(ប៉េកាំង)៖ សហរដ្ឋអាមេរិក និងចិននាថ្ងៃចន្ទនេះបានបន្តដំឡើងអត្រាពន្ធលើទំនិញនាំចូលទៅវិញទៅមក ខណៈមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ មិនបានបង្ហាញសញ្ញាថា នឹងចុះញ៉មដាក់គ្នាអ្វីបន្តិចឡើយ នៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង ដែលបាននិងកំពុងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើជាខ្លាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ទីបំផុតការដំឡើងពន្ធរបស់អាមេរិកទៅលើទំនិញនាំចូលចិនទំហំប្រមាណ ២០០ពាន់លានដុល្លារ និងការដំឡើងពន្ធសងសឹកពីប្រទេសចិនទៅលើផលិតផលរបស់សហរដ្ឋអាមេរិក ក្នុងទំហំ៦០ពាន់លានដុល្លារវិញនោះ បានចូលធរមាននាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសទាំងពីរទើបតែបានបង្កើនពន្ធទៅវិញ ទៅមកលើទំនិញនាំចូលទំហំ ៥០ពាន់លានដុល្លាររួចហើយប៉ុណ្ណោះ ក្នុងឆ្នាំនេះ។
គួរជម្រាបថា ផលិតផលចិនដែលទទួលរងការដំឡើងពន្ធថ្មីពីអាមេរិក រួមមានចាប់តាំងពី ម៉ាស៊ីនបូមធូលី រហូតដល់ឧបករណ៍តភ្ជាប់អ៊ីនធើណែត ខណៈផលិតផលអាមេរិក ដែលរងចំណាត់ការពីសហរដ្ឋអាមេរិកវិញ រួមមានឧស្ម័នធម្មជាតិ និងប្រភេទយន្តហោះមួយចំនួន៕