(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនជាស្រេច ដើម្បីជួបសន្ទនាក្នុងលក្ខណៈស្ថាបនា ជាមួយប្រតិភូតំណាងប្រទេសអ៊ីរ៉ង់ ហើយជំនួបនេះអាចនឹងប្រព្រឹត្តទៅ ក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ទាក់ទិននឹងរឿងនេះ កាលពីសប្តាហ៍មុនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានស្នើឲ្យមានការរៀបចំជំនួបរវាងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី (Hassan Rouhani) និងលោក ត្រាំ នៅក្រោមក្របខណ្ឌនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែការអះអាងនេះក្រោយមក ត្រូវបានច្រានចោលដោយក្រសួងការបរទេសអ៊ីរ៉ង់។
គួរជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែកញ្ញា ហើយនឹងបន្តរហូតដល់ថ្ងៃទី០៥ ខែតុលា ខណៈក្នុងសប្តាហ៍នេះ កិច្ចប្រជុំកម្រិតខ្ពស់ជាច្រើន នឹងចាប់ផ្តើមធ្វើឡើង៕