(ប៉េកាំង)៖ ចិនបានទទូចឲ្យសហរដ្ឋអាមេរិក ដកចេញវិញជាបន្ទាន់នូវទណ្ឌកម្មថ្មីដែលបានដាក់មកលើប្រទេសចិន ជុំវិញកិច្ចសហប្រតិបត្តិការយោធារបស់ក្រុងប៉េកាំងជាមួយប្រទេសរុស្ស៊ី ហើយបើមិនដូច្នោះទេទីក្រុងវ៉ាស៊ីនតោន ច្បាស់ជានឹងត្រូវទទួលរង ការសងសឹកទៅវិញជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ការទទូចខាងលើត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang)។ លោក Geng បាននិយាយដូច្នេះថា «ចិនទទូចឲ្យភាគីអាមេរិកលុបលាងកំហុសរបស់ខ្លួនវិញជាបន្ទាន់ គឺដកទណ្ឌកម្មដែលខ្លួនបានដាក់មកលើចិនចេញវិញ ហើយបើមិនធ្វើតាមសំណើទេនោះ សហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខលទ្ធផលធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ»។
លោក Geng បានលើកឡើងថា ទណ្ឌកម្មថ្មីប្រឆាំងនឹងចិន ជុំវិញកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីនេះ គឺជាការបំពានទៅលើគោលការណ៍ នៃទំនាក់ទំនងអន្តរជាតិសុទ្ធសាធ ខណៈដែលកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ រួមបញ្ចូលទាំងវិស័យយោធា គឺពុំបានរំលោភលើច្បាប់អន្តរជាតិ ហើយគ្មានគោលដៅលើប្រទេសទីបីណាមួយឡើយ ដូច្នេះហើយទីក្រុងប៉េកាំងនឹងនៅតែបន្តពង្រឹងការសហការជាមួយទីក្រុងម៉ូស្គូដដែល ទោះបីជារងទណ្ឌកម្មពីអាមេរិកយ៉ាងណាក្តី។
គួរជម្រាបថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើយោធាចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញការទិញយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសពីរុស្ស៊ី ដោយលើកហេតុផងថា ទង្វើនេះរំលោភបំពានលើច្បាប់ដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦៕