(ទ្រីប៉ូលី)៖ អាជ្ញាធរសុខាភិបាលលីប៊ីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១១៥នាក់ត្រូវបានសម្លាប់ និង៣៨៣នាក់ រងរបួសនៅក្នុងការវាយប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងរដ្ឋាភិបាលនៅក្នុងទីក្រុងទ្រីប៉ូលីអស់រយៈពេលជាង០១ខែមកនេះ ខណៈរដ្ឋាភិបាលលីប៊ីគាំទ្រដោយ UN ជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខចូលធ្វើអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយ
សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងសុខាភិបាលលីប៊ី លោក វែដេដ អាបូ អាល់នីរ៉ាណ (Wedad Abo Al-Niran) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនដល់១១៥នាក់ ដោយសារតែស្ថានភាពរងរបួសធ្ងន់ធ្ងរ របស់ជនរងគ្រោះមួយចំនួន និងការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាន»។
តែទោះជាយ៉ាងនេះក្ដី កងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីបានអះអាងថា ពួកគេនៅតែបន្តធ្វើ ប្រតិបត្តិការល្បាតនៅក្នុងទីក្រុង និងអាចគ្រប់គ្រងស្ថានភាពបាន បើទោះជាមានសេចក្ដីរាយការណ៍ប្រជាជនរស់នៅក្នុងតំបន់ ដែលមានការវាយប្រយុទ្ធគ្នាបានរត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈមនុស្ស៨,០០០នាក់ កំពុងជាប់គាំងនៅក្នុងជម្លោះក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសលីប៊ីបានធ្លាក់ចូលក្នុងភាពវឹកវរ ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ធ្វើអន្តរាគមន៍យោធាគាំទ្រដល់ក្រុមឧទ្ទាម ដើម្បីផ្ដួលរំលំរបបដឹកនាំលោក កាដាហ្វី។ មួយវិញទៀត មកទល់នឹងពេលលីប៊ីត្រូវបាន ពុះចែកជាពីរដោយភាគខាងលិចនៃប្រទេស គ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីគាំទ្រដោយ UN និងរដ្ឋាភិបាលភាគខាងកើតនៅ មានមូលដ្ឋាននៅក្នុងទីក្រុងតូប្រ៊ូក (Tobruk)៕