(ញូដេលី)៖ មន្ត្រីឥណ្ឌាម្នាក់នៅថ្ងៃចន្ទនេះបាននិយាយថា យោធាឥណ្ឌាបានធ្វើតេស្ដបាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅឯតំបន់ឆ្នេរនៃរដ្ឋ អូឌីសា (Odisha) ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីរូបនេះដដែលថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងបានទទួលលទ្ធផលដ៏អស្ចារ្យនៅក្នុងការអភិវឌ្ឍ និងធ្វើតេស្ដបាញ់សាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីល Prithvi Defence Vehicle (PDV) ដោយវាអាចបំផ្លាញគោលដៅនៅរយៈកម្ពស់ ៥០គីឡូម៉ែត្រ ពីបរិយាកាសផែនដី»។
គួរបញ្ជាក់ថា ការធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលខាងលើធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ដោយវាត្រូវបានបាញ់ចេញពីកោះ អាប់ឌុល កាឡាម (Abdul Kalam)។ ការធ្វើតេស្តនេះ គឺត្រូវបានធ្វើឡើងស្របពេល ដែលជម្លោះតំបន់កាស្មៀកំពុងក្តៅគគុក និងប៉ាគីស្ថានក៏កំពុងតែធ្វើការអភិវឌ្ឍមីស៊ីលរបស់ខ្លួន មិនឈប់ឈរផងដែរ៕