(បរទេស)៖ ការសម្រេចចិត្តផ្ដល់ឈ្មោះដល់ស្លាកយីហោមួយគឺមានសារៈសំខាន់ណាស់។ យោងទៅតាមលោក អាល់ រីស ជាអ្នកបង្កើតច្បាប់នៃការកំណត់ឈ្មោះស្លាកយីហោ បានឲ្យដឹងថា «ការសំរេចចិត្តជ្រើសយកឈ្មោះស្លាកយីហោសម្រាប់ផលិតផលនីមួយៗគឺជាជំហានសំខាន់ដំបូងបំផុត ដែលលោកអ្នកត្រូវពិចារណាដើម្បីឲ្យអាជីវកម្មទទួលបានភាពជោគជ័យ»។
ខាងក្រោមនេះបង្ហាញអំពីដើមកំណើតនៃឈ្មោះស្លាកយីហោចំនួន៤ ដែលមានភាពល្បីរន្ទឺជុំវិញពិភពលោក៖
១៖ ស្លាកយីហោ កូកា-កូឡា
កូកា-កូឡាបានចាប់ផ្តើមដំបូងនៅឆ្នាំ១៨៨៦ នៅពេលដែលឱសថការីអាត្លង់តា គឺលោកវេជ្ជបណ្ឌិត John Pemberton បានរងរបួសក្នុងសង្គ្រាមស៊ីវិលរួមទាំងបានញៀន នូវប្រភេទថ្នាំម៉ូហ្វីនម្យ៉ាង។ រូបលោកក៏បានចាប់ផ្តើមបង្កើតវិធីសាស្រ្តថ្នាំព្យាបាលឲ្យមានភាពប្រសើរជាងនេះ។ គំរូដំបូងលោកបានប្រើប្រាស់ទឹកស៉ីរ៉ូមកលាយជាមួយ នឹងទឹកកាបូន រួចវាត្រូវបានដាក់លក់ឲ្យប្រើប្រាស់នៅក្នុងឱសថស្ថានប្រចាំតំបន់។ វាបានទទួលការពេញចិត្តពីអតិថិជនជាខ្លាំងទើបលោកសម្រេចដាក់លក់វាក្នុងតម្លៃមួយកែវ៥សេន។
ស្លាកយីហោកូកា-កូឡា ត្រូវបានបង្កើតឡើងដោយលោក Pemberton ព្រមជាមួយនឹងដៃគូរបស់លោក គឺលោក Frank M.Robinson ដែលទទួលបានគំនិតបំផុសចេញពីគ្រឿង ផ្សំសំខាន់ពីរយ៉ាងក្នុងនោះរួមមាន ស្លឹករុក្ខជាតិម៉្យាង ដែលមានឈ្មោះ កូកា ព្រមជាមួយនឹងប្រភេទគ្រាប់ធញ្ញជាតិម្យ៉ាងដែលមានឈ្មោះថា កូឡា (មានប្រភពមកពីកាហ្វេអ៉ីន)។ លោក Robinson ក៏បានយល់ឃើញថា ទម្រង់អក្សរ C ទាំងហាក់ពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតជាខ្លាំងនៅពេលដាក់ចូលគ្នា។
២៖ ឈ្មោះយីហោរបស់ក្រុមហ៊ុន Amazon
ស្លាកយីហោ «Amazon» មិនមែនជាឈ្មោះដំបូង របស់ក្រុមហ៊ុនឌីជីថលយក្សមួយនេះទេ។ ស្ថាបនិកក្រុមហ៊ុន «Amazon» លោក Jeff Bezos ដែលបច្ចុប្បន្នជាអ្នកមាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតនៅលើពិភពលោក បានធ្លាប់ផ្លាស់ប្តូរឈ្មោះស្លាកយីហោមួយនេះអស់ចំនួន ៣ដងរួចមកហើយមុននឹងអាជីវកម្មរបស់ទទួលបានជោគជ័យ។
ឈ្មោះដំបូងដែលលោក Jeff បានជ្រើសរើសគឺ «Cadabra» ប៉ុន្តែលោកបានព្យាយាមផ្លាស់ប្ដូរឈ្មោះទៅជា «Relentless» វិញក្រោយគណនេយ្យករ របស់លោកមួយរូបបានភ័ន្តច្រឡំហៅថា «Cadava»។
ទោះជាបានផ្លាស់ប្ដូរឈ្មោះហើយក្ដី លោកព្រមទាំងមិត្តភក្តិមានគំនិតដូចគ្នាទៅនឹងឈ្មោះថ្មីនេះថា វាពិតជាមានភាពសោះកក្រោះជាខ្លាំង។ ជាចុងក្រោយលោក Jeff បានសម្រេចជ្រើសយកឈ្មោះ «Amazon» ធ្វើជាស្លាកយីហោថ្មីរបស់លោក ក្រោយលោកបានធ្វើការស្វែងរកនិងជួបប្រទះពាក្យដ៏គួរឲ្យចាប់អារម្មណ៌នេះ ក្នុងវចនានុក្រមដោយចៃដន្យ។
