននៅលំហសមុទ្រការីបង់ និងដែនដីផ្សេងទៀត ដែលបច្ចុប្បន្ននៅត្រង់ប្រទេសហុងឌុយរ៉ាស់ (Hongduras) និងប្រទេសអ៊ែលសាវ៉ាឌ័រ (El Sanador) ហើយលោកក៏បានត្រលប់មកអេស្ប៉ាញវិញនៅឆ្នាំ១៥០០។
ទោះជាយ៉ាងណា លោកនៅតែយល់ថាដែនដីកោះដែលលោកបានទៅដល់លើកមុនៗនោះ គឺជិតដល់ដែនដីរបស់ឥណ្ឌា។ លោក គ្រីស្តុប កូឡំ និងលោក អាមេរីកូ វេស្ពូស៊ី ក៏បានធ្វើដំណើរតាមផ្លូវសមុទ្រជាលើកចុងក្រោយនៅឆ្នាំ១៥០២ ដោយបានទៅដល់ភាគកណ្ដាលនៃទ្វីបអាមេរិក ដើម្បីបន្តស្វែងរកផ្លូវទៅសមុទ្រឥណ្ឌា និងដែនដីឥណ្ឌា។ នៅពេលនោះ ព្យុះសមុទ្រមួយបានបោកបក់សំពៅរបស់គាត់ទៅដល់កោះគុយបា។ លោក គ្រីស្តុប កូឡំ បានត្រលប់មកអេស៉្បាញវិញនៅខែវិច្ឆិកា ឆ្នាំ១៥០៤។
ក្រោយលោក គ្រីស្ដុប កូឡំ ទទួលមរណភាពនៅឆ្នាំ១៥០៦ លោក អាមេរីកូ វេស្ពូស៊ី បាននាំដំណឹងការពិតអំពីដីថ្មីនោះថាមិនមែនជាប្រទេសឥណ្ឌា ដែលលោក គ្រីស្តុប កូឡំ ក៏ដូចជាគ្រប់គ្នាធ្លាប់យល់ច្រឡំនោះទេ គឺជាដែនដីផ្សេងមួយទៀតដែលមានមនុស្សរស់នៅជាយូរមកហើយ តែមានស្បែកក្រហមខុសពីជនជាតិអឺរ៉ុបស្បែកស និងឥណ្ឌាស្បែកខៀវ។ តាំងពីពេលនោះមក គេក៏បានដាក់ឈ្មោះទ្វីបថ្មីដែលមិនទាន់មានអ្នកណាដឹងពីវិសាលភាពនោះថា ទ្វីបអាមេរិក គឺយកតាមឈ្មោះមេបញ្ជាការសំពៅរបស់លោក គ្រីស្តុប កូឡំ គឺ Amerigo។
នៅពេលគេដឹងថា លោក គ្រីស្តូប កូឡុំ រកឃើញដីថ្មីនៅទ្វីបអាមេរិកនេះហើយ ពួកអឺរ៉ុបបានបើកប្រតិបត្តិការលើកទ័ពចូលធ្វើសញ្ជ័យវាតទីយកដែនដីរៀងៗខ្លួន និងបានសម្លាប់ជនជាតិដើមម្ចាស់ស្រុកដែលគេហៅថា «ឥណ្ឌាស្បែកក្រហម» នោះយ៉ាងរង្គាលជាទីបំផុត ចាប់ពីដើមសតវត្សរ៍ទី១៦។ ដំបូងគឺចក្រភពអេស្ប៉ាញ និងព័រទុយកាល់ ជាអ្នកឡើងច្រាំងទ្វីបអាមេរិកមុនគេ បន្ទាប់មកមានចក្រភពអង់គ្លេស បារាំង ហូឡង់។ អេស្ប៉ាញ និងព័រទុយកាល់ យកដីបានច្រើនជាងគេនៅតំបន់អាមេរិកខាងត្បូងបច្ចុប្បន្ន ចំណែកអង់គ្លេស បារាំង និងហូឡង់វិញយកដីបានច្រើនជាងគេនៅតំបន់អាមេរិកខាងជើងបច្ចុប្បន្ន។
ជនជាតិដើមម្ចាស់ស្រុកដែលរួចជីវិតពីការសម្លាប់វាតទី ត្រូវចាប់បង្ខំឱ្យធ្វើជាអ្នកបម្រើរបស់ពួកអាណានិគមអឺរ៉ុប បង្ខំឱ្យរៀនភាសាអឺរ៉ុប និងកាន់សាសនាគ្រិស្តតាមពួកគេ។ នៅពេលជនជាតិដើមម្ចាស់ស្រុកនៅសេសសល់តិចតូច ពួកអឺរ៉ុបក៏បានចាប់ជនជាតិអាហ្វ្រិកស្បែកខ្មៅជាច្រើនមកធ្វើជាអ្នកបម្រើពួកគេបន្ថែមទៀត ជាពិសេសជនជាតិអង់គ្លេស ព័រទុយកាល់ បារាំង ហូឡង់ បានចាប់ជនជាតិអាហ្វ្រិកជាច្រើនយកមកលក់ឱ្យពួកអេស្ប៉ាញ។
ក្រោយធ្វើសញ្ជ័យវាតទីនៅលើទ្វីបអាមេរិកជិត ២ សតវត្សរ៍រួចមក ពួកជនជាតិអឺរ៉ុបដែលទៅដល់ទ្វីបនេះបានប្រកាសឯករាជ្យបង្កើតប្រទេសរៀងៗខ្លួនជាបន្តបន្ទាប់ ក្នុងនោះសហរដ្ឋអាមេរិកបានប្រកាសឯករាជ្យមុនគេពីចក្រភពអង់គ្លេសនៅឆ្នាំ១៧៧៦។ ការធ្វើសង្រ្គាមជាមួយប្រទេសអង់គ្លេសចាប់ផ្តើមនៅរដ្ឋភាគខាងលិច ដូចជា រដ្ឋញូហាំស្សឺរ (New Hampshire) រដ្ឋម៉ាស្សាឈូសេត (Massachusetts) រដ្ឋរូដអាយលែន (Rode Island) រដ្ឋខន់ណិខធីខ្យូត (Connecticut) រដ្ឋញូយ៉ក (New York) រដ្ឋញូជឺស៊ី (New Jersey) រដ្ឋភែនស៊ីលវ៉ានា (Pennsylvania) រដ្ឋឌីឡាវ័រ (Delaware) រដ្ឋម៉ារីលែន (Maryland) រដ្ឋវីជីនា (Virginia) រដ្ឋខារ៉ូលីណាខាងជើង (North Carolina) រដ្ឋខារ៉ូលីណាខាងត្បូង (South Carolina) និងរដ្ឋចចជា (Georgia)។ លោក ចច វ៉ាស៊ីនតុន គឺជាវីរបុរសដំបូងគេក្នុងការធ្វើសង្គ្រាមទាមទារឯករាជ្យឱ្យសហរដ្ឋអាមេរិក និងជាប្រធានាធិបតីដំបូងគេរបស់មហាអំណាចមួយនេះផងដែរ។
បន្ទាប់មកទៀត ប្រទេសហៃទីបានប្រកាសឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៨០៤។ រីឯបណ្ដាជននៅទ្វីបអាមេរិកភាគខាងត្បូងវិញ ក៏បានប្រកាសឯករាជ្យជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៨១០ ក្នុងនោះមានប្រទេសកាណាដាប្រកាសឯករាជ្យពីចក្រភពអង់គ្លេស ប្រទេសប្រេស៊ីលប្រកាសឯករាជ្យពីចក្រភពព័រទុយកាល់៕