(តូក្យូ)៖ ទីបំផុតយានអវកាសជប៉ុន Hayabusa-2 ដែលបានចំណាយពេលរាប់ឆ្នាំធ្វើដំណើរទៅកាន់អាចម៍ផ្កាយ Ryugu ដែលអាចគំរាមផែនដីនៅថ្ងៃមុខ កាលពីយប់មិញបានបញ្ជូនយានរ៉ូបូតពីរគ្រឿង ឲ្យចុះទៅលើមើលស្ថានការណ៍នៅទីនោះផ្ទាល់តែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
យានរ៉ូបូតទាំងពីរខាងលើមានឈ្មោះថា MINERVA-II1A និង MINERVA-II1B។ ភ្លាមៗក្រោយការទម្លាក់ពួកវា ក្រុមការងារបេសកកម្ម Hayabusa-2 បានឲ្យដឹងថា ខ្លួនបានភ្ជាប់ទំនាក់ទំនងជាមួយយានទាំងពីរ ប៉ុន្តែបានដាច់ការទាក់ទងទៅវិញនាព្រឹកនេះ។ យ៉ាងណាមិញ ក្រុមបេសកកម្មបានបញ្ជាក់ថា វាពុំមែនជារឿងគួរឲ្យព្រួយបារម្ភខ្លាំងឡើយ ព្រោះថាបញ្ហានេះអាចបណ្តាលមកពី ការធ្វើចលនារបស់អាចម៍ផ្កាយ Ryugu។
ដោយឡែក យើងក៏មិនអាចមានជំនឿជឿជាក់មួយភាគរយនោះដែរថា អ្វីៗគឺប្រសើរឡើងជាធម្មតា ដោយសារតែការបញ្ជូនយានទៅចុះចតលើអាចម៍ផ្កាយ ដែលស្ថិតនៅចម្ងាយ ៣០០លានគីឡូម៉ែត្រពីផែនដី ពុំមែនជារឿងងាយៗនោះឡើយ។
គួរជម្រាបថា លក្ខណៈពិសេសនៃយានរ៉ូបូតទាំងពីរគ្រឿងខាងលើ គឺវាមានលក្ខណៈមិនដូចយាន ដែលយើងធ្លាប់បានឃើញនៅលើភពអង្គារ៍កន្លងមកនេះឡើយ ដោយជំនួសឲ្យការប្រើប្រាស់កង់ដើម្បីចល័តខ្លួន យានជប៉ុន MINERVA-II1A និង MINERVA-II1B នឹងលោតពីកន្លែងមួយទៅកន្លែងមួយ នៅពេលពួកវាត្រូវការផ្លាស់ទី។ យានទាំងពីរនឹងរុញច្រានខ្លួនឡើងទៅលើកម្ពស់ប្រហែល ១៥ម៉ែត្រ មុនពេលទម្លាក់ខ្លួនដោយសន្សឹមៗចុះមកវិញ ដោយសារតែកម្លាំងទំនាញដ៏ខ្សោយរបស់ អាចម៍ផ្កាយ Ryugu។
យានបេសកកម្ម Hayabusa-2 ដែលមានតម្លៃ ១៥០លានដុល្លារ ត្រូវបានបាញ់បង្ហោះកាលពីចុងឆ្នាំ២០១៤ ហើយបានទៅដល់ Ryugu ជាអាចម៍ផ្កាយមានមុខកាត់ជិតមួយគីឡូម៉ែត្រ ដែលស្ថិតនៅគន្លងគោចរចន្លោះផែនដី និងភពអង្គារ កាលពីខែមិថុនា ឆ្នាំ២០១៨នេះ។ យានរ៉ូបូត MINERVA-II1A និង MINERVA-II1B មានទទឹងត្រឹម ១៨សង់ទីម៉ែត្រ និងកម្ពស់ ០៧សង់ទីម៉ែត្រ រួមជាមួយទម្ងន់ ១.១គីឡូក្រាមប៉ុណ្ណោះ។
ក្រៅពីយានទាំងពីរខាងលើនេះ នៅអំឡុងដើមខែក្រោយ យានមេ Hayabusa-2 ត្រូវគេកំណត់ថា នឹងទម្លាក់យានចុះចតមួយគ្រឿងដែលធំជាងនេះ មានឈ្មោះថា MASCOT ទៅកាន់ Ryugu ខណៈយានតូចចុងក្រោយមួយទៀត ឈ្មោះ MINERVA-II2 នឹងឆ្ពោះទៅកាន់អាចម៍ផ្កាយនោះនៅឆ្នាំក្រោយ។
ម៉្យាងវិញទៀត នៅឆ្នាំ២០១៩ Hayabusa-2 ក៏នឹងបញ្ជូនម៉ាស៊ីនមួយទៅបំបុកផ្ទៃរបស់អាចម៍ផ្កាយ Ryugu ផងដែរ ដើម្បីបង្កើតជារណ្តៅសម្រាប់ឲ្យយាននេះ ចុះទៅប្រមូលគំរូតាងនៅទីនោះផ្ទាល់តែម្តង ហើយគំរូតាងទាំងអស់នោះ នឹងត្រូវនាំយកមកកាន់ផែនដីវិញ នៅខែធ្នូ ឆ្នាំ២០២០ ប្រសិនបើអ្វីប្រព្រឹត្តទៅយ៉ាងរលូន តាមការគ្រោងទុកទាំងអស់៕