(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធនានារបស់អាមេរិកនៅក្នុងតំបន់ (មជ្ឈិមបូព៌ា) គឺជាអ្នកទទួលខុសត្រូវ ចំពោះការបាញ់រះទៅលើក្បួនព្យុហយាត្រាយោធាក្នុងទីក្រុង អាវ៉ាស (Ahvaz) ភាគខាងលិចអ៊ីរ៉ង់ ដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និងជាង៣០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
លោក ហ្សារីហ្វ បានថ្លែងនៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «អ៊ីរ៉ង់កំពុងតែទាមទារឲ្យអ្នកស្ថិតនៅពីក្រោយការបង្កអំពើភេរវកម្មនេះ ចេញមុខមកទទួលខុសត្រូវ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងឡាយនោះហើយ គឺជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហាររបៀបៗនេះ...។ អ៊ីរ៉ង់នឹងឆ្លើយតបទៅវិញដោយរហ័ស និងម៉ឺងម៉ាត់បំផុតក្នុងន័យការពារជីវិតប្រជាជនអ៊ីរ៉ង់»។
គួរជម្រាបថា នាថ្ងៃសោរ៍សប្តាហ៍នេះ អ៊ីរ៉ង់បានប្រារព្ធពិធីព្យុហយាត្រាយោធា នៅតាមទីក្រុងរួមទាំងរដ្ឋធានីតេហេរ៉ង់ ដើម្បីរំលឹកពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូសបន្លាយពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨។ ជាមួយគ្នានេះ មិនទាន់មានក្រុមណាមួយចេញមុខប្រកាសថា សកម្មភាពវាយប្រហារខាងលើ ជាទង្វើរបស់ខ្លួននៅឡើយទេ ប៉ុន្តែពីដំបូងឡើយអ៊ីរ៉ង់មានការសង្ស័យ ទៅលើក្រុមជ្រុលនិយមមួយចំនួនដូចជា អាវ៉ាស៊ីន (Ahwazi) និង តាគីហ្វីរី (Takifiri) ជាដើម៕