(ម៉ូស្គូ)៖ ខណៈសញ្ញាវិជ្ជមានបានបន្តកើតមានឡើងថែមទៀតនៅឧបទ្វីបកូរ៉េ ក្រោយជំនួបកំពូលលើកទីបីរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន អ្នកវិភាគស្ថានការណ៍នយោបាយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានបង្ហាញការយល់ឃើញរបស់ខ្លួនថា ប្រសិនបើសហរដ្ឋអាមេរិកនៅឲ្យឆ្ងាយពីការធ្វើសមយុទ្ធយោធាទាំងឡាយ ពោលគឺឈប់ធ្វើសកម្មភាពបង្កហេតុទាំងនេះទៀតនោះ ស្ថិរភាពនៅតំបន់អាស៊ីខាងកើត អាចនឹងរីកសាយភាយឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
មានការយល់ឃើញថា ប្រសិនបើយោធាអាមេរិកបញ្ឈប់លែងធ្វើសមយុទ្ធយោធា ដែលបង្កប់ដោយចេតនាបង្កហេតុតទៀតនោះ សន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីខាងកើត នឹងបន្តរីកសាយភាយយ៉ាងទូលំទូលាយ ប្រហែលជាអាចធ្វើឲ្យរុស្ស៊ី និងជប៉ុន ព្រមចុះសន្តិសញ្ញាសន្តិភាពជាមួយគ្នាថែមទៀតផង ហើយទន្ទឹមនឹងនោះលទ្ធផលវិជ្ជមាននេះ អាចនឹងផ្តល់ឱកាសឲ្យចិន និងតៃវ៉ាន់ អង្គុយដោះស្រាយភាពខ្វែងគំនិតគ្នាថែមទៀតផង។
គួរជម្រាបថា បើតាមកិច្ចព្រមព្រៀងរួមរវាងមេដឹកនាំកូរ៉េទាំងពីរ កូរ៉េខាងជើង បានគ្រោងនឹងកម្ទេចកន្លែងធ្វើតេស្តមីស៊ីលរបស់ខ្លួន នៅតំបន់ តុញខាន់រី (Tonchkhan-ri) ចោលទាំងស្រុង នៅចំពោះមុខការចុះសង្កេតពីសំណាក់ក្រុមជំនាញអន្តរជាតិ។ មើលទៅ លោក គីម ជុងអ៊ុន ហាក់កំពុងគោរពតាមពាក្យសន្យារបស់លោក ហើយប្រសិនបើសហរដ្ឋអាមេរិក បញ្ចេញសកម្មភាពឆ្លើយតបដែលសមគួរនោះ ទីក្រុងព្យុងយ៉ាងនឹងបន្តកម្ទេចមូលដ្ឋាននុយក្លេអ៊ែរនៅ យ៉ុងប្យុន (Yongbyon) ថែមទៀត ប៉ុន្តែប្រសិនបើអាមេរិកបដិសេធ ហើយពួកគេសម្រេចបន្តការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងឡើងវិញនោះ ស្ថានការណ៍អាចនឹងផុយស្រួយឡើងវិញ ហើយវាប្រហែលឈានទៅរកការផ្ទុះភាពតានតឹង សាជាថ្មីនៅឧបទ្វីបកូរ៉េ៕