(តេហេរ៉ង់)៖ ប្រភពពីមន្ត្រីយោធាអ៊ីរ៉ង់បានឲ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិតនាពេលនេះបានកើនឡើងដល់ ២៤នាក់ហើយ ខណៈ៥០នាក់ទៀតរងរបួស ដែលភាគច្រើននៃជនរងគ្រោះគឺជាមន្ត្រីយោធា ព្រមទាំងជនស៊ីវិលផងដែរ ដោយសារតែការបាញ់រះដោយក្រុមខ្មាន់កាំភ្លើង ទៅលើក្បួនព្យុហយាត្រាយោធានៅក្នុងទីក្រុង Ahvaz នៃខេត្ត ឃូហ្សេស្ថាន (Khuzestan) ភាគខាងលិចប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ក៏បានចេញផ្សាយផងដែរថា ក្រុមសកម្មប្រយុទ្ធ អាល់អាវ៉ាហ្ស៊ី (Al-Ahvazieh) ដែលមានសម្ព័ន្ធភាពជាមួយក្រុមឧទ្ទាមអារ៉ាប់-អ៊ីរ៉ង់ បានប្រកាសថា ការវាយប្រហារខាងលើជាទង្វើរបស់ពួកគេ។ ប្រទេសអ៊ីរ៉ង់កន្លងមកតែងតែចាត់ទុកថា ក្រុមសកម្មប្រយុទ្ធ Al-Ahvazieh គឺជាក្រុមភេរវករដែលទទួលបានការគាំទ្រពីអារ៉ាប៊ីសាអូឌីត ដែលជាសត្រូវរបស់អ៊ីរ៉ង់នេះតែម្តង។
គួរជម្រាបថា នាថ្ងៃសោរ៍សប្តាហ៍នេះ អ៊ីរ៉ង់បានប្រារព្ធពិធីព្យុហយាត្រាយោធា នៅតាមទីក្រុងរួមទាំងរដ្ឋធានីតេហេរ៉ង់ ដើម្បីរំលឹកពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូសបន្លាយពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨។ ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយជនដៃដល់ ០៤នាក់ ក្នុងនោះ ០២នាក់ ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ភ្លាមៗ និង០២នាក់ទៀតត្រូវបានចាប់ឃាត់ខ្លួន៕