៣៖ ស្លាកយីហោ-ហ្វាន់តា
«ហ្វាន់តា» ត្រូវបានគេបង្កើតឡើង ក្នុងកំឡុងសង្គ្រាមលោកលើកទី២ នៅពេលដែលក្រុមហ៊ុនកូកាកូឡា មិនអាចនាំចូលភេសជ្ជៈដ៏ពេញនិយមរបស់ពួកគេចូលទៅក្នុង ប្រទេសអាឡឺម៉ង់បានដោយសារបញ្ហាពាណិជ្ជកម្ម។
លោក Max Keith បានធ្វើការប្រមូលផ្តុំក្រុមការងាររបស់គាត់ ដើម្បីរួមបង្កើតឈ្មោះស្លាកយីហោថ្មី ដោយបានគំនិតបំផុសមកពីពាក្យ នៃភាសាអាល្លឺម៉ង់មួយគឺ «Fantasie» ដែលមានន័យថារវើរវាយ។
៤៖ ស្លាកយីហោម៉ាក Sony
ក្នុងឆ្នាំ១៩៥៨ ឈ្មោះ «Sony» ត្រូវបានគេជ្រើសរើសដោយបានមកពីពាក្យឡាតាំងហៅ «Sonus» ដែលមានន័យថា សំឡេង។ ឈ្មោះនេះបង្កប់នូវអត្ថន័យពីរយ៉ាង គឺមានន័យថា «កូនប្រុស» ដែលជាពាក្យកាត់របស់ភាសាជប៉ុន ពិពណ៌នាអំពីយុវជនវ័យក្មេងឆ្លាតមួយរូប។ នាបច្ចប្បន្នក្រុមហ៊ុន Sony បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៧៣ ក្នុងបញ្ជីយីហោ ដែលមានមានកេរ្ដ៍ឈ្មោះល្បីល្បាញបំផុតជុំវិញពិភពលោក។
៥៖ ស្លាកយីហោ «Nike»
វាត្រូវបានង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ដោយអត្តពលិក នៃសាកលវិទ្យាល័យអូរីហ្គុន គឺលោក Phil Knight ព្រមជាមួយនឹងគ្រូបង្វឹករបស់លោក គឺលោក Bill Bowerman បានធ្វើការងារចាប់ផ្តើមដំបូងត្រឹមជាអ្នកចែកចាយសម្លៀកបំពាក់កីឡា នៅក្រោមទីតាំងហាងអាជីវកម្មដ៏តូចមួយមានឈ្មោះថា «Blue Ribbon Sports»។ លុះឆ្នាំ ១៩៧១ ខែមិថុនាអ្នកទាំងពីរ ក៏បានសំរេចចិត្តធ្វើការបើកលក់សំលៀកបំពាក់កីឡាដែ លរចនាដោយពួកគេផ្ទាល់ ព្រមទាំងបានសម្រេចជ្រើសរើសឈ្មោះយីហោថ្មីមួយ ស្របនឹងអំឡុងពេលនោះ។
លោក Jeff Johnson ជាបុគ្គលិកដំបូងរបស់ក្រុមហ៊ុនប្រចាំការគ្រប់គ្រងនៅឯរោងចក្រឆ្នេរប៉ែកខាងកើតបានឲ្យដឹងថា ខណៈកំពុងធ្វើដំណើរតាមជើងហោះហើរ លោកក៏ប្រទះឈ្មោះគួរឲ្យចាប់អារម្មណ៍មួយចំនួន តាមរយៈកាសែតពេលព្រឹក ដែលលោកកំពុងអាន ក្នុងនោះក៏រួមជាមួយនឹងឈ្មោះស្លាកយីហោ «Nike» ផងដែរ។ ផ្ទុយទៅវិញលោក Knight ពុំមានការពេញចិត្តទៅនឹងឈ្មោះ ដែលបានលើកឡើងអស់ទាំងនោះទេ ប៉ុន្តែនៅគ្រាចុងក្រោយ លោកបានសម្រេចចិត្តជ្រើសយក «Nike» ធ្វើជាឈ្មោះស្លាកយីហោរបស់លោក ជាបណ្ដោះអាសន្នសិន ពីព្រោះលោកយល់ថា វាជាជម្រើសល្អបំផុត។
នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៩៧១ ទីតាំងអាជីវកម្ម «Blue Ribbon Sport» បានផ្លាស់ប្ដូរទៅជាក្រុមហ៊ុន ក្រោមស្លាកយីហោ Nike Inc ដែលរូបតំណាងនៃឈ្មោះថ្មីមួយនេះ ត្រូវបានរចនាឡើងដោយលោក Carolyn Davidson ជានិស្សិតសិក្សាផ្នែករចនារូបភាពក្រាហ្វិច នៃសាកលវិទ្យាល័យផតឡែន។
នាបច្ចុប្បន្នក្រុមហ៊ុន «Nike» អាចរកចំណូលបានជាង ៣០ ពាន់លានដុល្លារ សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំ ហើយត្រូវបានគេចាត់ទុកថា ជាម៉ាកយីហោដ៏មានតម្លៃបំផុត ក្នុងចំណោមស្លាកយីហោ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញផ្សេងៗទៀតជុំវិញពិភពលោក។ នេះបើយោងតាមបញ្ជី Forbes ប្រចាំឆ្នាំ 2017 ព្រមទាំងបានឈរឈ្មោះនៅលំដាប់ជួរមុខរវាងក្រុមហ៊ុន Amazon និង Disney ផងដែរ។
៦៖ ឈ្មោះស្លាកយីហោ Volkswagen
«Volkswagen» អាចអានបានថា «Folks-Vagen» ឬ «Folks-Vah-gen» បានចាប់ផ្តើមឡើងដំបូងនៅទសវត្សឆ្នាំ ១៩៣០ ដែលវាជាគំនិតផ្តួចផ្តើមរបស់រណសិរ្សការងារ នៅឯទីក្រុងប៊ែរឡាំង។ ក្នុងកំឡុងពេលនោះ ឧស្សាហកម្មផលិតរថយន្តទំនើបៗ សម្រាប់ប្រជាជននៅប្រទេសអាល្លឺម៉ង់ ពួកគេពុំមានលទ្ធភាពប្រើប្រាស់ច្រើននោះទេ ដោយក្នុងចំណោម ៥០ គ្រួសាររបស់ប្រទេសអាល្លឺម៉ង់ អាចមានលទ្ធភាពប្រើប្រាស់រថយន្តផ្ទាល់ខ្លួន បានត្រឹមតែមួយគ្រួសារតែប៉ុណ្ណោះ។
ក្រុមហ៊ុនក៏បានសម្រេចចិត្តរួមគ្នាបង្កើតរថយន្តមួយប្រភេទ ដែលអាចផ្ដល់លទ្ធភាពប្រើប្រាស់ដល់ប្រជាជនទូទៅបានដូចគ្នា។ គម្រោងនៃការផលិតរថយន្តនោះ ត្រូវបានដាក់ឈ្មោះភាសាអាល្លឺម៉ង់ហៅថា «Volkswagen» ដែលមានអាយុកាលជាង ៨០ ឆ្នាំមកហើយរហូតមកទល់បច្ចុប្បន្ន។
៧៖ ស្លាកយីហោ Lego
«Lego» ជាស្លាកសញ្ញា បានចាប់ផ្តើមដំបូងនៅក្នុងកម្មសិក្សាសិក្ខាសាលារបស់ជាងឈើមួយរូបគឺលោក Ole Kirk Christianen នៅឆ្នាំ ១៩៣២។ ស្លាកយីហោឈ្មោះនេះ លោកបានមកពីពាក្យមួយ នៃភាសាដាណឺម៉ាកគឺ «leg godt» ដែលមានន័យថា «ធ្វើបានល្អ» ដោយលោកបានរួមបញ្ចូលអក្សរពីរដំបូង នៃពាក្យនីមួយៗដើម្បីបង្កើតឈ្មោះនេះឡើង។
ក្នុងឆ្នាំ ២០១៦ ចំណូលនៃក្រុមហ៊ុន «Lego» បានកើនឡើងដល់៦% ជាទឹកប្រាក់មានចំនួន៥,១ ពាន់លានអឺរ៉ូលើសក្រុមហ៊ុន Mattel ដែលមានទឹកប្រាក់សរុបចំនួន ៤,៩ ពាន់លានដុល្លារ និងបានធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនប្រដាប់ប្រដាក្មេងលេងដ៏ធំជាងគេបំផុតនៅទូទាំងពិភពលោក។
៨៖ ឈ្មោះស្លាកយីហោ Starbucks
