(តេហេរ៉ង់)៖ ខ្មាន់កាំភ្លើងមួយចំនួនបានបើកការបាញ់រះ ទៅលើក្បួនព្យុហយាត្រាយោធាអ៊ីរ៉ង់មួយ ដែលបានប្រារព្ធឡើងនៅទីក្រុង អាវ៉ាស (Ahvaz) នៃខេត្ត ឃូហ្សេស្ថាន (Khuzestan) ភាគខាងលិចប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ មនុស្សមួយចំនួនបានស្លាប់ (មិនទាន់មានតួលេខច្បាប់លាស់) និងយ៉ាងហោចណាស់ ២០នាក់បានទទួលរងរបួស។ ក្រុមខ្មាន់កាំភ្លើងបានលាក់ខ្លួននៅក្នុងសួនច្បារមួយ នៅក្បែរទីតាំងនៃការដង្ហែក្បួនព្យុហយាត្រាយោធា ហើយជនសង្ស័យទាំងនោះក៏ស្លៀកខោអាវជាយោធាថែមទៀត។ តាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ចេញផ្សាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម អាចស្ថិតនៅពីក្រោយការវាយប្រហារនេះ។
គួរបញ្ជាក់ថា ការបាញ់ប្រហារបានប្រព្រឹត្តទៅក្នុងរយៈពេល ១០នាទី ខណៈទាហានជាច្រើនរូបត្រូវបានសាក្សីនៅកន្លែងកើតហេតុអះអាងថា បានទទួលរងរបួស និងស្លាប់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ អ៊ីរ៉ង់កំពុងតែប្រារព្ធខួប នៃចាប់ផ្តើមសង្គ្រាមជាមួយប្រទេសអ៊ីរ៉ាក់ (កាលពីឆ្នាំ១៩៨០-១៩៨៨) ជាមួយនឹងការធ្វើព្យុហយាត្រាយោធា នៅតាមតំបន់សំខាន់ៗមួយចំនួនក្នុងប្រទេស៕