(តេហេរ៉ង់)៖ មន្ត្រីរដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នកទទួលខុសត្រូវចំពោះការ បាញ់ប្រហារលើក្បួនព្យុហយាត្រា​យោធា​ក្នុងទីក្រុង អាវ៉ាស (Ahvaz) ភាគខាងលិចអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបណ្តាល​​ឲ្យ​មនុស្ស ២៩នាក់បាត់បង់ជីវិត និងជាង៦០នាក់ទៀតរង​របួស។ លើសពីនេះទៅទៀត មន្ត្រីអ្នកនាំពាក្យមួយរូបរបស់កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ ក៏បានអះអាងថាផងដែរថាខ្មាន់កាំភ្លើងទាំង០៤នាក់ ដែលត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ គឺត្រូវបានបណ្ដុះបណ្ដាលដោយ រដ្ឋអារ៉ាប់ចំនួនពីរដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ រដ្ឋអារ៉ាប់ទាំងពីរនេះ ទោះបីជាអ៊ីរ៉ង់មិនបាន បញ្ជាក់ឈ្មោះចំៗក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ខ្លះចោទត្រង់ៗថាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត អារ៉ាប់រួម។

តើមានអ្វីបានកើតឡើងកាលពីថ្ងៃសៅរ៍?

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថាការវាយប្រហារខាងលើបានកើតឡើងនៅម៉ោង០៩៖០០នាទី ព្រឹក (ម៉ោងនៅក្នុងតំបន់) ហើយវាមានរយៈពេល១០នាទី និងមានខ្មាន់កំាភ្លើង០៤នាក់ចូលរួមក្នុងសកម្មភាពបាញ់ប្រហារនេះ។ ខ្មាន់ កាំភ្លើងទាំង០៤នាក់ បានបើកការបាញ់រះលើជនស៊ីវិល និងព្យាយាមបាញ់ប្រហារលើយោធានៅអំឡុងពិធីព្យុហយាត្រយោធា រំលឹក ដល់សង្រ្គាម​អ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូស​បន្លាយពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨៨។ ចំណែកឯ ជនស៊ីវិលក្នុងនោះមានទាំងស្ត្រី និងកុមារ ដែលកំពុងឈរមើលព្យុហយាត្រាគឺស្ថិតនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ និងរងរបួស ខណៈខ្មាន់កាំភ្លើងទាំងបួននាក់ ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ភ្លាមៗ។

នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ?

ក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ឈ្មោះ Ahvaz និងក្រុម ISIS បានចេញមុខទទួលខុសត្រូវថាខ្លួនគឺជាអ្នកនៅពីក្រោយ ការវាយប្រហារកាលពីថ្ងៃសៅរ៍។ ក្រុមទំាងពីរនេះមិនបានបញ្ជាក់ពីភស្ដុតាងអ្វីនោះទេ តែគេដឹងថាក្រុម ISIS កាលពីខែកក្កដា ឆ្នាំ២០១៧ ធ្លាប់បានដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតម្ដងរួចមកហើយនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដាច់ជីវិតមនុស្ស ១៨នាក់។

តែយ៉ាងណាក៏ដោយគួរឱ្យកត់សម្គាល់ ក្រុមមន្ត្រីរដ្ឋាភិបាល និងយោធាអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារលើក្បួនព្យុហយាត្រា​យោធា​ក្នុងទីក្រុង អាវ៉ាស (Ahvaz) ភាគខាងលិចអ៊ីរ៉ង់កាលពី ថ្ងៃសៅរ៍។ បន្ថែមពីលើនេះ មន្ត្រីអ្នកនាំពាក្យមួយរូបរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានចោទប្រកាន់ត្រង់ៗដែរថាខ្មាន់កាំភ្លើង ទាំង០៤នាក់ ត្រូវបានបណ្ដុះបណ្ដាលដោយរដ្ឋអារ៉ាប់ចំនួនពីរ ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

រដ្ឋអារ៉ាប់ទាំងពីរនេះ បើទោះជាអ៊ីរ៉ង់មិនបានបញ្ជាក់ឈ្មោះចំៗក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ខ្លះចោទថាគឺ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត អារ៉ាប់រួម ដែលសុទ្ធសឹងតែកំពុងដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយ អ៊ីរ៉ង់នៅក្នុងប្រទេសយ៉េមែន។

សូមជម្រាបថា ហេតុការណ៍បាញ់ប្រហារខាងលើ កើតមានឡើងនៅអំឡុងពេលអ៊ីរ៉ង់ ប្រារព្ធពិធីព្យុហយាត្រា​យោធា នៅតាមទីក្រុង​រួមទាំង​រដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃសៅរ៍ ដើម្បី​រំលឹកពី​ការ​​ចាប់ផ្តើមនៃសង្រ្គាម​អ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូស​បន្លាយពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨៨។ មួយវិញទៀត ករណីបាញ់ប្រហារនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទវាយប្រហារដាក់គ្នាទៅវិញទៅមករវាង អ៊ីរ៉ង់ សហរដ្ឋអាមេរិក​ និងអ៊ីស្រាអែល នាឱកាសដែលមេដឹកនាំនៃប្រទេសទាំង០៣ ចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ នៅសប្ដាហ៍ក្រោយនេះ៕

ប្រភព៖ BBC​