(តេហេរ៉ង់)៖ វីដេអូដ៏រន្ធត់ត្រូវបានបញ្ចេញហើយ ដោយក្នុងនោះមនុស្សសរុប ០៩នាក់បានបាត់បង់ជីវិត និងប្រមាណ ២០នាក់បានរងរបួស ក្រោយពីខ្មាន់កាំភ្លើងមួយក្រុម បានបើកការវាយប្រហារទៅលើពិធីព្យុហយាត្រាយោធា ដែលប្រារព្ធឡើងនៅឯទីក្រុង អាវ៉ាស (Ahvaz) ភាគខាងលិចនៃប្រទេសអ៊ីរ៉ង់ ក្នុងឱកាសទិវាខួបនៃចាប់ផ្តើមសង្គ្រាមជាមួយប្រទេសអ៊ីរ៉ាក់ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយជនដៃដល់ ០៤នាក់ ក្នុងនោះ ០២នាក់ ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ភ្លាមៗ និង០២នាក់ទៀតត្រូវបានចាប់ឃាត់ខ្លួន ហើយហេតុការណ៍ដ៏រន្ធត់នេះ បាន បណ្តាលឲ្យកងឆ្មាំការពារបដិវដ្តន៍អ៊ីរ៉ង់រហូតដល់០៩នាក់បានស្លាប់ ហើយក្នុងចំណោមអ្នករងរបួស ក៏មានជនស៊ីវិលដែលជាស្រ្តីនិងកុមារផងដែរ។
ជាមួយគ្នានេះ មិនទាន់មានក្រុមណាមួយចេញមុខប្រកាសថា សកម្មភាពវាយប្រហារខាងលើ ជាទង្វើរបស់ខ្លួននៅឡើយទេ ប៉ុន្តែមានការសង្ស័យទៅលើក្រុមជ្រុលនិយមមួយចំនួនដូចជា អាវ៉ាស៊ីន (Ahwazi) និង តាគីហ្វីរី (Takifiri) ជាដើម។
គួរជម្រាបថា នាថ្ងៃសោរ៍សប្តាហ៍នេះ អ៊ីរ៉ង់បានប្រារព្ធពិធីព្យុហយាត្រាយោធា នៅតាមទីក្រុងរួមទាំងរដ្ឋធានីតេហេរ៉ង់ ដើម្បីរំលឹកពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូសបន្លាយពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨៕