(សាន់តូដូមីហ្គោ)៖ នាឱកាសនៃការធ្វើដំណើរបំពេញទស្សនកិច្ចនៅទីក្រុងសាន់តូដូមីហ្គោ របស់សាធារណរដ្ឋដូមីនីកែន ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ក្រុមអ្នកនយោបាយនៅតៃវ៉ាន់ ដែលពុំចោល គំនិតចង់បានឯករាជ្យនោះ កំពុងតែបង្កការបំផ្លិចបំផ្លាញដល់ស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងចិន-តៃវ៉ាន់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក វ៉ាង ត្រូវបានធ្វើឡើងនៅក្នុងអំឡុងនៃការធ្វើសន្និសីទសារព័ត៌មានរួម នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយ រដ្ឋមន្រ្តីការបរទេសដូមីនីកែន លោក Miguel Vargas នៅពេលឆ្លើយតបទៅនឹងសំណួរដែលចោទសួរពីក្រុមអ្នកសារព័ត៌មាន ដោយក្នុងនោះមានការលើកឡើងថា នាពេលថ្មីៗនេះ ប្រទេសក៏ដូចជាសាធារណៈមិតមួយចំនួនបានអះអាងថាការបង្កើតចំណង ការទូតរវាងប្រទេសដូចជា សាធារណរដ្ឋដូមីនីកែន និងប្រទេសចិន កំពុងតែធ្វើឲ្យស្ថានភាពនៃទំនាក់ទំនងចិន-តៃវ៉ាន់មានការប្រែ ប្រួល និងមិនអំណោយផលសម្រាប់ការរក្សាស្ថិរភាពក៏ដូចជាការអភិវឌ្ឍនៅក្នុងតំបន់ឡើយ។
លោកប្រមុខការទូតចិន បាននិយាយថា ចិនគឺមានតែមួយប៉ុណ្ណោះនៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកដែលពុំអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន ដែលជាគឺជាការពិតជាក់ស្តែង និងជាមតិឯកច្ឆ័ន្ទដ៏សំខាន់មួយនៃសហគមន៍អន្តរជាតិ។ លោក វ៉ាង បានបន្តថា ការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រទេសដូចជាដូមីនីកែន បានប្រព្រឹត្តទៅតាមនិន្នាការប្រវត្តិសាស្រ្តនិងអន្តរជាតិ និងជាជម្រើសដ៏ត្រឹមត្រូវមួយ នោះស្របទៅតាមផលប្រយោជន៍ស្នូលនិងយូរអង្វែង នៃប្រទេសក៏ដូចជាប្រជាជនដូមីនីកែនហើយសម្រាប់ ការប្រែប្រួលនៃស្ថានភាពទំនាក់ទំនងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់វិញនោះ គឺបង្កឡើងពីក្រុមអ្នកនយោបាយនៅតៃវ៉ាន់ដែលមិន ចោលគំនិតចង់បានឯករាជ្យឲ្យកោះមួយនេះឯណោះទេ។
គួរជម្រាបថា លោក វ៉ាង យី កំពុងស្ថិតក្នុងការបំពេញដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចំនួនបី នៅតំបន់អាមេរិកកណ្តាល និងខាងត្បូង ដោយសាធារណរដ្ឋដូមីនីកែន គឺជាគោលដៅដំបូងគេ មុនប្រទេសហ្គាយ៉ាណា (Guyana) និងស៊ូរីណាម (Suriname) ចាប់តាំងពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ៕