(ឡុងដ៍)៖ ខណៈមានការលេចធ្លាយព័ត៌មានថា លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) អាចនឹងត្រូវបាត់បង់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស អ្នកវិភាគស្ថានការណ៍នៅតំបន់អឺរ៉ុបម្នាក់បានលើកឡើងថា លោកស្រី May ទំនងជាមានលទ្ធភាពត្រឹម ៥០ភាគរយប៉ុណ្ណោះ ដើម្បីបន្តដឹកនាំប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកវិភាគខាងលើគឺលោក យ៉ាននី កួតសូមីទីស (Yanni Koutsomitis) បាននិយាយថា ជោគវាសនារបស់លោកស្រី Theresa May អាចអាស្រ័យភាគច្រើនទៅលើថា តើលោកស្រី May នឹងទទួលបានការយោគយល់កម្រិតណាពីសំណាក់ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប (EU) សម្រាប់កិច្ចព្រមព្រៀង Brexit (ការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប)។
លោក Koutsomitis បានលើកឡើងថា ប្រសិនបើ EU នៅតែប្រកាន់ជំហររឹងមាំទាក់ទិននឹងដំណោះស្រាយ ជុំវិញបញ្ហាព្រំដែនអៀរឡង់ទេនោះលោកយល់ថា លោកស្រី May នឹងត្រូវជួបបញ្ហាធំនៅក្នុងគណបក្សអភិរក្សនិយមរបស់លោកស្រី ដោយហេតុថា មានសមាជិកសភាមួយចំនួន ពិតជាមិនពេញចិត្តនោះឡើយ ចំពោះអ្វីដែលលោកស្រី May កំពុងចរចាជាមួយសហភាពអឺរ៉ុប ដូច្នេះហើយលោកគិតថា លោកស្រី May មានលទ្ធភាព ៥០ភាគរយ ក្នុងការបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី សម្រាប់រយៈពេលប៉ុន្មានខែខាងមុខទៀត។
គួរជម្រាបថា បច្ចុប្បន្នចក្រភពអង់គ្លេស កំពុងព្យាយាមចរចាបង្កើតកិច្ចព្រមព្រៀង Brexit ជាមួយសហភាពអឺរ៉ុប ខណៈដែលខ្លួនមានគោលដៅថា នឹងដើរចេញឲ្យផុតពី EU នៅខែមីនា ឆ្នាំ២០១៩៕