(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកកំពុងតែបញ្ចេញចង្កូមរបស់ខ្លួនកាន់តែខ្លាំង តាមរយៈការដាក់ទណ្ឌកម្មគ្រប់យ៉ាង ជាពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ចដ៏ពេញនិយម ទៅលើប្រទេសមិនរើសមុខនោះឡើយឲ្យតែខ្លួនគិតថា ប្រទេសទាំងនោះបាននិងកំពុងបំផ្លាញផលប្រយោជន៍របស់ខ្លួន តួយ៉ាងដូចជាអ្វីដែលបានកើតមានលើរុស្ស៊ី និងចិននេះឯង។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើយោធាចិន ជុំវិញការទិញយន្ដហោះចម្បាំង Su-35 និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដោយលើកហេតុផលថា ទង្វើនេះរំលោភបំពានលើច្បាប់ដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។
ជុំវិញបញ្ហាខាងលើនេះ អ្នកជំនាញជាន់ខ្ពស់មួយរូបនៃវិទ្យាស្ថាន Chongyang របស់សាកលវិទ្យាល័យ Renmin របស់ប្រទេសចិនឈ្មោះ John Ross បានបញ្ជាក់ប្រាប់វិទ្យុមួយរបស់រុស្ស៊ីថា ប្រទេសចិន និងរុស្ស៊ីគ្មានថ្ងៃទទួលយកនូវការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកបែបនោះឡើយ។ អ្នកជំនាញខាងលើបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្មដោយឥតប្រយ័ត្នប្រយែងរបស់សហរដ្ឋអាមេរិក មិនអាចយកឈ្នះនរណាបានឡើយ ទោះជារយៈពេលយូរយ៉ាងណាក៏ដោយ»។
គួរបញ្ជាក់ថា បើតាមការព្រមានពីអ្នកជំនាញខាងលើនេះ ប្រទេសចិន និងរុស្ស៊ី គឺជាប្រទេសមានឥទ្ធិពលខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងយោធានៅលើសកលលោក ដូច្នេះការមិនទទួលយកទណ្ឌកម្មពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យកើតមានបញ្ហាតានតឹងទៅដល់សកលលោកទាំងមូល ជាក់ជាមិនខានឡើយ៕