(ដាម៉ាស់)៖ ប្រតិបត្តិការផ្លូវអាកាស នៃក្រុមយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានគោលដៅប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរីនោះ បានផ្តាច់ជីវិតជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់ គិតចាប់តាំងតែពីក្រុមយោធាអន្តរជាតិនេះ បានលូកដៃចូលក្នុងសង្រ្គាមស៊ីរីកាលពី ០៤ឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
អង្គការខាងលើបានឲ្យដឹងថា ក្រៅពីក្រុមឧទ្ទាម និងកងទ័ពស៊ីរី ជនស៊ីវិលប្រមាណ ៣,៣៣១នាក់ បានបាត់បង់ជីវិតនៅក្នុងអំឡុងនៃប្រតិបត្តិការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស នៅពេលដែលសម្ព័ន្ធយោធានេះ បានសម្រេចពង្រីកដែនយុទ្ធនាការរបស់ខ្លួន ពីអ៊ីរ៉ាក់ចូលមកក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកុមារ ៨២៦នាក់ និងស្រី្ត ៦១៥នាក់។
គួរជម្រាបថា ដោយផ្អែកលើចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេល ០៤ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលស៊ីរីជាច្រើនលើកច្រើនសាបានដាក់សំណើទទូចឲ្យអង្គការសហប្រជាជាតិ ជំរុញឲ្យមានការដកខ្លួនចេញពីប្រទេសស៊ីរីវិញ នៃក្រុមយោធាចម្រុះខាងលើ៕