នៅដើមទសវត្សឆ្នាំ១៩៧០ គ្រូបង្រៀនផ្នែកប្រវត្តិសាស្រ្តគឺលោក Zev Siegel និងលោកគ្រូបង្រៀនភាសាអង់គ្លេសលោក Jerry Baldwin ព្រមជាមួយនឹងអ្នកនិពន្ធមួយរូបគឺលោក Golden Bowker បានសម្រេចចិត្តរួមគ្នានាំយកនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ចូលមកទីក្រុងស៊ីថល។
សហការីទីភ្នាក់ងារផ្សាយពាណិជ្ជកម្មរបស់លោក Bowker យល់ចំពោះឈ្មោះដែលចាប់ផ្តើមដោយអក្សរ «St» គឺពិតជាមានឥទ្ធិពលខ្លាំងខ្លាទើបលោកសម្រេចចិត្តធ្វើការផ្គុំពាក្យ ពីផែនទីចាស់ៗដែលលោកបានរកឃើញមួយចំនួនដោយចៃដន្យ។
៩៖ ឈ្មោះស្លាកយីហោ Vodafone
ក្នុងឆ្នាំ១៩៨៥ ឈ្មោះ Vodafone ត្រូវបានជ្រើសរើសបង្កើតឡើងដោយបានពីពាក្យបីបណ្ដាញបញ្ចូលគ្នា នោះគឺ «Voice + Data + Phone» ដែលត្រូវបានជម្រុញឡើងដោយភ្នាក់ងារផ្សាយពាណិជ្ជកម្ម Saatchi & Saatchi ព្រមជាមួយនឹងនាយកក្រុមហ៊ុនដើមមួយរូប។
១០៖ ឈ្មោះស្លាកយីហោ Paypal
ស្លាកយីហោនេះត្រូវបានចាប់ផ្តើមនៅចុងទសវត្សទី៩០ អំឡុងពេលដែលស្ថាបនិកលោក Max Levchin ជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីទីក្រុងឈីកាហ្គោបានចូលរួមស្តាប់ការបង្រៀនដោយពាណិជ្ជករជនជាតិអាមេរិក មួយរូបគឺលោក Peter Thielនៅសាកលវិទ្យាល័យស្ទែនហ្វដ ។ លោក Levchin បានធ្វើការស្នើគំនិតអាជីវកម្មមួយដល់លោក Thiel ពាក់ព័ន្ធទៅនឹងគម្រោងការណ៍បង្កើតបណ្ណាល័យបច្ចេកវិទ្យាមួយ។
លោក Thiel មានការចាប់អារម្មណ៍យ៉ាងខ្លាំងស្របពេលជាមួយគ្នានោះលោកបានយល់ព្រមចុះវិនិយោគទុននូវទឹកប្រាក់ចំនួន ២ សែនដុល្លារជាមូលធនគនៃគម្រោងការណ៌។ ការបណ្តាក់ទុនថ្មីនេះមានឈ្មោះថា «Field Link» ។ ក្នុងរយៈពេលដ៏ខ្លីគូនេះពួកបានរកឃើញថាតម្រូវការប្រើប្រាស់បច្ចេកវិទ្យាគឺមានតិចតួចណាស់ទើបលោក Thiel បានស្នើសុំគំនិតមួយដាក់ឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាគ្រីមក្នុងការរក្សាលុយទុក។ក្នុងឆ្នាំ ១៩៩៨ ពួកគេទាំងពីរបានដំណើរការអាជីវកម្ម មួយហៅថា «Confinity» ដែលបានមកពីពាក្យ «Confidence» និង «Infinity» មានន័យថា «ជំនឿទុកចិត្តគ្មានទីបញ្ចប់»។
គម្រោងការណ៏នេះបានបង្ហាញពីភាពជោគជ័យយ៉ាងខ្លាំងដែលសំទុះអត្រាមានការកើនឡើងកើនឡើងរហូតដល់ ១០% ឯណោញក្នុងមួយថ្ងៃដំបូង។ នៅខែមិនា ឆ្នាំ ២០០០ «Confinity» បានរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន X.com ដែលជាក្រុមហ៊ុនធនាគារតាមបណ្ដាញអ៊ិនធឺរណែតមួយ ត្រូវបានបង្កើតឡើងដោយលោក Elon Musk រួចវាត្រូវបានផ្លាស់ប្ដូរពីឈ្មោះ X.com ទៅជា «PayPal» វិញម្ដង៕