(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថាសហរដ្ឋអាមេរិក នឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន ហើយថាសង្រ្គាមនេះនឹងបន្តធ្វើរហូតទាល់តែទីក្រុងវ៉ាស៊ីនតោន ទទួលបានអ្វីដែលខ្លួនសមនឹងទទួលបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ និងនៅក្នុងបរិបទដែលការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងចិន នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទ សប្ដាហ៍នេះ។ សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក កំពុងបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងថាវាអាចនឹងបំផ្លាញដល់ កំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងបង្កទៅជាវិបត្តិសេដ្ឋកិច្ចផងដែរ។ តែទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅតែបញ្ជាក់ជំហរម៉ឺងម៉ាត់ដដែលថាទីក្រុងវ៉ាស៊ីនតោន នឹងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនរហូតដល់ទីបំផុត។
លោក ប៉ុមប៉េអូ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងទទួលបានជ័យជម្នះ ហើយ យើងនឹងបន្តធ្វើសង្រ្គាមពាណិជ្ជកម្មរហូតទាល់តែយើង ទទួលបានអ្វីដែលយើងសមនឹងទទួលបាន»។ លោក ប៉ុមប៉េអូ បន្ថែមទៀតថា៖ «អ្នក(ចិន) មិនអាចលួចកម្មសិទ្ធិបញ្ញារបស់យើងបានឡើយ ផ្អែកលើគោលការណ៍នៃពាណិជ្ជកម្មពិភពលោកនោះគឺ យុត្តិធម៌ និង នឹងផ្ដលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
សូមជម្រាបថា ការដំឡើងពន្ធជុំចុងក្រោយរបស់សហរដ្ឋអាមេរិកលើផលិតផលនាំចូលពីចិន មានតម្លៃជាង២០០ពាន់លានដុល្លារ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទ ទី២៤ ខែកញ្ញានេះ ខណៈការដំឡើងពន្ធរបស់ចិន លើផលិតផលនាំចូលពីសហរដ្ឋអាមេរិកមានតម្លៃ ៦០ពាន់លានដុល្លារ ក៏ត្រូវចូលជាធរមាននៅក្នុងថ្ងៃដដែលនេះដែរ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន ថាសហរដ្ឋអាមេរិកនឹងដំឡើងពន្ធឱ្យដល់២៦៧ពាន់លានដុល្លារ បើសិនជាចិនចាត់វិធានការសងសឹក៕