(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានព្រមានថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចាត់វិធានការក្តៅមួយចំនួនប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា នៅពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញសារព័ត៌មានអាមេរិក លោក Pompeo បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំគិតថាអ្នកនឹងឃើញក្នុងពេលប៉ុន្មានថ្ងៃទៀត នូវចំណាត់ការក្តៅមួយចំនួន ដែលនឹងបន្តបង្កើនការដាក់សម្ពាធទៅលើរដ្ឋាភិបាលវេណេស៊ុយអេឡា»។ លោកប្រមុខការទូតអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាខ្ពស់ ដើម្បីធានាថាប្រជាជនវេណេស៊ុយអេឡា នឹងទទួលបានឱកាសក្នុងការបញ្ចេញមតិ ក៏ដូចជាបង្ហាញការយល់ឃើញរបស់ពួកគេ ប៉ុន្តែលោក Pompeo មិនបានបង្ហើបថា អាមេរិកនឹងសម្រេចដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងរដ្ឋាភិបាលទីក្រុងការ៉ាកាស់ដែរ ឬយ៉ាងណានោះឡើយ។
គួរជម្រាបថា កន្លងទៅនេះសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប៉ុន្មានលើករួចមកហើយ ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា។ បើតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីដើមខែនេះរដ្ឋបាល លោក ដូណាល់ ត្រាំ បានលួចចរចាសម្ងាត់ ជាមួយក្រុមមន្រ្តីប្រឆាំងនៅក្នុងជួរយោធាវេណេស៊ុយអេឡាប៉ុន្មានលើក ដើម្បីពិគ្រោះអំពីផែនការរបស់ពួកគេ សំដៅរៀបចំរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។
សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ កាលពីខែសីហា ឆ្នាំ២០១៧ ធ្លាប់បាននិយាយថា លោកពុំច្រានចោលជម្រើស នៃការប្រើប្រាស់កម្លាំងទ័ពនៅវេណេស៊ុយអេឡាឡើយ ប្រសិនបើចាំបាច់ ខណៈរដ្ឋាភិបាលវេណេស៊ុយអេឡា បានចេញមុខរិះគន់ភ្លាមៗ ចំពោះការប្រកាសបែបនេះរបស់លោក ត្រាំ ថាជាការគំរាមកំហែងដល់សន្តិភាព និងជាការរំលោភលើ UN ច្បាប់អន្តរជាតិ ប៉ុន្តែទន្ទឹមគ្នានោះប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានបង្គាប់ឲ្យយោធាត្រៀមលក្ខណៈជាប់ជានិច្ច ដើម្បីទប់ទល់ ក្នុងករណីមានការឈ្លានពានពីសហរដ្ឋអាមេរិកផងដែរ៕