(អាមេរិក)៖ ស្លាកសញ្ញាផ្លូវការរបស់ទីភ្នាក់ងារអវកាស NASA ដែលមានអាយុកាល ៥៩ឆ្នាំ មកហើយនោះបច្ចុប្បន្នត្រូវគេយល់ឃើញថា គួរឲ្យត្រូវធ្វើការផ្លាស់ប្តូរឲ្យប្រសើរឡើងជាងមុន ដើម្បីឲ្យសាកសមនឹងភាពរីកចម្រើនក្នុងវិស័យអវកាសនាសតវត្សរ៍ទី ២១ នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
អវកាសយានិកអាមេរិកមួយចំនួន បានលើកឡើងថា អង្គការ NASA ត្រូវការស្លាកសញ្ញាថ្មី និងមានភាពប្រសើរជាងមុន ដែលឆ្លុះបញ្ចាំងឲ្យឃើញពីបេសកកម្មនាពេលបច្ចុប្បន្ន រួមជាមួយទស្សនវិស័យនាថ្ងៃអនាគត របស់ទីភ្នាក់ងារអវកាសនេះ។ ចំណែកស្លាញសញ្ញាដែលមានរហស្សនាមថា Meatball ដ៏ចំណាស់នេះ មើលមិនសាកសមនឹងការរីកចម្រើនក្នុងវិស័យអវកាស នាសតវត្សរ៍ទី២១នេះឡើយ។
ម៉្យាងវិញទៀតប្រសិនបើ NASA ចង់ទទួលបានកញ្ចប់ថវិកាឧបត្ថម្ភច្រើនជាងមុន និងទាក់ទាញចំណាប់អារម្មណ៍ក្នុងគម្រោងរបស់ខ្លួននោះ NASA ត្រូវបានបង្ហាញឲ្យគ្រប់គ្នាបានឃើញនូវរូបភាពតំណាងមួយ ដែលស្របទៅតាមមហិច្ឆតារបស់ខ្លួន ដោយទីភ្នាក់ងារអវកាសនេះ ត្រូវស្លាកសញ្ញាមួយ ដែលស្តែងពីគោលដៅនៅខាងមុខ និងផ្តល់តម្លៃឲ្យប្រវត្តិសាស្រ្តដែលកន្លងហួសទៅ តែពុំមានរូបរាងដូចជាវត្ថុបុរាណដ៏ចំណាស់ កាលពីអតីតកាលនោះឡើយ។
គួរជម្រាបថា ស្លាកសញ្ញា NASA បច្ចុប្បន្នត្រូវបានរចនាឡើងដោយលោក James Modarelli កាលពីឆ្នាំ១៩៥៩ ពោលនៅពេល NASA បង្កើតបាន០២ឆ្នាំ។ ក្នុងនោះមានរូបរង្វង់ពណ៌ខៀវ ដែលតំណាងឲ្យភពផ្កាយពណ៌ស តំណាងឲ្យទីអវកាស និងស្លាបពណ៌ក្រហមរាងដូចអក្ស V តំណាងឲ្យវិទ្យាសាស្រ្តនៃការអភិវឌ្ឍន៍យានអវកាស ហើយខ្សែពណ៌សមួយវិលជុំវិញឈ្មោះរបស់ទីភ្នាក់ងារនេះ តំណាងឲ្យការធ្វើដំណើរក្នុងទីអវកាស។
បើគិតអំពីស្នាដៃ និងការចំណាយពេលវេលា ព្រមទាំងថវិកាជាតិរបស់អង្គការ NASA និងដៃគូសហការរបស់ខ្លួនវិញនោះ គឺតែឲ្យយើងមិនហ៊ានសូម្បីតែគិត ហើយក៏ដោយសារតែការលះបង់ របស់ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងជាពិសេសរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ព្រមជាមួយបណ្តាប្រទេសពាក់ព័ន្ធដទៃៗទៀតនោះហើយ ទើបមនុស្សម្នាលើផែនដីបានទទួលផលប្រយោជន៍ និងចំណេះដឹងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក ព្រមទាំងការការពារអាយុជីវិតពីគ្រោះធម្មជាតិនានារាប់ទសវត្សរ៍មកនេះ។
បច្ចុប្បន្នអង្គការ NASA មានទស្សនវិស័យកាន់តែវែងឆ្ងាយ ដោយក្នុងនោះមានការផ្តោតសំខាន់បំផុតលើការស្វែងរកជីវិតអេលៀន (ភពអេលៀន) តាមរយៈកែវយឺតអវកាស និងតេឡេស្កូបលើដីជាច្រើនដែលត្រូវបាន និងគ្រោងផលិតឡើង។ បន្ថែមពីនេះការកសាងមូលដ្ឋានស្រាវជ្រាវ ជុំវិញឋានព្រះច័ន្ទ និងការស្រាវជ្រាវភពអង្គារ គឺស្ថិតនៅក្នុងចំណោមគំរោងធំៗ ដែលអង្គការនេះកំពុងដំណើរ បូករួមទាំងការអភិវឌ្ឍគ្រាប់រ៉ុក្កែតប្រភេទថ្មីផងដែរ