(ហាណូយ)៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ដែលជាមេដឹកនាំលំដាប់ទីពីរ បន្ទាប់ពីប្រធានបក្សកុម្មុយនិស្តវៀតណាម បានទទួលមរណភាពនាព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ដោយសារជំងឺបៀតបៀន ក្នុងវ័យ៦១ឆ្នាំ។
មរណភាពរបស់លោក Quang នៅតែមិនអាចបញ្ចៀសបាន ទោះបីជាមានការខិតខំប្រឹងប្រែងអស់សមត្ថភាពយ៉ាងណាក្តី ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជំនាញៗ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំប្រទេសក៏ដូចជាគណបក្ស។ បើតាមការបញ្ជាក់ពីរដ្ឋាភិបាលវៀតណាម លោក Quang បានទទួលមរណភាព នៅឯមន្ទីរយោធាមួយកន្លែង ក្នុងទីក្រុងហាណូយ ប៉ុន្តែពុំមានការរៀបរាប់លម្អិតពីអការៈជំងឺរបស់លោកឡើយ។
ដោយឡែក បើតាមសារព័ត៌មានរដ្ឋវៀតណាម VnExpress ដែលស្រង់សម្តីអតីតរដ្ឋមន្រ្តីសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកតាមដានស្ថានភាពជំងឺរបស់ថ្នាក់ដឹកនាំវៀតណាម លោក Nguyen Quoc Trieu បានឲ្យដឹងថា លោក Quang បានឆ្លងវីរុសដ៏កាចសាហាវម៉្យាង តាំងតែពីខែកក្កដា ឆ្នាំមុនមកម្ល៉េះ ហើយធ្លាប់បានធ្វើដំណើរទៅប្រទេសជប៉ុន០៦លើកមកហើយ ដើម្បីទទួលការព្យាបាល។ លោក Trieu បានបង្ហើបឲ្យដឹងទៀតថា លោក Quang បានសន្លប់ស្តូកស្តឹងរហូត នៅប៉ុន្មានម៉ោងក្រោយ បញ្ជូនទៅកាន់មន្ទីរពេទ្យយោធា១០៨ កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាទីដែលរូបលោកបានទទួលមរណភាព។
ខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបខ្លះ របស់ប្រធានាធិបតីវៀតណាមរូបនេះ៖
*ប្រធានាធិបតីទី៨នៃប្រទេសវៀតណាម៖ ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ (ថ្ងៃទទួលមរណភាព)
*សមាជិកនៃរដ្ឋសភា៖ ពីឆ្នាំ២០១១ រហូតដល់ ឆ្នាំ២០១៨
*រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ៖ ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១១ រហូតដល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦
*លេខានៃគណៈកម្មាធិការសន្តិសុខជាតិ៖ ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ រហូតដល់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦
*ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ខ្ពប់រាបកណ្តាល៖ ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១១ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦
*ថ្ងៃខែឆ្នាំកំណើត៖ ១២ តុលា ១៩៥៦
*បក្សនយោបាយ៖ គណបក្សកុម្មុយនិស្តវៀតណាម (ចាប់ពីឆ្នាំ១៩៨១)។
*ភរិយា៖ លោកស្រី Nguyen Thi Hien
ជីវិតពីកុមារភាព៖
លោក Tran Dai Quang មានទីកំណើតនៅខេត្ត Ninh Binh ដែលកាលពីសម័យនោះគេហៅថាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឬ វៀតណាមខាងជើង នៅពេលដែលប្រទេសនេះបានបែកជាពីរ។ ឪពុករបស់លោក គឺជាអ្នកនេសាទត្រីនៅតាមដងទន្លេ រីឯម្តាយវិញមានមុខរបរជាអ្នកលក់ផ្លែចេក។ លោក Quang មានបងប្អូនសរុបទាំងអស់០៦នាក់ ក្នុងនោះប្រុស០៤នាក់។ ក្រោយមកឪពុកលោកក៏បានបាត់បង់ជីវិត ហើយម្តាយរបស់លោក បានជួបទុក្ខលំបាកជាខ្លាំង ក្នុងការចិញ្ចឹមបីបាច់កូនៗទាំង០៦នាក់ ទើបបណ្តាលឲ្យលោក Quang ខិតខំជួយអ្នកម្តាយក្នុងការធ្វើស្រែ។ លោក Quang ត្រូវគេស្គាល់ថា ជាមនុស្សពូកែខិតខំតស៊ូ មានការតាំងចិត្តខ្ពស់ មានស្មារតីរឹងមាំ និងមានចិត្តត្រជាក់។
ការប្រឡូកនយោបាយ៖
លោក Tran Dai Quang បានចូលសិក្សានៅសាលាប៉ូលិសកាលពីឆ្នាំ១៩៧២ ហើយដល់ឆ្នាំ១៩៧៥ លោក Quang បានចាប់ផ្តើមបម្រើការនៅក្នុងស្ថាប័នរដ្ឋនៃប្រទេសវៀតណាមជាបន្តបន្ទាប់។ លោក Quang បានឡើងកាន់មុខតំណែងជា រដ្ឋមន្រ្តីសន្តិសុខសាធារណៈចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ និងជាអនុប្រធាននៃគណៈកម្មាធិការទប់ស្កាត់វីរុសនិងជំងឺអេដស៍ ពី២០១១ដល់២០១៤ ហើយលោក គឺជាសមាជិកនៅក្នុងគណៈកម្មាធិការនយោបាយដ៏មានឥទ្ធិពល Poliburo នៃបក្សកុម្មុយនិស្តវៀតណាម ដោយមានឋានៈក្រោមអគ្គលេខាធិការបក្សគឺលោក Nguyen Phu Trong តែម្នាក់ប៉ុណ្ណោះ។
លោក Tran Dai Quang បានចូលរួមក្នុងបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨០ និងបានក្លាយជាសមាជិកផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨១ ហើយដល់ឆ្នាំ១៩៩៧ លោកបានក្លាយជាសមាជិកនៃគណៈកម្មាធិការ Politburo នៃបក្សកុម្មុយនិស្តវៀតណាម និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមរបស់បក្ស។
កាលពីអំឡុងសមាជលើកទី១២នៃបក្សកុម្មុយនិស្តវៀតណាម នាខែមករា ឆ្នាំ២០១៦ លោក Tran Dai Quang ត្រូវបានលើកឲ្យធ្វើជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយត្រូវបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ដោយរដ្ឋសភានៃប្រទេសវៀតណាម។ នាថ្ងៃនោះលោក Quang បានឡើងកាន់តំណែងជំនួសលោក Truong Tan Sang និងបានស្នើឲ្យលោក Nguyen Xuan Phuc ធ្វើជាប្រមុខរដ្ឋាភិបាល ពោលគឺជានាយករដ្ឋមន្រ្តី។
គួរជម្រាបថា រយៈពេលជាងពីរឆ្នាំមកនេះ លោក Quang បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងចំណោមបីរូប នៃប្រទេសវៀតណាម ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិ មកកាន់ប្រទេសវៀតណាម និងបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសជាមិត្តរបស់វៀតណាមជាច្រើន ដែលជាការលើកស្ទួយមុខមាត់ប្រទេសអាស៊ានមួយនេះ នៅលើឆាកអន្តរជាតិ៕