News Update: គ្រោះធម្មជាតិបាក់ដីផ្ទួនៗនៅហ្វីលីពីន «ផ្តាច់ជីវិតមនុស្សកើនដល់ជិត១០០នាក់ និង៥៩នាក់បន្តបាត់ខ្លួន»
24-09-2018 14:35
(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នៅឯទីក្រុងដ៏សំខាន់ៗចំនួនពីររបស់ហ្វីលីពីន កាលពីសប្ដាហ៍មុនបានកើនដល់ ៩៥នាក់ហើយ ខណៈ៥៩នាក់នៅបន្តបាត់ខ្លួននៅឡើយ ដោយចំនួននេះមិនគិតចំពោះមនុស្សស្លាប់ និងបាត់ខ្លួនសរុបជិត ១០០នាក់ ដោយព្យុះទីហ្វុងមាំងឃុត (Mangkhut) កាលពីសប្តាហ៍មុននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរហ្វីលីពីនគិតត្រឹមយប់ថ្ងៃអាទិត្យម្សិលមិញ សាកសពមនុស្ស ៤៩នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក និងល្បាប់ភក់នៅក្នុងទីក្រុង អ៊ីតូហ្គន (Itogon) នៃខេត្ត ប៊ែងហ្គេត (Benguet) ស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន ហើយសាកសពមនុស្ស ៤៦នាក់ ផ្សេងទៀតត្រូវបានរកឃើញក្រោយគ្រោះរអិលបាក់ដី វាយប្រហារលើសហគមន៍មួយកន្លែងក្នុងទីក្រុង ណាហ្គា (Naga) នៃខេត្ត សេប៊ូ (Cebu) ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។
ដោយឡែក បើតាមក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន មនុស្សជិត ២០០នាក់ បានស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Mangkhut និងគ្រោះរអីលបាក់ដីចំនួនពីរលើកកាលពីសប្ដាហ៍មុន។ បន្ថែមពីលើនេះ កសិករ និងអ្នកនេសាទជិត ១.៦លាននាក់ ក៏ទទួលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងមួយនេះផងដែរ ខណៈផលដំណាំពី ៨០ ទៅ ៩០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញ។
គួរជម្រាបថា ជារៀងរាល់ឆ្នាំប្រទេសហ្វីលីពីន តែងតែរងគ្រោះដោយព្យុះយ៉ាងតិចចំនួន ២០ ហើយព្យុះទីហ្វុងដែលផ្ដាច់ជីវិត ប្រជាជនហ្វីលីពីនច្រើនជាងគេបំផុត គឺព្យុះ ហៃយ៉ាន (Haiyan) ដែលឆក់យកជីវិតមនុស្សច្រើនជាង ៦,០០០នាក់ កាលពីឆ្នាំ២០១៣ និងព្យុះ កេតសាណា (Ketsana) បានសម្លាប់មនុស្សច្រើនជាង ៧០០នាក់ កាលពីឆ្នាំ២០០៩៕